ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនជាខ្មាន់កាំភ្លើងដែលបានចាប់ចងមន្ត្រីពន្ធនាគារ រំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀន នៅកណ្តាលក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៦នាក់ ខណៈដែលមេខ្លោងជាអ្នកទោស បានរត់គេចបាត់។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ថា ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀន (ជាប់ទោស៥០ឆ្នាំ) នៅគ្លីនិកធ្មេញមួយ កណ្តាលក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នោះ ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ តែមេខ្លោងជាអ្នកទោស បានរត់គេចបាត់ទៅហើយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា មេខ្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ ដោយកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់បន្តទៀត។ ដោយឡែកក្រុមឧក្រិដ្ឋជន ទាំង៦នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាននេះ គឺធ្វើឡើងនៅ ២គោលដៅផ្សេងគ្នា គឺបង្ក្រាបបាននៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំនួន៤នាក់ នៅខណ្ឌបឹងកេងកង និង ២នាក់ទៀត ត្រូវបានបង្ក្រាបនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារធំមួយកន្លែងក្បែរ កោះពេជ្រ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មានជនសង្ស័យជាខ្មាន់កាំភ្លើង ១ក្រុម មានគ្នា ៥នាក់ ស្លៀកពាក់ខោអាវពណ៌ខ្មៅ និងពាក់របាំងមុខគ្រប់គ្នា ប្រដាប់ដោយអាវុធគ្រប់ដៃ ដោយមានតកាណុងផង បាននាំគ្នាសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលជាប់ ទោសពាក់ព័ន្ធករណីគ្រឿងញៀន (កម្រិតទោស ៥០ឆ្នាំ) ដល់ក្នុងគ្លីនិកធ្មេញ ជុំចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខណៈដែលមន្ត្រីពន្ធនាគារ បានបញ្ជូនទណ្ឌិតនោះ ទៅពេទ្យធ្មេញ។

ពិរុទ្ធជនដែលត្រូវបានក្រុមខ្មាន់កាំភ្លើងរំដោះយកទៅបាត់ មានឈ្មោះ Chen Hsin Han អាយុ៤៥ឆ្នាំ ជាជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ចំនួនទោសជាង ៥០ឆ្នាំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ មន្ត្រីពន្ធនាគារ ចំនួន៤នាក់ បានបញ្ជូនទណ្ឌិតជនជាតិចិន ម្នាក់ ទៅគ្លីនិកធ្មេញ ជុំចិន្តា ដែលមានទីតាំងស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ លុះទៅដល់ ទណ្ឌិតនោះ បានចូលទៅក្នុងបន្ទប់គ្រូពេទ្យ ចំណែកមន្ត្រីពន្ធនាគារ បានអង្គុយរង់ចាំនៅខាងក្រៅបន្ទប់ ស្រាប់តែលេចមុចជនសង្ស័យ ចំនួន៥នាក់ មានពាក់របាំងមុខ ស្រោមដៃ ស្លៀកពាក់ឈុតពណ៌ខ្មៅ និងប្រដាប់ដោយអាវុធតកាណុងរួចជាស្រេច បានភ្ជង់មន្ត្រីពន្ធនាគារ រួចបានយកខ្សែរូតចងរឹតដៃមន្ត្រីពន្ធនាគារ ចំនួន៤នាក់ (ចងស្លាបសេក)។ ភ្លាមៗនោះ អ្នកទោសនោះ បានដើរចេញពីបន្ទប់ធ្វើធ្មេញ គេចខ្លួនបាត់ ។ បន្ទាប់មក ក្រុមខ្មាន់កាំភ្លើង បាននាំខ្លួនមន្ត្រីពន្ធនាគារ ទាំង៤នាក់ ចូលទៅក្នុងបន្ទប់ធ្វើធ្មេញ ដោយមិនបានផ្ទះអាវុធទេ។

ប្រភពដដែល បន្តថា ក្រោយរំដោះទណ្ឌិតជនជាតិចិន បានហើយ ក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ លុះរំលងបានប៉ុន្មានម៉ោងក្រោយ រថយន្តដែលក្រុមជនសង្ស័យជិះ ធ្វើសកម្មភាពនោះ ត្រូវបានប្រទះឃើញផ្លុងចោលនៅក្នុងដីឡូត៍ ក្បែរផ្លូវបេតុងមួយកន្លែង ដោយបន្សល់ទុកវត្ថុតាងក្នុងរថយន្ត រួមមាន កាំភ្លើងខ្លី ចំនួន៥ដើម រួមនិងសម្ភារមួយចំនួនទៀត។

ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបថា ជនជាប់ឃុំ ឈ្មោះ CHEN HSINHAN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) បានរត់គេចខ្លួននៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ពីពន្ធនាគារខេត្តសៀមរាប។ ដូច្នេះបើសាធារណជនឃើញបុគ្គលដែលមានភិនភាគដូចក្នុងរូបថតនេះ សូមផ្តល់ព័ត៌មានទៅនគរបាលជាតិ (117 ឬ 118) កងរាជអាវុធហត្ថ (1291) និងអគ្គនាយកដ្ឋានពន្ធនាគារ (010 765 563)៕

