Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកំពុងដេកលក់ ភ្លើងឆេះផ្ទះ បីកូនរត់មិនចង់ទាន់

កំពុងដេកលក់ ភ្លើងឆេះផ្ទះ បីកូនរត់មិនចង់ទាន់

បាត់ដំបង ៖ ក្រុមគ្រួសារមួយ កំពុងដេកលក់ ស្រាប់តែដាច់ចរន្តអគ្គិសនី រួចក៏លាន់សូរផ្ទុះ ស្រាប់តែពេល ម្ចាស់ផ្ទះក្រោកមើល ឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះ បង្កឱ្យមានការផ្អើលឆោឡោ ដាស់ហៅកូនចៅ រត់គេចចេញពីអណ្តាតភ្លើងសឹងមិនទាន់ ដោយមិនអាចប្រមូលរបស់ទ្រព្យអ្វីចេញបានឡើយ គឺត្រូវភ្លើង ឆេះបំផ្លាញអស់ទាំងស្រុង គិតជាទឹកប្រាក់អស់ប្រមាណជាង៣០លានរៀល។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ១២ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី មានម្ចាស់ឈ្មោះ សាយ ពៅ ភេទស្រី អាយុ៥៥ឆ្នាំ មានលំនៅ ចំណុចកើតហេតុ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះលឿនបំផុត សូម្បីរថយន្តពន្លត់អគ្គិភ័យ របស់ សមត្ថកិច្ច ក៏ជួយអន្តរាគមន៍មិនទាន់ផង ហើយករណីនេះ ទំនងបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែ ភ្លើង)។

តាមសម្តីជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈក្រុមគ្រួសារគាត់ចូល ដេកលក់ ស្រាប់តែមានការដាច់ចរន្តអគ្គិសនី ហើយបន្តិចក្រោយមកស្រាប់តែគាត់ឮស្នូរផ្ទុះផូង ក៏មានអណ្តាត ភ្លើងឆាបឆេះភ្លាមរំពេច ហើយភ្លើងអគ្គិសនីក៏មានវិញដែរ។ គាត់សន្និដ្ឋានថា អគ្គិភ័យនោះអាចបណ្តាលមក ពីទុស្សេខ្សែភ្លើង ពេលគេបើកភ្លើងវិញ បន្ទាប់ពីដាច់រយៈពេលខ្លី។

ជនរងគ្រោះជាម្ចាស់ផ្ទះ បានបញ្ជាក់ថា ពេលភ្លើងកំពុងឆេះកាន់តែខ្លាំង ក្រុមគ្រួសារគាត់គិតតែនាំគ្នាជួយលើក កូនចៅតូចៗដែលកំពុងដេកលក់ រត់ចេញពីផ្ទះ មិនបានរំដោះអីវ៉ាន់ ទ្រព្យសម្បត្តិនៅក្នុងផ្ទះទេ ហើយភ្លើងឆេះ កាន់ខ្លាំង និងឆេះលឿនបំផុត សូម្បីរថយន្តពន្លត់អគ្កិភ័យ ក៏មកជួយមិនទាន់ដែរ រីឯទ្រព្យសម្បត្តិ និងឯកសារ គ្រួសារ រួមទាំងប្លង់ដីធ្លីផង ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់។

តាមការអះអាងរបស់ជនរងគ្រោះ ករណីអគ្គិភ័យនេះ បានបង្កឱ្យរងការខាតបង់គិតជាទឹកប្រាក់ អស់ប្រហែល ជាង៣០លានរៀល តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់សមាជិកគ្រួសាររបស់គាត់នោះទេ៕

RELATED ARTICLES