Saturday, May 4, 2024
Homeព័ត៌មានសិល្បៈអាណូ ប៉ងសម្លាប់ខ្លួន៤ដង មិនស្លាប់ សន្យាឈប់គិតខ្លី បំភ្លេចអតីតកាលឈឺចាប់

អាណូ ប៉ងសម្លាប់ខ្លួន៤ដង មិនស្លាប់ សន្យាឈប់គិតខ្លី បំភ្លេចអតីតកាលឈឺចាប់

ភ្នំពេញ ៖ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាងសួន ភក្តី ហៅវីជេអាណូ ដែលបានទម្លាយថា ខ្លួនធ្លាប់ប៉ុនប៉ង ធ្វើអត្តឃាត បីបួនដងមកហើយ និងចុងក្រោយ បានយកកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នោះ បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះ បានរួចរស់ជីវិតមកនាង បានសន្យាថា ឈប់គិតខ្លីបែបនេះទៀតហើយ គឺនាងនឹងព្យាយាមបំភ្លេចរឿងអតីតកាលឈឺចាប់ ប្រឹងក្រោក ឈរជាថ្មី ដើម្បីរកស៊ីចិញ្ចឹមកូន និងម្តាយចាស់បន្តទៀត។

លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដែលបានទៅសួរសុខទុក្ខអាណូ ដល់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ពេលនេះស្ថានភាពផ្លូវកាយរបស់អាណូ គឺស្ថិតក្នុងការតាមដានបន្តរបស់ក្រុមវេជ្ជ បណ្ឌិត ព្រោះអាណូ បានចាក់ខ្លួនឯង ២កាំបិត របួសមួយកន្លែងជ្រៅ របួសមួយកន្លែងទៀត រាងមិនសូវជ្រៅ ប៉ុន្តែដោយនាងជំងឺផ្លូវចិត្ត ទើបលោកស្រីមិនហ៊ាននិយាយអ្វីច្រើនទេ គ្រាន់តែជជែកជាមួយនាងតាមវិធី សាស្ត្រលួងលោមលើកទឹកចិត្ត ហើយពេលនេះអាណូ បានសន្យាជាមួយលោកស្រីហើយថា មិនធ្វើបែប នេះទៀតទេ  នាងនឹងដើរចេញពីអតីតកាលដែលឈឺចាប់ មករស់ក្នុងបច្ចប្បន្នបន្តទៀត

លោកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ថា «​ខ្ញុំបានមកសួរសុខទុក្ខប្អូនស្រី Vj Ano និងបានជូនថវិកា ចំនួន 200$ ក្នុងការជួយ សម្រួលថ្លៃព្យាបាលគាត់ ។

 ពេលនេះស្ថានភាពផ្លូវកាយ គឺស្ថិតក្នុវការតាមដានបន្តទៀត (គាត់ចាក់ខ្លួនឯង ២កាំបិត របួសមួយជ្រៅ របួស មួយកន្លែងទៀតរាងមិនសូវជ្រៅ) ប៉ុន្តែជំងឺផ្លូវចិត្ត គឺខ្ញុំមិនហ៊ាននិយាយអ្វីទេ គ្រាន់តែខ្ញុំជជែកជាមួយគាត់តាម វិធីសាស្ត្ររបស់ខ្ញុំ គឺពេលនេះគាត់បានសន្យាជាមួយខ្ញុំហើយថា មិនធ្វើបែបនេះទៀតទេ  គាត់នឹងដើរចេញ ពីអតីតកាលដែលឈឺចាប់ គឺ គាត់និងរស់ក្នុងបច្ចុប្បន្ន»។

លោកស្រី ចន ច័ន្ទលក្ខិណា បន្តថា «សូមបងប្អូនសិល្បៈ និងអ្នកដែលស្គាល់គាត់ ជួយជាថវិកាដល់រូបគាត់ផង ព្រោះថ្លៃព្យាបាល គឺត្រូវចំណាយច្រើនណាស់។ កន្លងមកគាត់មានបន្ទុកច្រើន ត្រូវចិញ្ចឹមម្តាយ ជួយប្អូនៗរៀន ជាពិសេសពេលនេះគាត់ត្រូវប្រឹងរកលុយដើម្បីព្យាបាលជំងឺកូនស្រីរបស់គាត់ ដែលត្រូវបន្តការតាមដានជារៀង រាល់ខែ ដែលជាកង្វល់ដ៏ខ្លាំងបំផុតសម្រាប់គាត់ ដែលបណ្តាលឲ្យគាត់អស់សង្ឃឹមក្នុងការរស់ នៅលើពិភព លោកនេះទៀត។ សូមបងប្អូនជួយគាត់ផង តាមរយះអាខោននាងខ្ញុំផ្ទាល់ 006677799 . Chanlakhena Chorn នាងខ្ញុំសូមអរគុណបងប្អូនទុកជាមុន»។

 នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកស្រី ចន ច័ន្ទលក្ខិណា បានឲ្យដឹងថា មកដល់ពេលនេះ លោកស្រី បានទទួលការបរិច្ចាកទឹកប្រាក់របស់បងប្អូនសប្បុរសជន សម្រាប់ជួយសម្រាលបន្ទុកថ្លៃព្យាបាល អាណូ ចំនួន ២១៦១ដុល្លារអាមេរិក ហើយលោកស្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ជ្រះថ្លា របស់បងប្អូន ជនរួមជាតិ និងអ្នកសិល្បៈទាំងអស់ ចំពោះអាណូ។

