ភ្នំពេញ៖លោកយុត្ថារ៉ា ឆានី បានផ្ដិតមេដៃនៅចំពោះមុខអតិថិជនចំនួន៤៣នាក់ មានបញ្ហាវិវាទដីធ្លី៧១ ឡូតិ៍ដែលពួកគាត់បានទិញដីលោករួចមិនបានប្លង់ និងដីត្រូវគេបោះបង្គោលព័ទ្ធយកនៅទីតាំងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រហូតមានការចោទប្រកាន់ថាលោកបានលក់ដីខ្យល់ឲ្យភ្ញៀវទៀតផង។នៅចំពោះមុខអតិថិជនដែលមានទាំងសិល្បករល្បីៗដែលក្រុមហ៊ុនលោកឆានី បានអញ្ជើញមកដោះស្រាយដោយផ្ទាល់នៅទីតាំងដីដែលជួបបញ្ហានោះលោកយុត្ថារ៉ា ឆានី កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នោះលោកបានប្រកាសថាលោកមិនរត់ចោលអតិថិជនជាដាច់ខាត ពោលគឺនៅឈដោះស្រាយជូនអ្នកទាំង៤៣ គ្រួសារនោះឲ្យរួចរាល់ក្នុងកិច្ចសន្យា១០ខែទៅមុខ ហើយបើរូបលោកនៅតែដោះស្រាយមិនចេញទេ នោះទុកឲ្យច្បាប់មានវិធានការណ៍មកលើរូបលោកទៅចុះ គឺលោកមិនគេចទៅណាទាំងអស់។

លោកយុត្ថារ៉ា ឆានី បានចេញសេចក្ដីប្រកាសព័តមានជារួមដល់អតិថិជនទាំង៤៣ នាក់នោះនូវខ្លឹមសារថាលោក ជាម្ចាស់ក្រុមហ៊ុន វណ្ណេត សុវណ្ណភូមិ សូមសន្យាទទួលខុសត្រូវ នឹងដោះស្រាយបញ្ហាដែលកើតឡើងទីតាំងដីរបស់ក្រុមហ៊ុនវណ្ណេត សុវណ្ណភូមិ ដែលមានទីតាំងនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានទំហ៊ុំផ្ទៃដី៧ហិកតា ដោយអតិថិជនដែលមិនបានទទួលកម្មសិទ្ធិនោះដោយលោកសន្យាថាសុំរយៈពេល១០ខែ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នឹងដោះស្រាយប្រគល់បណ្ឌកម្មសិទ្ធិជូនទៅអតិថិជនទាំងអស់ ឲ្យបានគ្រប់ៗគ្នា។ក្នុងកិច្ចសន្យានោះក៍បានភ្ជាប់ថាក្នុងករណីដែលលោកមិនអាចដោះស្រាយជូនអតិថិជនតាមសេចក្ដីប្រកាសខាងលើនោះទេ លោកនឹងទូទាត់សំណងខូចខាតដល់អតិថិជនតាមច្បាប់រដ្ឋប្បវេនី ផងដែរ។ប៉ុន្ដែកិច្ចសន្យានោះក៍បានចងទៅអតិថិជនវិញថាឲ្យបញ្ចប់ការផ្សាយព័តមានមិនពិតតាមរយៈបណ្ដាញសង្គម។

