គោរមងារ អគ្គមហាសេនា

0

ដោយ អាចារ្យថាំ

ជាទូទៅនៅក្នុងស្ថាប័នរដ្ឋ ដែលពីបុរាណហៅថា “ខ្ញុំរាជការ” តែងមានគោរមងារខុសៗគ្នា ទៅតាមឋានៈ បុណ្យស័ក្តិ មុខងារ។ បើមន្ត្រីថ្នាក់ណាចូលនិវត្តន៍ ឬទទួលមរណភាព ក៏មានមន្ត្រីថ្មីចូលមកកាន់តំណែង ទទួលយកគោរមងារពី​មន្ត្រីចាស់ នោះ មិនអាចផ្លាស់គោរមងារស្រេចតែចិត្តបានឡើយ។ យ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន “គោរមងារ អគ្គមហាសេនា” នៅពេលផ្ទេរតំណែងទៅឱ្យកូនប្រុសច្បង ច្បាស់ជាត្រូវប្រគល់គោរមងារ​ដ៏ឧតុង្គឧត្តមនោះ ទៅនាយករដ្ឋមន្ត្រី ថ្មី មិនខានឡើយ ដែល “នគរធំ” សូមគាស់កកាយពី “គោរមងារ អគ្គមហាសេនា” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

នៅកម្ពុជា មានតំណែងនាយករដ្ឋមន្ត្រី ខុសៗគ្នាទៅតាមសម័យកាល ដូចសម័យអង្គរ ហៅ “វ្រះកម្រតេងអញ” នៅ សម័យលង្វែក ឧដុង្គ ហៅ “សម្តេចចៅហ៊្វាទឡ្ហៈ” លុះចូលមកដល់រជ្ជកាលព្រះបាទនរោត្តម ក្រោមអាណាព្យាបាល​ភាពបារាំង ហៅ “អគ្គមហាសេនា” ប៉ុន្តែបើនាហ្មឺននោះឡើងផុតកាំ ក៏មានពាក្យ “សម្តេច” ពីមុខ ហើយបើឡើង​មិនទាន់ផុតកាំ ក៏នៅត្រឹម “អ្នកឧកញ៉ា”។

ឧទាហរណ៍នៅក្នុងរាជ្យព្រះបាទនរោត្តម មុនដំបូងឃើញ “អ្នកឧកញ៉ា អគ្គមហាសេនា ប្រាក់” ជាអធិបតីក្រុមចតុស្តម្ភ។ លុះដល់លោកជរា ធ្វើរាជការពុំកើត ក៏សុំលាឈប់ និងទទួលមរណភាពទៅ ទើបព្រះមហាក្សត្រ ដោយមានឯកភាពពី​រេស៊ីដង់ ស៊ុបពែរីយើរបារាំង ផងនោះ បានសម្រេចតែងតាំងយមរាជ អ៊ុំ ឱ្យឡើងជា “សម្តេចអគ្គមហាសេនា កុម្មង់ដឺរ (ជៀមមានដរ៉េ)” ដោយប្រើភាសាបារាំង ភ្ជាប់នឹងគោរមងារបុរាណ ដែលមានន័យថា សេនាធំបំផុត ឬធិបតិន្ទ។ សម្តេចអ៊ុំ ពាក់ស័ក្តិ១១ហ៊ូពាន់ ជាជីតាលោកអ៊ុំ ម៉ាណូរិន្ទ និងជាបុព្វការីសម្តេចហ្លួងម៉ែ។ សម្តេចអគ្គមហាសេនា អ៊ុំ ទទួលមរណភាព​ក្នុងជន្មាយុ ៨១ឆ្នាំ ទើប មានការតែងតាំង “អ្នកឧកញ៉ាអគ្គមហាសេនា ប៉ុក” ឱ្យកាន់តំណែងជាន់ខ្ពស់នេះ ដោយទទួលបន្ទុក​ជាឧកញ៉ាចក្រី មេទ័ពជើងគោកផង។ អ្នកឧកញ៉ា ប៉ុក មាននៅសល់ចៅទួតជាច្រើន បម្រើការក្នុងស្ថាប័នរដ្ឋសព្វថ្ងៃ ដោយអស់លោក លោកស្រីទាំងនោះ នៅរក្សាគោត្តនាម ប៉ុក មិនឱ្យដាច់ពូជ។ ក្រោយមកក៏មានការតែងតាំង “អ្នកឧកញ៉ា​អគ្គមហាសេនា ជួន” ឱ្យឡើងគ្រងតំណែង រហូតដល់ទទួលមរណភាព ដែលយើងដឹងហើយថា បញ្ញវន្តខ្មែរក្រហម​មួយចំនួន ដូចជាលោកជួន មុំ, ជួន ជឿន, ជួន ប្រសិទ្ធិ គឺជាចៅរបស់អគ្គមហាសេនា ជួន។

