Tuesday, November 19, 2024
Homeព័ត៌មានសិល្បៈតារាភាពយន្ត សាវិន ហ្វីលីព ទុក្ខធំ ម្តាយស្លាប់

តារាភាពយន្ត សាវិន ហ្វីលីព ទុក្ខធំ ម្តាយស្លាប់

ភ្នំពេញ ៖ តារាភាពយន្ត លោកសាវិន ហ្វីលីព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានជួបទុក្ខធំ ដោយអ្នកម្តាយ របស់លោក បានទទួលមរណភាពក្នុងជន្មាយុ ៧៦ឆ្នាំ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៉ី) ដោយ ជំងឺមហារីកថ្លើម។

លោកសាវិន ហ្វីលីព បានឲ្យដឹងថា សពម្តាយរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះ លោកសាវិន ហ្វីលីព ក៏បានប្រកាសដំណឹងមរណភាពម្តាយរបស់លោក តាមទំប័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ថា «មហាឧបាសិកា នៅ សាវិន ត្រូវជាម្ដាយបង្កើតរបស់ ខ្ញុំ បានទទួលមរណភាពហើយ នៅថ្ងៃសុក្រនេះ ទី២៥ខែសីហា ២០២៣ វេលាម៉ោង ១២.១៥នាទី ថ្ងៃត្រង់ ក្នុងជន្មា យុ ៧៦ឆ្នាំ នៅមន្ទីរពេទ្យខ្មែរ-សូវៀត ដោយរោគាពាធ។ សពនឹងតម្កល់ធ្វើបុណ្យនៅវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ ។ សូមអ្នកម្ដាយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតទ្បើយ។

លោកសាវិន ហ្វីលីព បានបន្ថែមនៅល្ងាចថ្ងៃដដែលនោះថា «ពេលនេះ សពអ្នកម្ដាយខ្ញុំ បានអញ្ជើញមក ដល់វត្ត និគ្រោធវ័ន គល់ទទឹង ហើយកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី ជូនគាត់។ សពនឹងលើកដាក់ក្នុងមឈូស ម៉ោង ៧យប់នេះហើយ នឹងបូជា នៅថ្ងៃចន្ទ វេលាម៉ោង ៨ព្រឹក»។

«នគរធំ» សូមចូលរួមរំលែកទុក្ខជាមួយលោកសាវិន ហ្វីលីព និងក្រុមគ្រួសារ ចំពោះការបាត់អ្នកមានគុណនេះ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធមហាឧបាសិកា នៅ សាវិន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ

RELATED ARTICLES