Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេកឱបប្រពន្ធគេ ប្តីមកទាន់ ត្រូវ៤ដៃ

ដេកឱបប្រពន្ធគេ ប្តីមកទាន់ ត្រូវ៤ដៃ

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង ១គូ បានចាប់ដៃគ្នារួមរស់ជាប្តីប្រពន្ធ ដោយមិនបានរៀបការ ឬសែនព្រេនអ្វីទេ លុះក្រោយបង្កើតបានកូន១ ស្រាប់តែជួបរឿងរកាំរកូស មិនចុះសម្រុងនឹងគ្នា ចេះតែមានជម្លោះជាញឹកញាប់ រហូតដល់ខាងប្រុស បានចាកចេញទៅស្រុកកំណើត មួយរយៈ ដោយទុកឱ្យប្រពន្ធនៅបន្ទប់ជួលតែម្នាក់ឯង លុះ១០ថ្ងៃក្រោយមក បុរសជាប្តីត្រឡប់មករកប្រពន្ធវិញ បែរជាប្រទះឃើញប្រពន្ធដេកឱបប្រុសនៅក្នុងបន្ទប់ ធ្វើឱ្យបុរសជាប្តីទប់កំហឹងមិនជាប់ ក៏ស្ទុះដាល់បុរសដែលលួចស៊ីចុកប្រពន្ធគេ ចំនួន៤ដៃ ជាការព្រមាន។

រឿងរ៉ាវស្នេហាត្រីកោណ បុរសជាប្តី តាមទាន់ប្រពន្ធកំពុងដេកឱបប្រុសក្នុងបន្ទប់នេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងបុរីសែន មនោរម្យ ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

បុរសជាប្តីដែលតាមទាន់ប្រពន្ធដេកឱបប្រុសនោះ មានឈ្មោះជិន រក្សា អាយុ២៥ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ និងមានស្រុកកំណើតនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីជាប្រពន្ធ មាន ឈ្មោះ ស.អ អាយុ២៥ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ និងមានស្រុក កំណើតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកបុរសដែលលួចទាក់ទងស៊ីចុកប្រពន្ធគេ ត្រូវប្តីគេតាម ទាន់ មានឈ្មោះកុយ សាមេន អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ងប្តីប្រពន្ធខាងលើ មិនបានរៀបការ ឬសែនព្រេនអ្វីទេ ប៉ុន្តែបាន រួមរស់នឹងគ្នាដូចប្តីប្រពន្ធ រហូតបង្កើតបានកូនម្នាក់ជាចំណងនិស្ស័យទៀតផង។ ក្រោយមក ប្តីប្រពន្ធទាំងពីរ ចាប់ផ្តើមជួបរឿងរកាំរកូស រហូតបុរសជាប្តីបានចុះចោលប្រពន្ធ ត្រឡប់ទៅស្រុកកំណើត មួយរយៈ ដោយ ទុកឱ្យប្រពន្ធស្នាក់នៅបន្ទប់ជួលតែម្នាក់ឯង។ ស្រាប់តែរយៈពេល ១០ថ្ងៃក្រោយមក គឺនៅវេលាទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តី បានវិលត្រឡប់មករកប្រពន្ធរបស់ខ្លួនវិញ ស្រាប់តែពេលបើកទ្វារបន្ទប់ចូល ប្រទះឃើញប្រពន្ធរបស់ខ្លួនកំពុងដេកឱបប្រុសស្នេហ៍ថ្មី ទើបធ្វើឱ្យបុរសជាប្តី ផ្ទុះកំហឹង ស្ទុះទៅដាល់ប្រុស ដែលលួចស៊ីប្រពន្ធខ្លួន ចំនួន៤ដៃ បង្កការភ្ញាក់ផ្អើលតែម្តង។

