Monday, May 6, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្មែរ-យួន ឈ្លោះកាប់ចាក់គ្នា ជាប់ខ្នោះ៩

ខ្មែរ-យួន ឈ្លោះកាប់ចាក់គ្នា ជាប់ខ្នោះ៩

ភ្នំពេញ ៖ ជនជាតិវៀតណាម ១ក្រុម បានកើតមានជម្លោះពាក្យសម្តីជាមួយជនជាតិខ្មែរ ១ក្រុម រហូតផ្ទុះ ជាអំពើហិង្សា ប្រើកាំបិតប៉័ងតោ កាំបិតផ្គាក់ ដាវសាមូរ៉ៃ ដំបងឆក់ និងឈើជ្រុង ដេញវាយតប់ កាប់ចាក់ គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនភាគី ទាំងសងខាង បានចំនួន៩នាក់ នាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវលេខ ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដែលបាន ប្រើប្រាស់អំពើហិង្សាដោយចេតនា ប្រើកាំបិតប៉័ងតោ កាំបិត ផ្គាក់ ដាវសាមូរ៉ៃ ដំបងឆក់ និងឈើជ្រុង វាយប្រ តាយប្រតបគ្នាទៅវិញទៅមក កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ។

លោកអធិការខណ្ឌឫស្សីកែវ បានបបន្តថា ជនសង្ស័យទាំង៩នាក់ ដែលត្រូវបានឃាត់ខ្លួន មានចំនួន២ក្រុម រួម មាន ក្រុមទី១ មានគ្នា៦នាក់ ១-ឈ្មោះលឹម វឹកដក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន។ ទី២-ឈ្មោះឃូ ខិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតខ្មែរ (ពុំរងរបួស) ឃាត់ខ្លួន។ ទី៣-ឈ្មោះសុខ ហុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (រងរបួសស្រាល) ឃាត់ខ្លួន។ ទី៤-ឈ្មោះលី ហួ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន។ ទី៥-ឈ្មោះទៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ (រងរបួសធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យ)  និងទី៦-ឈ្មោះសុខ ខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (ពុំរងរបួស) ឃាត់ខ្លួន។ ទាំង៦នាក់ខាងលើ មានលំនៅ ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ចំណែក ក្រុមទី២ មានគ្នា៧នាក់ រួមមាន ទី១-ឈ្មោះឆេង ផន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅកម្មករ (រងរបួសស្រាល) ឃាត់ខ្លួន។ ទី២-ឈ្មោះថាច់ ធី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងកាត់សក់ (រងរបួសស្រាល) ឃាត់ខ្លួន។ ទី៣-ឈ្មោះថាច់ នី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មករ (រងរបួសស្រាល) ឃាត់ខ្លួន។ ទី៤-ឈ្មោះប៉ុន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងប៉ះកង់ (រងរបួស ស្រាល) ឃាត់ខ្លួន។ ទី៥-ឈ្មោះថាច់ ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងកាត់សក់ (រងរបួសធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យកេតុមាលា ១៧៩)។ ទី៦-ឈ្មោះឃឿន សុខេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ (រងរបួសធ្ងន់ ព្យាបាលនៅមន្ទីពេទ្យឯកជន)និង ទី៧-ឈ្មោះសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់កង់បី (រងរបួសធ្ងន់ ព្យាបាលនៅមន្ទីរពេទ្យសែនសុខ)។ ទាំង៧នាក់ មានលំនៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ចំណែកសម្ភារៈដកហូតរួមមាន រថយន្តម៉ាក Toyota Tacoma ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2BM-0454 ចំនួន១គ្រឿង (របស់ឈ្មោះសុខ ខុម)។ ម៉ត៉ូកូង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-5863  (របស់ឈ្មោះសិទ្ធ)។ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-8269 (របស់ឈ្មោះឃឿន សុខេង)។ ដាវសាមូរ៉ៃ ១ដើម កាំបិតផ្គាក់ ១ដើម កាំបិតប៉័ងតោ ១ដើម ដំបងឆក់ ចំនួន១ និងដំបងឈើជ្រុង ២ដើម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ មានជនសង្ស័យ ២ក្រុម ប្រដាប់ដោយកាំបិតប៉័ងតោ ដាវសាមូរ៉ៃ កាំបិតផ្គាក់ និងដំបង មានការវាយប្រតាយ ប្រតបគ្នាទៅវិញទៅមក និងមានរថយន្តជិះដេញ បុកម៉ូតូកង់បី និងម៉ូតូ នៅចំណុចកើតហេតុខាងលើ ភ្លាមៗ នោះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ភ្លាមៗ ដោយឃាត់បាន ភាគីទាំងសងខាងសរុបចំនួន៩នាក់ យកមកប៉ុស្តិ៍តែម្តង។

