ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីត ប្រធាននៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា គោរមងារ “ឧកញ៉ា” ដែល បានពីការទិញដោយលុយ បានធ្វើឲ្យប៉ះពាល់ដល់គោរមងារ មុខមាត់ប្រទេសជាតិ និងភាពថ្លៃថ្នូរនៅក្នុង សង្គម ក៏ដូចពាក់ព័ន្ធទៅដល់ប្រព័ន្ធយុត្តិធម៌ផងដែរ ព្រោះបុគ្គលដែលទទួលបានគោរមងារឧកញ៉ា ដោយមិនបាន កសាងស្នាដៃ និងគុណបំណាច់បម្រើ កសាង និងការពាជាតិ សម្បូរតែជនបោកប្រាស់ប្រជាពលរដ្ឋ និងបំផ្លាញ ជាតិ ។
លោកមុត ចន្ថា ជំនួយការលោកកឹម សុខា និងជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណ បក្ស សង្រ្គោះជាតិ បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា «ការផ្តល់គោរមងារ “ឧកញ៉ា” ដោយការទិញដោយលុយ មិនមែនដោយសារស្នាដៃ និងគុណបំណាច់បម្រើ កសាង និងការពាជាតិ គឺតែងតែ សម្បូរទៅដោយឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ និងបំផ្លាញជាតិ។ ដូច្នេះសូមពិចារណាអំពីលក្ខខណ្ឌ ឱ្យបាន ច្បាស់លាស់ និងហ្មត់ចត់ផង នៅមុនពេលសម្រេចស្នើនិងផ្តល់គោរមងារឧកញ៉ា ចៀសវាងអ្នកស្នើក៏ខុស និង អ្នកផ្តល់ក៏ខុស» ។
ជាមួយគ្នានោះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអតីតសមាជិក គណៈ កម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ថា ឧកញ៉ាសព្វថ្ងៃ មិនដូចពីដើមទេ គឺពីដើម មុននឹងបានងារជាឧកញ៉ា ត្រូវតែបុគ្គលនោះមានបុគ្គលិក លក្ខណៈ ល្អ ក្នុងសង្គម ហើយបានជួយសង្គម ក្នុងការកសាងប្រទេសជាតិ ។ ប៉ុន្តែសព្វថ្ងៃ ដើម្បីបានងារជាឧកញ៉ា គឺយក លុយmទៅទិញ ហើយភាគច្រើនបុគ្គលដែលយកលុយទៅទិញងារជាឧកញ៉ានោះ មិនមែនជាមនុស្ស មានបាន ពីដើមទេ គឺខ្ចីលុយគេយកទៅទិញងារជាឧកញ៉ា ដើម្បីយកមករកស៊ីក្នុងផ្លូវទុច្ចរិត ដូចជាបោកប្រាស់ប្រជាពលរដ្ឋ លក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ ជាដើម ។ ដូច្នេះឧកញ៉ាប្រភេទនេះគ្រោះថ្នាក់ចំពោះជាតិ និងប្រជាជនខ្លាំងណាស់ ដែលលោកសូមផ្ដល់យោបល់ថា មុននឹងផ្ដល់ដល់អ្នកណាមួយនូវងារជាឧកញ៉ា ត្រូវសិក្សាពីជីវប្រវត្តិ និងប្រាក់ ចំណូលរបស់បុគ្គលនោះ ឲ្យបានច្បាស់លាស់ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ទិដ្ឋភាពបែបហ្នឹង យើងត្រូវសិក្សាពីសង្គមរបស់យើង