លោកយុត្ថារ៉ា ឆានី មិននិយាយច្រើននោះទេដោយលោកអះអាថាលោកកំពុងកើត ជំងឺបាក់ទឹកចិត្ត(depression) ហើយលោកបានរុញឲ្យអ្នកសារព័តមានយើងទៅសួរភរិយាលោកអ្នកស្រីហ៊ាង វត្តី វិញ។អ្នកនាងហ៊ាង វត្តី បានប្រាប់អ្នកយកព័តមានយើងថាការដែលលោកយុត្ថារ៉ា ឆានី ឬក្រុមហ៊ុនហ៊ានសន្យាថា១០ខែ នឹងដោះស្រាយឲ្យរួចរាល់នេះគឺដោយសារតែភាគីលោកស្រីក៍ត្រូវអតិថិជនជំពាក់លុយច្រើនដែរតាំងពីកូវីដមក អីចឹង១០ខែលោកស្រីថាអាចនឹងដោះចេញបានហើយ តែបើខាងលោកយុត្ថារ៉ា ឆានី នៅតែមិនអាចធ្វើបានដូចកិច្ចសន្យានោះគឺសូមឲ្យធ្វើទៅតាមច្បាប់ទៅចុះ។អ្នកនាងវត្តី បន្ថែមថាក្នុងផ្ទៃដី៧ហិកតាមានបញ្ហាតែ១ហិកតាទេដោយសារតែបុគ្គលឈ្មោះសាន វណ្ណេត យកលុយរត់ចោលក្រុមហ៊ុនក្រោយយកប្លង់នោះទៅដាក់បញ្ចាំឲ្យភាគី១ តែមិនមែនជាធនាគានោះទេ គឺជាឯកជន ហើយឈ្មោះវណ្ណេត ខានបង់ការប្រាក់ឲ្យគេ២ខែ ទើបត្រូវគេមកព័ទ្ធដី១ហិកតាដែលប៉ៈពាល់ដល់អតិថិជនទាំង៤៣ គ្រូសារមានចំនួន៧១ ឡតិ៍នោះតែម្ដង។អ្នកនាងវត្តី ថាអតិថិជនគាត់បានស្ដាប់ច្បាស់ហើយថាលោកយុត្ថារ៉ា ឆានី គាត់ប្រកាសហើយថានឹងមិនរត់ទៅណាទេគឺនៅឈដោះស្រាយឲ្យបងប្អូនដូចការសន្យាគឺសូមទុកពេលឲ្យគាត់១០ខែផង។ភរិយាលោកយុត្ថារ៉ា ឆានី រូបនេះបន្ថែមថាមិនមែនតែគម្រោងនៅខណ្ឌកំបូលនេះទេ តែគម្រោងផ្សេងៗទៀតរបស់ក្រុមហ៊ុនក៍មានបញ្ហាខ្លះៗដូចគ្នាដែរតែខាងក្រុមហ៊ុនដោះស្រាយជូនអតិថិជនទាំងអស់ឲ្យទាល់តែរួច។

ឆ្លើយតបសំណួរថាមានព័តមានថាមានអតិថិជនខ្លះបានទៅដល់ផ្ទះលោកយុត្ថារ៉ា ឆានី ដើម្បីឲ្យលោកចេញមុខមកដោះស្រាយរឿងទិញដី ត្រូវគេព័ទ្ធយកនេះតែលោកបានបិតទ្វារផ្ទះមិនព្រមចេញជួបភ្ញៀវនោះអ្នកនាងវត្តី អះអាងថារឿងនោះមិនមែនជាការពិតនោះទេព្រោះលោកឆានី មានផ្ទះនៅទីតាំងផ្សេង១ទៀតទើបផ្ទះនោះត្រូវបានបិទទ្វារ។អ្នកនាងវត្តី បន្ថែមថាដូចឃើញជាក់ស្ដែងនៅថ្ងៃនេះហើយគឺស្វាមីនាង ចេញមុខជួបអតិថិជនទាំងអស់ មិនគេចវែសទៅណាទេ ជួបតទល់គ្នានៅព្រឹកថ្ងៃទី២៤ សីហា ដែលពួកគាត់ជួបបញ្ហាដើម្បីរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។អ្នកនាងវត្តី បញ្ចេញកំហឹងថារឿងរ៉ាវកើតឡើងបែបនេះដោយសារតែបុគ្គលថោកទាបសាន វណ្ណេត ជាអ្នកធ្វើស៊ីហើយខាងក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរចំនួន២លើកមកហើយលើជននេះគឺកាលពីខែ១០ ឆ្នាំ២០២២ និងខែ៤ ឆ្នាំ២០២៣ តែរហូតមកដល់ពេលនេះមិនដឹងថាជននេះនៅទីណាឡើយ ហើយជាសំណូមពរដល់មន្រ្ដីសម្ថកិច្ចលោកស្រីសូមឲ្យក្រសួងពាក់ព័ន្ធចាប់ជននេះមកផ្ដាន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ខណៈដែលលោកស្រីនិងស្វាមីនៅតែជាអ្នកចេញមុខដោះស្រាយជូនអតិថិជនដដែល។

អតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ ដែងជាជនរងគ្រោះម្នាក់ដែរក្នុងចំណោម៤២ គ្រួសារទៀតដែលទិញដីលោកយុត្ថារ៉ា ឆានី ត្រូវគេព័ទ្ធយកនោះបានថ្លែងថាក្រោយមានកិច្ចសន្យានោះលោកស្រីធូចិត្តជាងមុននិងមានតែ រងចាំមើល១០ខែក្រោយនេះសិនថាគេដោះស្រាយបានឬអត់?អ្នកនាងកល្យាណ ថាបានចំណាយលុយទិញដីលោកឆានី នូវទឹកប្រាក់សរុបចំនួន៥៥០០០ដុល្លារហើយបង់ផ្ដាច់តែម្ដងលើដី៣ប្លង់ដែលការទិញនោះគឺជឿរជាក់លើលោកឆានី និងម្យាងទៀតឃើញទីតាំងដីនោះល្អដែរ។ក្រោយមកក៍ឃើញដីនោះគេព័ទ្ធយកហើយមានការបង្ហោះលើហ្វេសបុកទើបលោកឆានី ចេញមុខដោះស្រាយថ្ងៃនេះនឹងសូមពន្យាពេល១០ខែទៀត អីចឹងដោយមានការសម្របសម្រួលពីលោកឆានី និងភរិយាអ្នកស្រីក៍ដូចអតិថិជនផ្សេងទៀតក៍យល់ព្រមអធ្យាស្រ័យឲ្យគាត់ដោះស្រាយ។

ចំណែកអ្នកស្រីនិន រ៉ាត់ ម្ដាយរបស់អតីតតារាសម្ដែងខៀវ សុខារ៉ាវី ដែលបានទិញដីឡូតិ៍លោកយុត្ថារ៉ា ឆានី ក្នុងតម្លៃជិត២ម៉ឺនដុល្លារនោះក៍បានបង្ហាញខ្លួននៅថ្ងៃនោះដែរដោយលោកស្រីបានឲ្យដឹងថាកិច្ចសន្យា១០ខែនោះគឺលោកស្រីរងចាំឲ្យលោកឆានីគោរពនឹងដោះស្រាយទៅតាមអ្វីដែលបានប្រកាស ព្រោះលោកឆានី ជាមនុស្សម្នាក់មានចឬកថ្លៃថ្នូរ គឺគាត់ថាម៉េចធ្វើចឹងហើយ លោកក្មេងតែរូបតែអត្តចឬកជាមនុស្សចាស់ទុំ ។លោកស្រីសង្ឃឹមថាលោកឆានី នឹងធ្វើទៅតាមគោលការណ៍បានសម្រេចជូនអតិថិជនទាំងអស់ដូចការសន្យាររបស់លោកឆានី និងភរិយា។

ក្រៅពីអ្នកនាងកែវ កល្យាណ និងម្ដាយខៀវ សុខារ៉ាវី គេក៍ឃើញមានលោកសុះ ម៉ាច និងហេង ណារី ,អ្នកនាងចាន់ ចរិយា និងលោកស្រីប៉ុប វណ្ណា ក៍លេចមុខនៅថ្ងៃលោកយុត្ថារ៉ា ឆានី ចេញមុខដោះស្រាយជូនអថិជននោះដែរ ហើយពួកគាត់ចង់ឃើញអតីតតារាសម្ដែងរូបនេះគោរពទៅតាមកិច្ចសន្យាដែលលោកផ្ដិតមេដៃ និងមានអាជ្ញាធរជាសាក្សីពោលគឺ១០ខែទៀតបានប្លង់ដីជូនអតិថិជនទាំង៤៣គ្រួសារ ហើយបង្គោលនិងរបងដែលហ៊ុំពទ្ធត្រូវរុះរើរចេញ៕