  ចំណែកអ្នកនាង ឌួង ហ្សូរីដា អតីតពិធីការិនី ក្នុងនាមអ្នកសិល្បៈដូចគ្នា បានសម្តែងនូវក្តីអាណិត និងសូមផ្តល់ កម្លាំងចិត្តឲ្យអាណូ ក្រោកឈរឡើង តស៊ូដើម្បីកូននិងខ្លួនឯង ដោយបំភ្លេចអតីតកាលឈឺចាប់ចោលឲ្យអស់ ។

អ្នកនាង ឌួង ហ្សូរីដា បានបញ្ជាក់តាមគណនីហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា «ក្នុងនាម អ្នកសិល្បៈដូចគ្នា មានតែពាក្យថា អាណិតគាត់ ហើយសូមផ្តល់កម្លាំងចិត្តឲ្យគាត់ក្រោកឈរឡើង តស៊ូដើម្បីកូន និងខ្លួនឯង អតីតកាលឈឺចាប់ សូមបំភ្លេចចោល ហើយត្រូវចាំថា យើងទាំងអស់គ្នាជាអ្នកសិល្បៈនិងមហាជន នឹងនៅតែផ្តល់ជាកម្លាំងចិត្តឲ្យអ្នកក្រោកឈរឡើង ហើយក្នុងនាមខ្ញុំជាស្រ្តីបង្គោលគ្រួសារម្នាក់ ពិតជាមានមោទ នភាពដែលឃើញអ្នកប្រឹងប្រែងណាស់ជាមួយមុខរបរលក់ម្ហូប ប៉ុន្មានឆ្នាំនេះ អ្នកតស៊ូដល់កម្រិតហើយ ហើយ ត្រឹមពាក្យមនុស្សអគតិមួយចំនួន មករិះគន់អ្នក រឿងអីត្រូវស្តាប់គេ ហើយមកធ្វើបាបខ្លួនឯង? ក្រោកឈរឡើង អ្នកមិនឯកាទេ អ្នកនៅមានពួកយើង និងមហាជនជាច្រើន អាណិត ស្រឡាញ់ គាំទ្រអ្នក»។

អ្នកនាងឌួង ហ្សូរីដា បន្តថា «សូមបងប្អូនសិល្បៈ និងអ្នកដែលស្គាល់ ឬមិនស្គាល់គាត់ ជួយជាថវិកាដល់រូបគាត់ ផង ព្រោះថ្លៃព្យាបាល គឺត្រូវចំណាយច្រើនណាស់។ កន្លងមកគាត់មានបន្ទុកច្រើន ត្រូវចិញ្ចឹមម្តាយ ជួយប្អូនៗ រៀន ជាពិសេសពេលនេះគាត់ត្រូវប្រឹងរកលុយ ដើម្បីព្យាបាលជំងឺកូនស្រីរបស់គាត់ ដែលត្រូវបន្តការតាមដាន ជារៀងរាល់ខែ ដែលជាកង្វល់ដ៏ខ្លាំងបំផុតសម្រាប់គាត់ ដែលបណ្តាលឲ្យគាត់អស់សង្ឃឹម ក្នុងការរស់នៅលើ ពិភពលោកនេះទៀត»។

សូមរំឭកថា នៅរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ អតីតពិធីការិនីល្បីឈ្មោះ អ្នកនាង សួន ភក្តី ហៅវីជេ អាណូ ដែលបាត់មុខពីសិល្បៈជាយូរឆ្នាំមកហើយរូបនេះ បានចេញមកធ្វើឱ្យមហាជនមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) តាមគណនីបណ្តាញសង្គម ហ្វេសប៊ុកទួញយំ ផ្តាំផ្ញើប្អូនឱ្យជួយមើលកូនរបស់នាងផង បន្ទាប់មក បានទាញកាំបិតចុងស្រួច ចាក់ពោះខ្លួនឯង បំណងសម្លាប់ខ្លួន ដោយមូលហេតុត្រូវបាននាងបញ្ជាក់តាមរយៈវីដេអូឡាយនោះថា មកពីតូចចិត្តរឿងគេប្រមាថចោទថានាង ចេះតែធ្វើសំផឹង និងយកប្តីគេ។

នៅយប់នោះ អាណូ បានធ្វើការឡាយវីដេអូ ចំនួន២លើក ជាបន្តបន្ទាប់ តាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញ ពីអារម្មណ៍ខូចចិត្ត ស្តីបន្ទោសខ្លួនឯងថាជាមនុស្សមិនល្អ មិនសមជាម្តាយរបស់កូនៗ ចង់ចេញរកការងារធ្វើ ដើម្បីចិញ្ចឹមកូន បែរជាគេមិនទទួល និងត្រូវគេប្រមាថថា នាងចេះតែធ្វើសំផឹង និងយកប្តីគេ ជាហេតុធ្វើ ឱ្យនាង ខូចចិត្ត ក៏ផ្តែផ្តាំឱ្យប្អូនរបស់នាងជួយមើលថែកូនស្រីនាងទាំងពីរផង រួចនាងបានទាញកាំបិតចុងស្រួចសស្ងាច ចាក់ពោះខ្លួនឯង ប៉ុនប៉ងសម្លាប់ខ្លួន បណ្តាលឱ្យរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះ បន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ៕ ខៀវទុំ

RELATED ARTICLES