Saturday, May 4, 2024
Homeនយោបាយឆ្កែព្រុស មនុស្សដើរ បក្សកាន់អំណាច ឆ្លើយតបក្រុម សម រង្ស៉ី បន្តចោទធ្វើឲ្យបាត់កោះត្រល់

ឆ្កែព្រុស មនុស្សដើរ បក្សកាន់អំណាច ឆ្លើយតបក្រុម សម រង្ស៉ី បន្តចោទធ្វើឲ្យបាត់កោះត្រល់

 ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រតិកម្មនឹងថ្នាក់ដឹកនាំអតីតបក្សប្រឆាំង (អតីតគណបក្ស សង្រ្គោះជាតិ) ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ងថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៉ី) ដែលនៅតែបន្តចោទសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា ថាបានធ្វើឲ្យបាត់បង់កោះត្រល់ ទៅប្រទេសវៀតណាម ។ អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់ថា កោះត្រល់ បានក្លាយជារបស់វៀតណាម តាំងពីមុនពេលដែលសម្ដេចហ៊ុន សែន ដឹកនាំប្រទេស មកម៉្លេះ ហើយការចោទប្រកាន់របស់ពួកប្រឆាំងនេះ លោកធ្លាប់បកស្រាយរួចច្រើនដងមកហើយ ក្នុងនាមអ្នកនាំ ពាក្យគណបក្សកាន់អំណាច ក៏ដូចមានការបំភ្លឺផ្ទាល់ពីសម្ដេចហ៊ុន សែន ផងដែរ ដូច្នេះសូមសាធារណជន កុំយក ការនិយាយចោទប្រកាន់ដែលគ្មានសីលធម៌ របស់ពួកប្រឆាំង ក្រុមទណ្ឌិតក្បត់ជាតិ សម រង្ស៉ី នេះ មកពិចារណា អី យើងគិតតែទៅមុខទៅ ដូចពាក្យថា «ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ“ ។

 សូមបញ្ជាក់ថា លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈ កម្មការកិច្ចការ ព្រំដែននិងអន្តោប្រវេសន៍ នៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងតាមគណនី និងទំព័របណ្តាញសង្គម របស់លោក នាពេលថ្មីៗនេះថា សម័យខ្មែរក្រហម កោះត្រល់ នៅជារបស់ខ្មែរ នៅឡើយ គឺកោះត្រល់ ទើបតែ បាត់បង់នៅឆ្នាំ១៩៨២ដែលសម្ដេចហ៊ុន សែន នៅជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិត កម្ពុជា បានស៊ីញេកាត់កោះត្រល់ ឲ្យទៅវៀតណាម តាមសន្ធិសញ្ញា «តំបន់ទឹកប្រវត្តិសាស្រ្ត» ឆ្នាំ១៩៨២ សម័យ យួនត្រួតត្រាកម្ពុជា។ លោកថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ បានធ្វើឲ្យសន្ធិសញ្ញាខុសច្បាប់ នាទសវត្ស ទី៨០ រស់ឡើងវិញ ទើបវៀតណាម ហ៊ានអភិវឌ្ឍន៍កោះត្រល់ទ្រង់ទ្រាយធំ បន្ទាប់ពីសម្ដេចហ៊ុន សែន ធ្វើសន្ធិ សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ជាមួយវៀតណាម ។