ជនសង្ស័យទាំង៩នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនមកសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បី បន្តនីតិវិធី។

ក្រោយកើតមានករណីខាងលើនេះ នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ មានប្រជាពល រដ្ឋប្រមាណ៥០នាក់ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានលើកគ្នាទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដើម្បីទទូចតវ៉ា ឱ្យសមត្ថកិច្ចដោះលែងជនសង្ស័យចំនួន៥នាក់ ដែលជាសាច់ញាតិបងប្អូនរបស់ពួកគាត់ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

តាមប្រជាពលរដ្ឋដែលតវ៉ា បានឱ្យដឹងថា ពួកគាត់បានលើកគ្នាមកអធិការដ្ឋានខណ្ឌឫស្សីកែវនេះ ដើម្បីស្នើ សុំឱ្យសមត្ថកិច្ចដោះលែងកូន ចៅរបស់ពួកគាត់ ចំនួន៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវក្រុមជនជាតិវៀត ណាម ១ក្រុម នាំគ្នាវាយបណ្តាលឲ្យរងរបួស។ប្រជាពលរដ្ឋដែលតវ៉ា បានអះអាងថា កូនចៅរបស់គាត់ ត្រូវបានជនជាតិវៀតណាមវាយ ឱ្យរងរបួសហើយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៀត។ ដូចនេះសូមឱ្យសមត្ថកិច្ចដោះលែងវិញ ដើម្បីយកទៅព្យាបាលរបួស។បន្ទាប់ពីមានការតវ៉ាខាងលើ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលឫស្សីកែវ បានអញ្ជើញប្រជា​ពល​រដ្ឋមក​ជួបសម្របសម្រួល និងណែនាំឱ្យពួកគាត់យល់ពីផ្លូវច្បាប់ ក្រោយមកទើបពួកគាត់ក៏​បានវិលត្រឡប់​ទៅផ្ទះវិញ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរ​បាលប៉ុស្តិ៍​ស្វាយប៉ាក ឃាត់ខ្លួន បញ្ជូនមកកាត់អធិការដ្ឋានខណ្ឌ បន្ទាប់ពីជនសង្ស័យ ២ក្រុម ដោយភាគីម្ខាងជាជនជាតិ​វៀត​ណាម មានគ្នា៦នាក់ និងភាគីម្ខាងទៀតជាជនជាតិខ្មែរ មានគ្នា៧នាក់ បានប្រើហិង្សា វាយប្រតាយប្រតប់​គ្នាទៅវិញទៅមក កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។នៅក្នុងករណីហិង្សានេះ បណ្តាលឱ្យភាគីខាងជនជាតិវៀតណាម រងរបួសចំនួន២នាក់ (ស្រាល១ ធ្ងន់១) ចំណែក​ភាគីខាងជនជាតិខ្មែរ រងរបួស៧នាក់ (ធ្ងន់៣នាក់ និងស្រាល៤នាក់)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានព្រះរាជអាជ្ញា​នៃ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឱ្យឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

RELATED ARTICLES