បាត់ដំបង ៖ ក្មេងស្ទាវមួយក្រុម ដែលបានជួលបន្ទប់ស្នាក់នៅជុំគ្នា បានបែកគំនិតធ្វើសកម្មភាព លួចថតរូបភាព និងវីដេអូ ពេលនារី១ក្រុមដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា ចូលទៅងូតទឹកស្រាតនៅក្នុងបន្ទប់ទឹក លុះក្រោយ ពីថតវីដេអូឃ្លីបបានហើយ ក្រុមជនសង្ស័យ មិនត្រឹមតែយកមកចែកគ្នាមើលប៉ុណ្ណោះទេ ថែមទាំងចែកចាយ ដល់អ្នកផ្សេងទៀត ព្រមទាំងបង្ហោះចូលបណ្តាញសង្គមទៀត ទីបំផុតនារីរងគ្រោះដាក់ពាក្យបណ្តឹងក៏ត្រូវសមត្ថ កិច្ចជំនាញ ស្រាវជ្រាវចាប់ក្របួចជាប់ សរុបចំនួន៨នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចថតវីដេអូនារីងូតទឹកស្រាត ចែកគ្នាមើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿន ភារម្យ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅស្រុកភ្នំព្រឹក។ ទី២-ឈ្មោះង៉ូវ ហុង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅស្រុកភ្នំព្រឹក។ ទី៣-ឈ្មោះតែម សុខរិន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅស្រុកភ្នំព្រឹក។ ទី៤-ឈ្មោះសាយ សៀកម៉េង ភេទប្រុសអាយុ១៥ឆ្នាំ រស់ នៅស្រុកភ្នំព្រឹក។ ទី៥-ឈ្មោះគាត ណារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅស្រុកភ្នំព្រឹក។ ទី៦-ឈ្មោះជឿន មករា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិផ្លូវ៦ ឃុំតាក្រី ស្រុកកំរៀង។ ទី៧-ឈ្មោះផាន វុធថា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅស្រុកកំរៀង។ និងទី៨-ឈ្មោះពឿន សុវណ្ណដា ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅស្រុកភ្នំព្រឹក។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាន និងដោយបានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមយុវជនមួយក្រុម មានគ្នាចំនួន៨នាក់ ពាក់ព័ន្ធក្នុងករណី ផលិតរូបភាពអាសអាភាស (លួចថតនារីរងគ្រោះ) និងចែកចាយជាសាធារណៈក្នុងបណ្តាញសង្គម។
លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា កាលពីវេលាម៉ោង ៦និង៣០នាទី ព្រលប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ស្ថិតភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានការភ្ញាក់ ផ្អើលមួយបន្ទាប់ពីនារីជាជនរងគ្រោះ ដែលបាន ជួលបន្ទប់ស្នាក់នៅរួមគ្នា ចំនួន៥នាក់ ដើម្បីរៀនសូត្រ ក្នុងមូល ដ្ឋានខាងលើ បានប្រទះឃើញរូបភាពអាក្រាតកាយរបស់ពួកខ្លួនត្រូវបានចែកចាយក្នុងបណ្តាញសង្គម ដែលរូប ភាពទាំងនេះ គឺត្រូវបានគេលួចថតជាឃ្លីបវីដេអូ ក្នុងពេលដែលជនរងគ្រោះកំពុងងូតទឹក ក្នុងបន្ទប់ទឹកនៃបន្ទប់ ជួលស្នាក់នៅរបស់ខ្លួន។

តាមរយៈរូបភាពបែបនេះ ជនរងគ្រោះបានផ្តល់ព័ត៌មានដល់អាណាព្យាបាលរបស់ខ្លួន និងបានដាក់ពាក្យ បណ្តឹងមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ដើម្បីស្រាវជ្រាវជាបន្ទាន់ ហើយសមត្ថកិច្ចនគរបាលបានឈាន ដល់ការឃាត់ខ្លួនក្រុមក្មេងៗខាងលើ ក្នុងរឿងជាក់ស្តែងដែលពួកគេជាអ្នកជួលបន្ទប់ ស្នាក់នៅជាប់គ្នាជាមួយ បន្ទប់របស់ជនរងគ្រោះ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងស្ទាវទាំងនេះ បានឆ្លើយសារភាពថា ពួកខ្លួនបានយកទូរស័ព្ទដៃ លួចថត ជាឃ្លីបវីដេអូ ខណៈដែលនារីរងគ្រោះចូលទៅងូតទឹក ក្នុងបន្ទប់ទឹកជាប់គ្នា ដែលមានការធ្លុះធ្លាយ (មើលឃើញ) ហើយពេលថតបាន ក៏យករូបភាពនេះទៅមើលផង និងចែកចាយដល់អ្នកផ្សេងមើលជាការកម្សាន្តផង។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការពិនិត្យក្នុងទូរស័ព្ទរបស់ពួកគេ ក៏រកឃើញឃ្លីបវីដេអូអាក្រាតរបស់ជនរងគ្រោះ ចំនួន ១៩វីដេអូឃ្លីបឯណោះ។
ក្រុមជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី។
ជុំវិញករណីខាងលើនេះ ក៏ជាមេរៀនសម្រាប់មហាជនទូទៅ ដែលគប្បីពិនិត្យមើលចំពោះទីតាំងស្នាក់នៅ ឬទី កន្លែងមួយចំនួន ដូចជា បន្ទប់ទឹកដែលប្រើប្រាស់ប្រចាំថ្ងៃជាដើម ចៀសវាងនូវករណីធ្វេសប្រហែសណាមួយ ដែលនាំឱ្យជនកំហូចលួចធ្វើសកម្មភាពបែបនេះបាន៕