Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីស្អាតបន្លំលួចចិញ្ចៀន ម្ចាស់គេទាន់

ស្រីស្អាតបន្លំលួចចិញ្ចៀន ម្ចាស់គេទាន់

ភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ បានធ្វើសកម្មភាពបន្លំលួចចិញ្ចៀនប្លាទីន ១វង់ នៅតូបលក់គ្រឿងអលង្ការ មួយកន្លែង ក្នុងផ្សារសាមគ្គី តែភ្លាមៗនោះត្រូវបានស្ត្រីជាម្ចាស់តូប ឃើញទាន់ ក៏ចាប់ក្របួចជាប់ ប្រគល់ឱ្យ សមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បាន ឃាត់ខ្លួនយុវតីម្នាក់ ពីបទលួច (បន្លំលួចចិញ្ចៀនប្លាទីន ១វង់) ដែលប្រព្រឹត្តនៅចំណុចតូបលក់គ្រឿងអលង្ការ តូបលេខ 54A ក្នុងផ្សារសាមគ្គី ផ្លូវលេខ២៤៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

យុវតីដែលបន្លំលួចគ្រឿងអលង្ការ និងត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ មានឈ្មោះសេង ហ្គិចលី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅប្លុកបូរីកីឡា ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ុល សុខគីម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ នៅតូបលេខ 54A ក្នុងផ្សារសាមគ្គី ស្នាក់នៅផ្ទះ លេខ២៧០ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនយុវតីសង្ស័យបាន សមត្ថកិច្ចបានដករហូតបានវត្ថុតាង រួមមាន ១-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Samsung Galaxy A54 ពណ៌ទឹកសណ្តែក (ជារបស់ជនសង្ស័យប្រើប្រាស់ ផ្ទាល់ខ្លួន) និង២-ចិញ្ចៀនប្លាទីន ១វង់ មានតម្លៃ ៥៥០ដុល្លារ (ជារបស់ជនរងគ្រោះឈ្មោះម៉ុល សុខគីម)។ជុំវិញករណីខាងលើនេះ ជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែប្រគល់ជនសង្ស័យមកឱ្យសមត្ថ កិច្ចចាត់ការតាមច្បាប់ប៉ុណ្ណោះ។

ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES