Thursday, November 6, 2025
Homeសន្ដិសុខសង្គមគូស្នេហ៍ចោរឆក់ ជាប់ខ្នោះទាំង២

គូស្នេហ៍ចោរឆក់ ជាប់ខ្នោះទាំង២

ភ្នំពេញ ៖ គូស្នេហ៍មួយគូ បានបែកគំនិតបបួលគ្នាធ្វើសកម្មភាពចេញឆក់លើកដំបូង លុះឃើញយុវតីម្នាក់កំពុង ជិះកង់ ដាក់ទូរស័ព្ទនៅក្នុងកន្ត្រកខាងមុខ ក៏ធ្វើសកម្មភាពឆក់បានសម្រេច តែរំពេចនោះ យុវតីរងគ្រោះបាន ស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ច ដេញចាប់ឃាត់ខ្លួនបានភ្លាមៗទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង  កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

គូស្នេហ៍ទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ខាងប្រុស មានឈ្មោះចក់ ពុធ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ មានលំនៅ បន្ទប់ជួល ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន)។ ចំណែកខាងស្រី មានឈ្មោះអ៊ុយ ស្រីម៉ុច ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ បន្ទប់ជួល សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក (មានសារធាតុញៀន)។ រីឯសម្ភារៈដកហូត រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1D-7921 (ម៉ូតូជិះធ្វើសកម្មភាព) និងទូរស័ព្ទ ចំនួន២គ្រឿង ១គ្រឿង ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ។ ចំណែកជនរងគ្រោះ មានឈ្មោះសាន ស្រី មាន អាយុ១៩ឆ្នាំ មានលំនៅ ផ្ទះលេខ៩៩ ក្រុមទី៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

លោកហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបាន ជិះកង់តាម បណ្តោយផ្លូវជាតិលេខ៥ ដោយបានទុកទូរស័ព្ទនៅក្នុងកន្ត្រកកង់ខាងមុខ លុះពេលជិះដល់ចំណុចក្រុមទី០៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ស្រាប់តែលេខមុខជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូ មកជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ដែលទុកនៅក្នុងកន្ត្រកកង់ បាន សម្រេចហើយ ក៏ជិះម៉ូតូរត់គេចខ្លួន។ ពេលនោះជនរងគ្រោះបានស្រែកថាចោរ!ៗ ធ្វើឱ្យកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ដែលកំពុងតែល្បាតនៅក្បែរនោះ ប្រទះឃើញ ក៏ប្រដេញចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង នៅចំណុចផ្លូវបេតុង ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រួចក៏នាំ យកមកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាម នីតិវិធី៕

RELATED ARTICLES