ភ្នំពេញ ៖ ផ្ទះល្វែងជាន់ទី២ មួយកន្លែង ជាផ្ទះរបស់គ្រូទាយម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងវេលាទៀបភ្លឺ ខណៈដែលម្ចាស់មិននៅ (ចាក់សោចោល) បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយ ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញ ប្រើរថយន្តពន្លត់អគ្គិភ័យ បាញ់ទឹកពន្លត់ អស់៥រថយន្តទើបអាចគ្រប់ គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះល្វែងអត់លេខ តាមបណ្តោយផ្លូវបេតុង ភូមិស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺជាផ្ទះរបស់គ្រូទាយម្នាក់ ហើយ មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើ បានចាក់សោទុកចោល មិនមានអ្នកស្នាក់នៅខាងក្នុងនោះទេ។ លុះដល់វេលាកើតហេតុ មានប្រជាពលរដ្ឋដែលរស់នៅក្បែរ នោះ បានឃើញមានផ្សែងហុយចេញពីជាន់ទី២ នៃផ្ទះកើតហេតុ ដែលជាកន្លែងសម្រាប់តម្កល់អាសនៈរបស់ម្ចាស់ផ្ទះ។ រំពេចនោះ ស្រាប់តែមានលេចចេញ អណ្តាតភ្លើងឆាបឆេះអាសនៈ យ៉ាងសន្ធោសន្ធៅ។

បន្ទាប់ពីឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋក៏បានស្រែកឆោឡោ និងបានរាយការណ៍ទៅសមត្ថកិច្ច មូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយធ្វើអន្តរាគមន៍។បន្ទាប់មក មានសមត្ថកិច្ចមូលដ្ឋាន និង រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បានចុះមកដល់ ធ្វើការបាញ់ទឹក ពន្លត់ រហូតរលត់ជាស្ថាពរ ១០០ភាគរយ។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងប្រតិបត្តិការ នោះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៥ គ្រឿង បាញ់ទឹកអស់ទាំង៥គ្រឿង ដោយមិនបណ្តាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ តែ សម្ភារៈក្នុងផ្ទះកើតហេតុ ខូចខាតអស់ទាំងស្រុង។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការ ស្រាវជ្រាវ ៕