 បន្ថែមលើសំណេរ ក៏ដូចការបង្ហាញសេចក្តីថ្លែងការណ៍របស់អតីតបក្សប្រឆាំង និងឯកសារពាក់ព័ន្ធនានា តាម បណ្តាញសង្គមនោះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” បន្ថែម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ថា “បាទ! លិខិតរបស់លោកប្រេវីយេ អគ្គទេសាភិបាលបារាំង ប្រចាំនៅឥណ្ឌូចិន ឆ្នាំ១៩៣៩ ចំណុចខាងក្រោម គេបានបញ្ជាក់ហើយថា ការគ្រប់គ្រងទៅលើកោះត្រល់ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងប៉ូលិសតែ ប៉ុណ្ណោះឯង ចំណែកកោះហ្នឹង នៅរក្សាទុកដដែល។ មានន័យថា ជារបស់ខ្មែរ នៅតែជារបស់ខ្មែរ មិនបានកាត់ ឲ្យកូសាំងស៊ីន ឬឲ្យទៅវៀតណាម នោះទេ មិនដូចលោកហ៊ុន សែន ថា បារាំង ឬលោកប្រេវីយេ កាត់កោះត្រល់ ទៅឲ្យកូសាំងស៊ីន នៅឆ្នាំ១៩៣៩ នោះ មិនមែនជាការពិតនោះទេ ហើយបើតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) គឺគេកំណត់ដែនសមុទ្រប្រទេសមួយហ្នឹង មិនឲ្យលើសពី ១២ម៉ៃល៍ ។ ១២ម៉ៃល៍ហ្នឹង វាស្មើនឹង២២គីឡូម៉ែត្រ ហើយកោះត្រល់ ចេញពីឆ្នេរខេត្តកំពតយើង តែ១៥គីឡូម៉ែត្រនោះទេ ។ ដូច្នេះកោះត្រល់ ជារបស់កម្ពុជាយើង បើសិនយើងប្រើអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ។ ហើយហ្វីលីពីន មានជម្លោះនៅប្រជុំកោះស្ប៉ាកលី នៅតំបន់ថ្មប៉ប្រះទឹក ស្កាបូរូស ឆ្នាំ២០១៦ ហ្វីលីពីន ឈ្នះចិន នៅពេលដែលហ្វីលីពីន ប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ។ តុលាការអាជ្ញាកណ្ដាលអន្តរជាតិ កាត់ឲ្យហ្វីលីពីន ឈ្នះចិន ដោយសារអី? គេប្រើអនុសញ្ញាអង្គការ សហប្រជា ជាតិ ឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ UNCLOS ហ្នឹង ហើយគេប្រើតំបន់សេដ្ឋកិច្ចផ្ដាច់មុខ ។ តំបន់សេដ្ឋកិច្ចផ្ដាច់ មុខហ្នឹង គឺវាមានប្រវែង២០០ម៉ៃល៍ ពីឆ្នេរសមុទ្រ ពីបន្ទាត់មូលដ្ឋាន ។ អ៊ីចឹងហ្វីលីពីន នៅ១៤០ម៉ៃល៍ ពីតំបន់ថ្មប៉ ប្រះទឹកហ្នឹង ហើយចិន នៅដល់៦០ម៉ៃល៍ ។ ដូច្នេះតាមអនុសញ្ញាអង្គការសហប្រជាជាតិហ្នឹង ដែលគេប្រើតំបន់ សេដ្ឋកិច្ចផ្ដាច់មុខហ្នឹង ហ្វីលីពីន ឈ្នះចិន ហើយទី២ ដោយសារហ្វីលីពីន ធ្លាប់មានប្រវត្តិកាន់កាប់តំបន់ ថ្មប៉ប្រះ ទឹកហ្នឹង ដល់ចិន អត់ធ្លាប់មានប្រវត្តិកាន់កាប់ទេ ។ បើកម្ពុជា យើងមានប្រវត្តិគ្រប់គ្រងកោះត្រល់ ឯយួន អត់មាន ប្រវត្តិគ្រប់គ្រងកោះត្រល់ទេ ពីមុនមក ទើបតែថ្មីៗហ្នឹងទេ ។ អាហ្នឹងអ៊ីចឹងឯង ហើយយើងប្រើអនុសញ្ញាអង្គការ សហប្រជាជាតិ ឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ UNCLOS ហ្នឹង ហើយយើងប្រើលិខិតរបស់លោកប្រេវីយេ អគ្គទេសា ភិបាលបារាំង ប្រចាំនៅឥណ្ឌូចិន ឆ្នាំ១៩៣៩ ហើយឯកសារគតិយុត្តិដទៃទៀត ប្ដឹងទៅតុលាការអាជ្ញាកណ្ដាល អន្តរជាតិ ឬក៏ទៅតុលាការមជ្ឈិតកម្មអន្តរជាតិ ។ ពេលហ្នឹងប្រាកដជាកម្ពុជា យើងយកបានកោះត្រល់ មកវិញ ហើយ។ ប៉ុន្តែដល់លោកហ៊ុន សែន សព្វថ្ងៃនេះ គាត់ប្រើសន្ធិសញ្ញាឆ្នាំ១៩៨២ សម័យយួនត្រួតត្រាកម្ពុជា ដូចខ្ញុំ បង្ហោះក្នុងហ្វេសប៊ុកហ្នឹង ។ អ៊ីចឹងហើយបានធ្វើឲ្យបាត់កោះត្រល់ និងចង្កោមកោះក្រចកសេះ ហើយនិងដែន សមុទ្រខ្មែរយើង ៣០ ០០០គីឡូម៉ែត្រការ៉េ ដល់ឆ្នា១៩៩៧ ថៃ ចុះហត្ថលេខាជាមួយយួនហ្នឹង ទ្វេភាគី អត់មានកម្ពុជា ហ្នឹង តាមពិត ត្រូវមានកម្ពុជា វាធ្វើឲ្យបាន ៣០ ០០០គីឡូម៉ែត្រការ៉េទៀត“ ។

 លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ហើយយើងលុបចោលសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ ១៩៨២ ដែលលោកហ៊ុន សែន គាត់ស៊ីញេជាមួយលោកង្វៀង កូថាច់ ហ្នឹងចោល បានយើងអាចប្ដឹងទៅតុលាការ អាជ្ញាកណ្ដាលអន្តរជាតិ នៅទីក្រុងឡាអេ បាន ព្រោះអាសន្ធិសញ្ញាឆ្នាំ១៩៨២ ដែលលោកហ៊ុន សែន ស៊ីញេហ្នឹង គឺជាសន្ធិសញ្ញាខុសច្បាប់ ផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនិងផ្ទុយនឹងមាត្រា៥៥ នៃរដ្ឋធម្ម នុញ្ញ ដែលតម្រូវឲ្យលុបចោលសន្ធិសញ្ញាអស់ហ្នឹង នាទសវត្សរ៍ទី៨០ ហ្នឹង ហើយទាមទារកោះត្រល់ពីវៀត ណាម មកវិញ ដល់មានរដ្ឋាភិបាលដែលមិនជំពាក់គុណយួន ដូចរដ្ឋាភិបាលលោកហ៊ុន សែន សព្វថ្ងៃ អាហ្នឹងបានអាច ទាមទារកោះត្រល់ មកវិញបាន ហើយពេលហ្នឹង យើងអាចលុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ឆ្នាំ ២០១៩ ហ្នឹង ដែលប្រើសន្ធិសញ្ញាឆ្នាំ១៩៨៥ ជាពិសេសប្រើសន្ធិសញ្ញាឆ្នាំ១៩៨២ ហ្នឹង ដែលកាត់កោះត្រល់ ឲ្យយួន ហ្នឹង ហើយបន្ទាប់មកយើងនឹងប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យើងប្រើលិខិតរបស់លោក ប្រេវីយេ អគ្គទេសាភិបាលបារាំង ប្រចាំនៅឥណ្ឌូចិន ឆ្នាំ១៩៣៩ យើងប្រើអនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ ១៩៨២ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ហើយនិងឯកសារគតិយុត្តដទៃទៀត ហើយយើងប្រើឯកសារហ្នឹង គឺប្ដឹង ទៅតុលាកាអាជ្ញាកណ្ដាលអន្តរជាតិ ។ នៅពេលហ្នឹង ប្រាកដជាយើងឈ្នះក្ដី ដូចរឿងប្រាសាទព្រះវិហារ ឆ្នាំ ១៩៦២ ដែលសម្ដេចតា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ អ៊ីចឹង ហើយដូចដែលហ្វីលីពីន ឈ្នះចិន នៅតំបន់សមុទ្រចិនខាងត្បូង អ៊ីចឹងឯង ។ អាហ្នឹងដល់យើងមានអ្នកស្នេហាជាតិ មានរដ្ឋាភិបាល ស្នេហាជាតិ បានអាចធ្វើអ៊ីចឹងបាន បានអាចទាមទារកោះត្រល់ មកបាន“ ។

 ទោះបីជាយ៉ាងណា ឆ្លើយតបការលើកឡើង ចោទប្រកាន់របស់លោកអ៊ុំ សំអាន ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ថា “អាហ្នឹងគឺ ថាវាចេះតែនិយាយឲ្យតែបានទេ វាចេះរំបល់យក៍អីទេ ។ បើនិយាយនៅឯឆ្ងាយរាប់ម៉ឺនគីឡូ វាថាបាត់ប៉ុណ្ណេះ គីឡូម៉ែត្រការ៉េ បាត់ប៉ុណ្ណោះគីឡូម៉ែត្រការ៉េ កន្លែងនេះ កន្លែងនោះ ថាមាត់ទទេ ។ អាអ៊ុំ សំអាន ហ្នឹង វាចេះស្អី! អាហ្នឹងមានតែប៉ុណ្ណឹង អាហ្នឹងឲ្យដូចជាសម្ដីអសុរោះបន្តិចចុះ សូមអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ។ ដូច្នេះនិយាយឲ្យខ្លី រឿងគាត់បន្តចោទសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ធ្វើឲ្យបាត់បង់កោះត្រល់ របស់កម្ពុជា ទៅវៀតណាមនោះ ខ្ញុំធ្លាប់បកស្រាយច្រើនដងហើយ ដូចទៅនឹងសម្ដេចនាយករដ្ឋមន្រ្តីធ្លាប់បាន បញ្ជាក់នៅក្នុង សភារួចហើយ ខ្ញុំមិនចង់បញ្ជាក់ឡើងវិញទេ តែខ្ញុំគ្រាន់តែសុំចិត្តសាធារណជនកុំយកការនិយាយរបស់វា (អ៊ុំ សំអាន) ដែលគ្មានសីលធម៌ គ្មានការពិតហ្នឹងយកមកពិចារណា យើងគិតតែទៅមុខរបស់យើង ។ ដូច្នេះមាន ន័យថា ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ឲ្យតែដើរត្រង់ផ្លូវ “ ។