ចូលមកដល់សម័យសង្គមរាស្ត្រនិយម “គោរមងារអគ្គមហាសេនា” ត្រូវប្តូរមកជា “នាយករដ្ឋមន្ត្រី” ឡើងបន្តវេនគ្នា ចំណាំមុខមិនទាន់ ខ្លះបាន១ឆ្នាំ ខ្លះ២ឆ្នាំ ក៏មានការផ្លាស់ប្តូរ។ សម្តេចព្រះនរោត្តម សីហនុ ក៏ធ្លាប់ធ្វើនាយករដ្ឋមន្ត្រី ៦ដងឯណោះ នៅសម័យសង្គមរាស្ត្រនិយម រហូតដល់មានរដ្ឋប្រហារផ្ទុះឡើង។

របបប៉ុល ពត បានផ្លាស់ប្តូរទៅជា “រដ្ឋមន្ត្រីទី១” ខណៈដែលរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដូរទៅជា “ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី”។ ទោះយ៉ាងណា សម័យរាជាណាចក្រទី២នេះ បានយកគោរមងារបុរាណ គឺ “អគ្គមហាសេនា” មកប្រើ វិញ ដោយបន្ថែមគោរមងារ “សម្តេចអគ្គមហាសេនាបតីតេជោ” សម្រាប់ជូនសម្តេចហ៊ុន សែន។

ដូច្នេះគោរមងារដ៏ឧតុង្គឧត្តមនេះ សម្រាប់តែនាយករដ្ឋមន្ត្រី បើលោកលាឈប់ពីតំណែង ត្រូវអ្នកស្នងតំណែងទទួលបាន គោរមងារនេះជាបន្ត ប៉ុន្តែដូចអ្វីដែល “នគរធំ” បញ្ជាក់រួចហើយថា បើឡើងផុតកាំ ឬតស៊ូយូរអង្វែងក្នុងការបម្រើជាតិមាតុភូមិ “កម្រិតស្មើវីរបុរស” ទើបបានគោរមងារ “សម្តេចអគ្គមហាសេនា” តែបើឡើងមិនទាន់ផុតកាំ បានត្រឹម “អ្នកឧកញ៉ាអគ្គមហាសេនា” មិនខុសពី “សម្តេចអ៊ុំ” និង “អ្នកឧកញ៉ាប៉ុក” មានឋានៈជាអគ្គមហាសេនា ដូចគ្នា ប៉ុន្តែម្នាក់ជាសម្តេច ម្នាក់ជាឧកញ៉ា មិនទាន់ស្មើគ្នាទេ។

ចំពោះលោកហ៊ុន ម៉ាណែត ដែលឡើងស្នងតំណែងឪពុក នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នោះ ពិតណាស់ថា តំណែង “អគ្គមហាសេនា” ត្រូវបានដោយស្វ័យប្រវត្តិ ប៉ុន្តែមិនទាន់បាន “សម្តេច” ដូចឪពុកទេ លុះត្រាតែយូរឆ្នាំបន្តិចទៀត ទើប បាន។ ពីបុរាណឋានន្តរស័ក្តិអគ្គមហាសេនា ពាក់ស័ក្តិ១១ហ៊ូពាន់ (អាចស្មើនឹងនាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥) ប៉ុន្តែ នាយករដ្ឋមន្ត្រីវ័យក្មេង ហ៊ុន ម៉ាណែត ទើបពាក់ផ្កាយ៤ មិនទាន់បាន១ឆ្នាំផង ឃើញថា មិនអាចស្មើឪពុក។

“គោរមងារអគ្គមហាសេនា” កម្រយកបានណាស់ លុះត្រាតែមន្ត្រីនោះ បានឆ្លងកាត់ការបម្រើជាតិមាតុភូមិ រាប់សិបឆ្នាំ និងបានឆ្លងកាត់កាំថ្នាក់មន្ត្រី ក្នុងក្រុមចតុស្តម្ភ ផ្លាស់ចុះផ្លាស់ឡើង ដែលខ្លះទៀតធ្លាប់ធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត មាន បទពិសោធន៍ឆ្អែតឆ្អន់។

ជាក់ស្តែងសម្តេចហ៊ុន សែន ធ្លាប់កាន់តំណែងជាមេបញ្ជាការកងវរសេនាធំ បន្ទាប់មកឡើងជារដ្ឋមន្ត្រីក្រសួងការបរទេស ជាឧបនាយករដ្ឋមន្ត្រី រួចក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី មុននឹងឡើងដល់ “សម្តេចអគ្គមហាសេនាបតីតេជោ”។