ហើយជា បុគ្គលិកលក្ខណៈរបស់ឧកញ៉ា យ៉ាងដូចម្ដេច បានពួកអស់ហ្នឹងឡើងជាឧកញ៉ា? ដើម្បីបានជាឧកញ៉ា យើងត្រូវ យកលុយទៅទិញងារ មិនដូចពីដើមទេ មុនសម័យ១៩៧៥ គឺមុននឹងបានជាឧកញ៉ា ត្រូវតែបុគ្គលនោះមាន បុគ្គលិកលក្ខណៈល្អក្នុងសង្គម ហើយបានជួយសង្គម ក្នុងការកសាងប្រទេសជាតិ ។ ជួយសង្គម ដូចជាធ្វើថ្នល់ ធ្វើស្ពាន ព្រលានយន្តហោះ អីជាដើម ហើយបានគេឡើងងារជាឧកញ៉ា មិនមែនយកលុយទៅទិញងារឧកញ៉ាទេ ។ សព្វថ្ងៃនេះ មិនយ៉ាងដូច្នេះទេ គឺដើម្បីបានងារជាឧកញ៉ា គឺយកលុយទៅទិញងារ ហើយយើងមើល បុគ្គលិក លក្ខណៈពួកអស់ហ្នឹងដែលមានលុយទៅទិញងារជាឧកញ៉ា មិនមែនជាមនុស្សមានបានពីដើមទេ គឺមានភាព ក្រីក្រ ក៏ប៉ុន្តែគេឆ្លៀតឱកាសខ្ចីលុយគេ យកទៅទិញងារបានជាឧកញ៉ា ដើម្បីបានងារជាឧកញ៉ាហ្នឹង ក្នុងការរក ស៊ីរបស់គេ ។ កាលណាគេបានងារឧកញ៉ាហ្នឹង គេចំណាយលុយទៅទិញងារ ម៉្លោះហើយគេត្រូវរកចំណូល ហ្នឹងសងលុយទៅទិញងារអស់ហ្នឹង ។ ហេតុនេះហើយដើម្បីរកចំណូលអស់ហ្នឹង គឺមានតែម្យ៉ាងទេ មិនមែន សុចរិតយុត្តិធម៌ទេ គឺដោយភាពទុច្ចរិត ។ ភាពទុច្ចរិត ដូចសព្វថ្ងៃនេះ គឺដើរបោកប្រជាពលរដ្ឋសព្វបែបយ៉ាង ទី១ ។ ទី២ ដើរកាប់ព្រៃឈើគ្រប់កន្លែង ដោយអាជ្ញាធរគេបិទភ្នែក គេគប់គិតគ្នា ដើម្បីឲ្យអ្នកឧកញ៉ានេះ ឈរឈ្មោះ ជាអ្នកប្រព្រឹត្តខុសច្បាប់ ហើយអ្នកដែលមានអំណាច គេនៅពីក្រោយ ដើម្បីទាញផលចំណេញ ការប្រព្រឹត្តិអំពើ អបាយមុខ អំពើទុច្ចរិតអស់នេះ ។ ហេតុនេះពួកឧកញ៉ាសព្វថ្ងៃនេះ ខ្ញុំយល់ថា ភាគច្រើនជាពួកទុច្ចរិត ដែលបំ ផ្លាញសង្គមយើង ដើរបោកប្រាស់ប្រជាពលរដ្ឋ និងប្រព្រឹត្តអំពើទុច្ចរិត“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “យើងឃើញជាក់ស្ដែងហើយ ឥឡូវនេះ គេចាប់ឧកញ៉ា បីបួន នាក់ (ឧកញ៉ាជា សារ៉ុន អ្នកឧកញ៉ាហ៊ី គឹមហុង…) ។ នៅឧកញ៉ាផ្សេងទៀត ដែលគេមានខ្នង ក៏ប៉ុន្តែគេមិនទាន់ ទទួលរងគ្រោះ ដោយសារគេមានខ្នង ដែលមានលក់ដី លក់បុរី លក់អី អត់មានជាប់អីទាំងអស់ ហេតុអីក៏អាជ្ញា ធរមិនរករឿងពួកនេះ? ទៅរករឿងតែពួកខ្លះ? តាមមើល ពួកខ្លះហ្នឹងគ្នាគ្មានខ្នង វាអស់លុយនឹងសូកតទៅទៀត ម៉្លោះហើយគេយល់ថា ពួកអស់នេះនៅតទៅទៀតអត់បានការទេ ហេតុដូច្នេះបានគេចាត់វិធានការ ដើម្បីលើក ប្រជាប្រិយរបស់គេបន្តិច ប៉ុន្តែការពិតមានឧកញ៉ាជាច្រើនទៀត