យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែសីហា ឆ្នាំ ២០២៣ បានអោយដឹងថាក្លឹប Paris SG បានយល់ព្រមលើកិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទៅឱ្យក្លឹប Al-Hilal របស់លីកបាល់ទាត់អារ៉ាប់ប៊ីសាអ៊ូឌីត១៧៥លានដុល្លារជាមួយនឹងកុងត្រារយៈពេល២ឆ្នាំ។
ព័ត៌មាននៃកិច្ចព្រមព្រៀង Neymar កើតឡើងត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះបន្ទាប់ពី Kylian Mbappe របស់ PSG ត្រូវបានបញ្ចូលទៅក្នុងក្រុមដំបូងវិញបន្ទាប់ពីការពិភាក្សាជាវិជ្ជមានជាមួយក្លឹប។
តាមសេចក្តីរាយការណ៍ខាងលើបានឲ្យដឹងទៀតថាNeymar នឹងទទួលបានប្រាក់ឈ្នួលជាង១៦៤លានដុល្លារក្នុងមួយឆ្នាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្មើនឹងប្រាំមួយដងនៃចំនួនប្រាក់ឈ្នួលដែលគាត់រកបាននៅ Paris SG ។នៅជាមួយParis SG កីឡាករសញ្ជាតិប្រេស៊ីលរកបានលុយប្រហែលជាង២៧លានដុល្លារក្នុងមួយឆ្នាំ។កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួន១៧៣ប្រកួតឱ្យ PSG ដោយបានជួយក្លឹបឈ្នះពានរង្វាន់ចំនួន ១៣ រួមទាំងពានរង្វាន់បារាំង D1 ចំនួន 5 ដង ក៏ដូចជាការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌយូហ្វាឆេមពានលីកឆ្នាំ ២០២០ ។
ទោះជាយ៉ាងណាក្តី ពេលវេលារបស់គាត់នៅរដ្ឋធានីបារាំងក៏ត្រូវបានរារាំងដោយរបួសកជើងមួយចំនួនផងដែរ។អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះបានទទួលការវះកាត់កាលពីខែមីនា ដែលបណ្តាលឱ្យគាត់ខកខានការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះហើយគាត់បានចូលហ្វឹកហាត់ឡើងវិញក្នុងខែកក្កដាប៉ុណ្ណោះ។គាត់បានខកខានការប្រកួតពីរលើករបស់ប្រេស៊ីលនៅWorld Cup 2022 បន្ទាប់ពីរងរបួសក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេ៕