Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងលួចកាច់អំពៅ ១ដើម ម្ចាស់ទាន់ វ៉ៃសន្លប់

ក្មេងលួចកាច់អំពៅ ១ដើម ម្ចាស់ទាន់ វ៉ៃសន្លប់

ព្រៃវែង ៖ ក្មេងប្រុស វ័យ១៣ឆ្នាំម្នាក់ បានទទួលរងការវាយដំរហូតដល់សន្លប់ និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ បន្ទាប់ពីក្មេងប្រុសនេះ បានលួចកាច់អំពៅ ១ដើម មកស៊ី ស្រាប់តែត្រូវម្ចាស់ចម្ការឃើញ ចាប់វាយរហូត ដល់សន្លប់តែម្តង។ យ៉ាងណា ករណីនេះ ត្រូវបានលោកស្នងការនគរបាលខេត្តព្រៃវែង អះអាងថា កំពុងចុះ ស៊ើបអង្កេតហើយ។

ករណីហិង្សាលើក្មេងប្រុសលួចកាច់អំពៅនេះ ត្រូវបានប្រភពព័ត៌មានអះអាងថា បានកើតឡើង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិដូង ឃុំបាបោង ស្រុកពាមរក៍។

ក្មេងប្រុសរងគ្រោះ មានឈ្មោះជឿន ជន អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកម្ចាស់ចម្ការ ដែលរងការចោទប្រកាន់ថា បានវាយក្មេងប្រុសរងគ្រោះ មានឈ្មោះ វាសនា មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមសម្តីក្មេងរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយ គេនិងក្មេងប្រុសម្នាក់ទៀត បានទៅដើរលេងនៅក្បែរចម្ការ អំពៅនោះ ហើយស្រេកទឹក ឃើញអំពៅ ក៏ចូលទៅកាច់មួយដើម ដើម្បីហូបបំបាត់ស្រេកទឹក ស្រាប់តែពេលនោះ ម្ចាស់ចម្ការមកទាន់ ក៏ចាប់វ៉ៃនឹងអំពៅ វ៉ៃបាក់អស់អស់អំពៅមួយដើម ក៏កាច់អំពៅមួយដើមទៀត វ៉ៃរហូតសន្លប់។ ចំណែកក្មេងម្នាក់ទៀត បានរត់ទៅប្រាប់ឪពុកក្មេងរងគ្រោះ ក៏បញ្ជូនក្មេងរងគ្រោះ ទៅកាន់មន្ទីពេទ្យភ្លាម។តាមប្រភពថា គ្រួសារក្មេងរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន សូមអំពាវនាវដល់សមត្ថកិច្ច ជាពិសេសលោកអភិបាលខេត្ត និងលោកស្នងការខេត្ត មេត្តាជួយរកយុត្តិធម៌ដល់ក្មេងរងគ្រោះផង។ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ប្រាប់ថា លោកកំពុងឱ្យសមត្ថកិច្ចជំនាញ ចុះអង្កេតស្រាវជ្រាវ ករណីនេះហើយ។

យ៉ាងណា ជុំវិញករណីប្រើអំពើហិង្សាទៅលើក្មេងប្រុសលួចកាច់អំពៅ ១ដើម ខាងលើនេះ នៅមិនទាន់មានការ បំភ្លឺពីភាគីជាម្ចាស់ចម្ការអំពៅ នៅឡើយ៕

RELATED ARTICLES