Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិញឡានថ្មី បើកទៅស្រោចទឹក ក្រឡាប់ស្លាប់

ទិញឡានថ្មី បើកទៅស្រោចទឹក ក្រឡាប់ស្លាប់

ឧត្តរមានជ័យ ៖ ក្រុមគ្រួសារមួយ ទើបនឹងទិញរថយន្តថ្មី ១គ្រឿង ក៏នាំគ្នាបើកនិងជិះយកទៅស្រោចទឹក សុំលាភជ័យ សេចក្តីសុខ ស្រាប់តែមិនទាន់ទៅដល់គោលដៅផង បែរជារេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ទាំងកំរោល បណ្តាលឱ្យអ្នកបើកបររថយន្ត ស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរ ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបាន ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្ត រងការខូចខាតទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៩នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរបេង ស្ថិតក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។រថយន្តដែលក្រឡាប់ ម៉ាក Toyota RAV-4 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-7509។ ចំណែកអ្នកបើក បរដែលបាត់បង់ជីវិត និងអ្នករួមដំណើរ ២នាក់ទៀត ដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងខាងលើ បានបើកបោះពួយយ៉ាងលឿនស្លេវ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្ត បានរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ទាំងកំរោលតែម្តង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ដឹកបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោកអធិការស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ប្រាប់កាល ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ប្រាកដមែន ដោយរថយន្ត ខាងលើ ទើបតែទិញថ្មី ហើយដឹកក្រុមគ្រួសារ បំណងទៅស្រោចទឹក សុំសេចក្តីសុខ តែមិនទាន់ដល់គោលដៅ ផង ក៏ជួបគ្រោះថ្នាក់ក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឱ្យស្លាប់ម្នាក់ រងរបួស២នាក់ បែបនេះតែម្តង៕

RELATED ARTICLES