ថ្ងៃ២២ សីហា ខាងមុខនេះ លោកហ៊ុន ម៉ាណែត អាចនឹងទទួលបានព្រះរាជក្រឹត្យពីព្រះករុណា ជាម្ចាស់ជីវិតលើត្បូង តែងតាំងក្នុងតំណែងជា “អគ្គមហាសេនា” តែពុំដឹងថា មានគោរមងារ “សម្តេច ឬអ្នកឧកញ៉ា” ពីមុខនោះទេ។ ដោយហេតុថា បច្ចុប្បន្នគោរមងារ ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ត្រូវប្រគល់ទៅឱ្យអ្នកមានស្តុកស្តម្ភ តាមជាន់ថ្នាក់ សរុបជិត១៣០០ នាក់ឯណោះ ដូច្នេះយើងពុំអាចដឹងថា តើគោរមងារ “អគ្គមហាសេនា” អាចយកពាក្យ “អ្នកឧកញ៉ា” មកដាក់ពីមុខបានឬទេ? បើសិនជាឥស្សរជន ឡើងស្នងតំណែងមិនទាន់ឡើង “សម្តេច”?

យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ថា នៅថ្ងៃ២២ សីហា ខាងមុខនេះ សម្តេច នឹងលាឈប់ពីនាយករដ្ឋមន្ត្រី និងត្រូវបានព្រះមហាក្សត្រ តែងតាំងជា “ប្រធានឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ” ដែលឋានៈនេះពីមុនគ្រប់គ្រង ដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ។ ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី ដែលពី បុរាណឋានៈនេះ ត្រូវថ្វាយទៅស្តេចដាក់រាជ្យ មានព្រះគោរមនាមថា “ព្រះឧភយោរាជ” សូម្បីតែសម្តេចព្រះនរោត្តម សីហនុ ដាក់រាជ្យថ្វាយព្រះវររាជបិតា នរោត្តម សុរាម្រិត ក៏ព្រះយុវក្សត្រដាក់រាជ្យនោះ នៅតួនាទីជា “សម្តេចព្រះឧភយុវរាជ” ដែល មានន័យថា “ស្តេចក្មេង ជាទីប្រឹក្សាព្រះមហាក្សត្រ”។

ទោះបីបច្ចុប្បន្ន ឈានតាមរបត់នយោបាយអន្តរជាតិ និងវិទ្យាសាស្ត្រជឿនលឿន ក៏នាហ្មឺនសព្វមុខមន្ត្រី គួរតែយក គោរមងារបុរាណ មកប្រើវិញ កុំឱ្យបាត់បង់ទំនៀមទម្លាប់។ យើងឃើញប្រើយ៉ាងទូលំទូលាយ នៅក្នុងអនុក្រឹត្យ ដាក់គោរមងារ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” ប៉ុន្តែសម្រាប់រដ្ឋមន្ត្រី តាមក្រសួងនីមួយៗ អត់ទាន់ឃើញយកតាមបុរាណ មកប្រើទេ ដូចជា “ឧកញ៉ាយមរាជ” សម្រាប់ហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាដើម ប៉ុន្តែ “សម្តេចចៅហ៊្វាវាំង គង់ សំអុល” បានទទួលគោរមងារបុរាណ មកប្រើល្អណាស់។

នៅប្រទេសថៃ ដែលកាន់ប្រពៃណីទំនៀមទម្លាប់ប្រហាក់ប្រហែលកម្ពុជា ដែរនោះ គេយកគោរមងារបុរាណ មកប្រើ ក្នុងការដាក់ថ្វាយព្រះនាមព្រះរាជវង្សានុវង្ស ក៏ដូចនាហ្មឺនធំៗ មិនបោះបង់ចោលទេ។

សរុបទៅ “គោរមងារអគ្គមហាសេនា” សម្រាប់តែប្រគល់ជូនឥស្សរជននយោបាយជាន់ខ្ពស់ បើឪពុកលាឈប់ ក៏កូនប្រុស ដែលស្នងតំណែង ត្រូវប្រើគោរមងារនេះ ដោយខានមិនបាន។ ចំណែកសម្តេចហ៊ុន សែន ដែលប្តូរតំណែងជា​ប្រធាន​ឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា អាចមានគោរមងារដែលមានស្រាប់នៅស្ថាប័ននោះ ប៉ុន្តែឋានៈ “ប្រធាន គណបក្ស” គ្មានគោរមងារជាភាសាបាលី នៅក្នុងប្រវត្តិសាស្ត្រទេ