ដែលបោកប្រាស់ប្រជាពលរដ្ឋ និងប្រព្រឹត្តអំ ពើទុច្ចរិត ។ ក្នុងន័យនេះ ករណីដែលមានឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ រឿងដីធ្លីនេះ គឺទំនងជាអាជ្ញាធរគប់ គិតនឹងឧកញ៉ាទុច្ចរិតទាំងអស់នោះ ដើម្បីធ្វើអំពើទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ កេងចំណេញប្រជាពលរដ្ឋ យកទៅចែកគ្នា“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តទៀតថា “ចំពោះការទទួលខុសត្រូវនៅក្នុងរឿងនេះ ដូចនៅស្រុក ខ្មែរយើងមានហើយ មានក្រសួងយុត្តិធម៌ មានអយ្យការ មានតុលាការ ត្រូវតែអយ្យការហ្នឹង គឺព្រះរាជអាជ្ញា ធ្វើការស៊ើបអង្កេតសកម្មភាពរបស់ឧកញ៉ា ដើម្បីនឹងចាត់វិធានការតាមផ្លូវច្បាប់ ។ ហេតុដូច្នេះខ្ញុំសង្ឃឹមថា តុលាការ ក្រសួងយុត្តិធម៌ នឹងរៀបចំយ៉ាងដូចម្ដេច ដើម្បីចៀសវាងប្រជាពលរដ្ឋទទួលរងគ្រោះ ។ ជាពិសេស ខ្ញុំសួរទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអនុញាតឲ្យពួកឧកញ៉ានេះ រកស៊ីសង់បុរី រកស៊ីលក់បុរី រកស៊ីលក់ដី តើមានបានសួរបញ្ជាក់ច្បាស់លាស់ទេថា មានអ្នកណាធានារ៉ាប់រងពីក្រោយ ដាក់ទុនផ្ដាច់មុខរបស់ពួក ឧកញ៉ា នេះ? តាមមើល ដូចអត់មានអ្នកណាទទួលខុសត្រូវទេ ។ ហេតុនេះហើយ ការដែលក្រសួងយុត្តិធម៌ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យអាជ្ញាប័ណ្ណពួកនេះរកស៊ី គឺអត់មានស្របច្បាប់នោះទេ ព្រោះតាមធម្មតា កាលណាគេ ឲ្យអាជ្ញាប័ណ្ណរកស៊ី ទៅឧកញ៉ា ឬទៅក្រុមហ៊ុនណាមួយ ត្រូវតែក្រុមហ៊ុនហ្នឹង ឬមួយឧកញ៉ាហ្នឹង ទទួលខុសត្រូវ នៅពេលមានបញ្ហា ប៉ុន្តែសព្វថ្ងៃនេះ អត់មានអង្គការអី អត់មានធនាគារអីទទួលខុសត្រូវពី រឿងក្ស័យធន របស់ ពួកឧកញ៉ាលក់ដី លក់ផ្ទះ លក់បុរីទេ“ ។
លោកលិម គិមយ៉ា បានមានប្រសាសន៍បន្ថែមថា “ចំណុចត្រង់ហ្នឹង យើងត្រូវធ្វើការពិនិត្យឲ្យច្បាស់លាស់ មុននឹងឲ្យងារជាឧកញ៉ា គឺយើងត្រូវសិក្សាពីបុគ្គលិកលក្ខណៈ ជីវប្រវត្តិរបស់បុគ្គលនេះ ។ ប៉ុន្តែសព្វថ្ងៃនេះ ដែលយើងផ្ដល់ងារជាឧកញ៉ា អត់មានសិក្សាពីជីវប្រវត្តិទេ គឺឲ្យតែមានលុយ ហើយមានអ្នកនាំផ្លូវ ទៅទិញងារ ជាឧកញ៉ គឺគេផ្ដល់ឲ្យ គង់តែអ្នកនោះក្រីក្រពីដើមក្ដី ជាព្រូឡានក្ដី ជាជាងសំណង់ក្ដី ដែលគ្មានប្រាក់ចំណូល អីច្បាស់លាស់ ហើយកម្មករនៅកូរ៉េ មកក៏បានជាឧកញ៉ាដែរ ។ តើសមឬអត់? អ្នកជាឧកញ៉ាហ្នឹង បានឃើញមុខ ទេ តើមានបានសិក្សាពីជីវប្រវត្តិពួកអស់ហ្នឹងទេ? ហេតុដូច្នេះខ្ញុំផ្ដល់យោបល់ មុននឹងផ្ដល់ដល់អ្នកណាមួយនូវ ងារជាឧកញ៉ា ត្រូវសិក្សាពីជីវប្រវត្តិរបស់បុគ្គលនេះ បន្ទាប់មកទៀត យើងត្រូវសិក្សាពីប្រាក់ចំណូល របស់ពួក អស់នេះ ។ ទី៣ ត្រូវសិក្សាប្រាក់ចំណូលងារជាឧកញ៉ាហ្នឹងបានមកពីណា? ហេតុដូច្នេះយើងត្រូវមើលលក្ខខណ្ឌ អស់នេះ មុននឹងធ្វើអីមួយ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ដូចជាមានការគប់គិតគ្នា ធ្វើអ្វីអត់មាននោះទេ គិតតែធ្វើអ្វីឲ្យ តែបុគ្គលនេះចេញមុខរកស៊ីដើម្បីផ្ដល់ផលប្រយោជន៍ឲ្យខ្លួន“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា និងឧកញ៉ាបោករាស្រ្ត បំផ្លាញជាតិ ខាងលើនេះ បាន ធ្វើឡើងក្រោយពេលដែលឧកញ៉ា ២រូប គឺឧកញ៉ាជា សារ៉ន ប្រធានក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក និង អ្នកឧកញ៉ាហ៊ី គឹមហុង ប្រធានក្រុមហ៊ុនពិភពដីមាស ត្រូវបានឃាត់ខ្លួននិងឃុំខ្លួននៅពន្ធនាគារ ពីបទឆបោក ប្រជាពលរដ្ឋ ជាច្រើនលានដុល្លារ ក្នុងការទិញ-លក់ដីធ្លី។ ក្រៅពីនេះ មានឧកញ៉ាមួយរូបទៀត ឈ្មោះ នួន អក ក៏ត្រូវបានប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធរឿងទិញ-លក់ដីធ្លីនេះផងដែរ។
សកម្មភាពរបស់ឧកញ៉ា ហ៊ី គីមហុង ឧកញ៉ា ជា សារ៉ន និងឧកញ៉ានួន អក ដែលរងការចោទថា បោកប្រាស់ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ពីការវិនិយោគអចលនទ្រព្យមិនច្បាស់លាស់នេះ មានការរិះគន់ពីសំណាក់ពល រដ្ឋខ្មែរ យ៉ាងខ្លាំង ដោយពួកគាត់បានលើកឡើងតាមបណ្តាញសង្គម ហ្វេសប៊ុក ស្នើក្នុងការផ្តល់គោរមងារឧកញ៉ា កុំផ្តោតទៅតែលើអ្នកមានលុយ ត្រូវពិចារណាលើសីលធម៌ និងគុណធម៌ ស្នាដៃក្នុងការជួយកសាង និងការពារ ជាតិ និងសង្គម ដើម្បីចៀសវាងបុគ្គលធ្វើឲ្យប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់គោរមងារឧត្តុង្គឧត្តមនេះ។
ជុំវិញបញ្ហានេះ សមាគមឧកញ៉ាកម្ពុជា បានសម្តែងការសោកស្តាយ ដោយបញ្ជាក់ថា សមាគម នឹងលើក រឿងនេះទៅពិភាក្សា និងធ្វើការអំពាវនាវ ដើម្បីឲ្យបុគ្គលដែលមានងារជាឧកញ៉ា គោរពនូវកាតព្វកិច្ច និងក្រម សីលធម៌ ស័ក្តិសមនឹងកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ឧកញ៉ា ៕ កុលបុត្រ