សហព័ន្ធកីឡាបាល់ទាត់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអាទិត្យបានប្រកាសតែងតាំងលោក Roberto Mancini ជាគ្រូបង្វឹកក្រុមជម្រើសជាតិ។
លោក Mancini នឹងចាកចេញទៅកាន់ទីក្រុង Riyadh នៅថ្ងៃចន្ទ ដើម្បីចូលរួមព្រឹត្តិការណ៍ធ្វើបទបង្ហាញមួយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបានរាយការណ៍។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីក៏បានរាយការណ៍ផងដែរថាលោកនឹងចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ដែលមានតម្លៃជាង២៧លានដុល្លារ បន្ទាប់ពីបង់ពន្ធក្នុងមួយឆ្នាំ ហើយនឹងបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅក្នុងការប្រកួតនៅថ្ងៃទី៨ ខែកញ្ញាជាមួយនឹងក្រុម Costa Rica ។
ការមកដល់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីត្រូវបានប្រកាសជាមួយនឹងវីដេអូមួយនៅលើគណនីផ្លូវការរបស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត។
ក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតបានបង្ហោះសារថា សូមស្វាគមន៍ការមកកាន់អារ៉ាប៊ីសាអូឌីតនេះគឺជាគ្រូបង្វឹកដែលកើតមកជាមួយនឹងជ័យជម្នះ និងជាអ្នកបង្កើតប្រវត្តិសាស្ត្រ ។
បុរសអាយុ ៥៨ ឆ្នាំបាននិយាយថា ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រនៅអឺរ៉ុប។ ឥឡូវនេះវាដល់ពេលបង្កើតប្រវត្តិសាស្ត្រជាមួយអារ៉ាប៊ីសាអូឌីតម្តង ៕