 គួររំឭកថា ករណីកោះត្រល់នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានចូលបំភ្លឺក្នុងរដ្ឋសភា ក៏ដូចជាធ្លាប់ បានថ្លែងជាសាធារណៈ បញ្ជាក់ថា កោះត្រល់ គឺបាត់តាំងពីឆ្នាំ១៩៣៩ មកម្ល៉េះ នៅពេលដែលកម្ពុជា នៅក្រោមអា ណានិគមបារាំង ហើយត្រូវបានលោក Previe (ប្រេវីយេ) ជនជាតិបារាំង ជាអ្នកគ្រប់គ្រងនៅតំបន់ឥណ្ឌូចិន បាន កាត់កោះនោះ ឲ្យវៀតណាម។ ការបាត់បង់កោះត្រល់ ដោយសារមូលហេតុ៣ធំៗ ទី១ គឺក្នុងឆ្នាំ១៩៣៩ កោះទាំង ឡាយដែលស្ថិតនៅស្តាំ ឬខាងត្បូងនៃខ្សែបន្ទាត់ Previe (ប្រេវីយេ) រាប់ទាំងកោះហ៊្វូគុក (កោះត្រល់) ផង ត្រូវ គ្រប់គ្រងបន្តដោយអាជ្ញាធរវៀតណាម (កូសាំងស៊ីន) ដែលកាលពីសម័យនោះ ត្រូវបានបារាំងហៅឈ្មោះថា ហ៊្វូ គុក រួចទៅហើយ។ មូលហេតុទី២ គឺក្នុងឆ្នាំ១៩៤៩ សភាបារាំង បានសម្រេចប្រគល់កូសាំស៊ីន ទៅឲ្យព្រះ ចៅបាវ ដាយ ហើយកាលនោះ ភាគីកម្ពុជា បានបោះឆ្នោតអនុបវាទ លើការសម្រេចនេះ ប៉ុន្តែកាលនោះ ប្រសិនបើ គណៈប្រតិភូកម្ពុជា ជារូបសម្ដេច មិនមែនបោះឆ្នោតអនុបវាទ សម្រាប់ប្រទេសខ្លួនឯងនោះទេ គួរណាស់តែបោះ ឆ្នោតប្រឆាំង បើទោះបីជាដឹងថា មិនមានប្រសិទ្ធភាពក៏ដោយ។ មូលហេតុទី៣ គឺនៅឆ្នាំ១៩៦៤ សម្តេចព្រះនរោ ត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានយកខ្សែ Previe (ប្រេវីយេ) ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើឲ្យអន្តរជាតិ និងប្រទេសសាមី ទទួលស្គាល់ព្រំដែនសមុទ្រ រវាងកម្ពុជា និងវៀតណាម។ ត្រង់ចំណុច នេះ បានបង្ហាញថា កម្ពុជា បោះបង់សិទ្ធិទាមទារកោះត្រល់ មកវិញហើយ ព្រោះដោយសារកោះត្រល់ ស្ថិតនៅ ខាងត្បូងនៃខ្សែ Previe (ប្រេវីយេ) ។ ដូច្នេះសម្ដេច សួរត្រលប់ទៅវិញថា ហេតុអ្វីបានជាត្រូវជេរ និងវាយប្រហារ មកលើរូបសម្ដេច ថាជាអ្នកធ្វើឲ្យបាត់បង់ទឹកដីបាត់កោះត្រល់ ទាំងរឿងដែលបានកើតឡើង គឺនៅពេលដែលរូប សម្ដេច មិនទាន់កើត និងមិនទាន់គ្រប់គ្រងរដ្ឋាភិបាល នៅឡើយផងនោះ?… ៕  កុលបុត្រ

RELATED ARTICLES