តាមប្រភពពីបុរសជាប្តី បានឱ្យដឹងថា ពួកគាត់បានរួមរស់ជាប្តីប្រពន្ធ មានទាំងកូនប្រុសម្នាក់អាយុ១១ខែហើយ ប៉ុន្តែការរស់នៅជាមួយប្រពន្ធ មួយរយៈចុងក្រោយនេះ មិនចុះសម្រុងគ្នា ឈ្លោះប្រកែកពាក្យសម្តីគ្នាខាង ប្រពន្ធទាមទាររកតែលែងលះរហូត។ លុះរយៈពេលប្រមាណជាង១០ថ្ងៃមុននេះ ពួកខ្លួនបានទាស់ពាក្យសម្តីគ្នា ហើយខ្លួនក៏ធ្វើដំណើរទៅស្រុក ស្រាប់តែនៅវេលាទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ខ្លួនបានវិលមកវិញស្រាប់តែ ប្រទះឃើញប្រពន្ធដេកឱបប្រុសក្មេងទៅវិញ ។

ចំណែកភាគីស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ការរស់នៅជាប្តីប្រពន្ធ ក្រោយពីបានកូនមួយជាចំណងស្នេហ៍រួច មួយរយៈចុងក្រោយនេះ ប្តីនាងចេះតែខឹង ចុះចោលនាង ហើយលើកចុងក្រោយនេះ ប្តីចុះចោលទៅបាត់ អស់រយៈពេលជាង ១០ថ្ងៃហើយ ទោះព្យាយាមហៅមកវិញ និយាយគ្នា ក៏ប្តីមិនមក ទើបនៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នាងបានហៅយុវជនខាងលើ មកស្នាក់អាស្រ័យជាមួយនាងតែម្តង។

ដោយឡែក ភាគីបុរសជាជនទី៣ បានរៀបរាប់ប្រាប់ថា ខ្លួនបានស្គាល់ស្ត្រីខាងលើ តាមរយៈហ្វេសប៊ុក គិត មកដល់ពេលនេះ មានរយៈពេលជាង ៣ខែមកហើយ ហើយស្ត្រីខាងលើ បានប្រាប់ខ្លួនថា នាងជាស្ត្រីម៉េម៉ាយ មានកូនប្រុស១ និងបានលែងលះគ្នាជាមួយប្តីដាច់ស្រេចហើយ មានទាំងក្រដាសស្នាមបញ្ជាក់ត្រឹមត្រូវទៀតផង ទើបធ្វើឱ្យខ្លួនដាក់ចិត្តសុំស្រឡាញ់ រហូតដល់ខាងស្រីហៅមកជួបដល់បន្ទប់ រួមរ័កគ្នាបានម្តងដែរ ស្រាប់តែព្រឹក ឡើង លេចមុខ បុរសម្នាក់ មកអះអាងថាជាប្តីរបស់នាង មកដល់ ប្រើហិង្សា ដាល់រូបគេចំនួន៤ដៃតែម្តង។

បុរសជាជនទី៣ បានអះអាងថា មុនទាក់ទងស្នេហាជាមួយនារីខាងលើ គឺរូបគេបានសួរ បញ្ជាក់នាងច្បាស់ ណាស់ថា តើពិតជាលែងលះប្តីដាច់ស្រេចមែនទេ? មានក្រដាសស្នាមត្រឹមត្រូវទេ? នាងឆ្លើយថា លែងដាច់ ស្រេចហើយ ក្រដាសស្នាមក៏មានដែរ ស្រាប់តែពេលណាត់ជួបគ្នា រួមស្នេហ៍ បែរជាលេចមុខបុរសជាប្តីនាង មកវ៉ៃរូបគេតែម្តង។ បុរសដដែល បន្តថា បើដឹងថាខាងស្រីមានប្តី ឬលែងលះប្តីមិនទាន់ដាច់ស្រេច ក៏រូបគេមិន ថ្លើមធំហ៊ានមកដេកឱបប្រពន្ធគេដែរ។

ក្រោយកើតហេតុ ភាគីប្តីប្រពន្ធខាងលើ បានយល់ព្រមឯកភាពគ្នាសម្រេចទៅស្រុកកំណើត ដើម្បីដោះស្រាយ លែងលះគ្នា ចំពោះមុខអាជ្ញាធរ ឱ្យដាច់ស្រឡះតែម្តង។ ចំណែកភាគីបុរសជាជនទី៣ ក៏បានវិលទៅផ្ទះវិញ ទាំងអារម្មណ៍ភ័យបុកពោះ៕

RELATED ARTICLES