ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea នឹងចូលរួមជាមួយក្រុម Roma ក្នុងក្របខ័ណ្ឌ SerieA ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ី។ប្រភពជិតស្និទ្ធនឹងម្ចាស់ក្លឹប Roma ដែលជាគ្រួសារលោក Friedkin ដែលបានកាន់កាប់ក្លឹបនៅឆ្នាំ 2020 បាននិយាយថាការផ្ទេរនេះបង្ហាញពីការប្តេជ្ញាចិត្ត និងបំណងប្រាថ្នារបស់ពួកគេក្នុងការ សម្រេចបាននូវភាពរុងរឿងដែលក្លឹប និងអ្នកគាំទ្រសមនឹងទទួលបាន។
កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងតម្លៃឈ្នួលខ្ចីជើងជាង១០លានដុល្លារ ហើយក្លឹបRoma នឹងគ្របដណ្តប់លើប្រាក់ឈ្នួលរបស់កីឡាករអន្តរជាតិបែលហ្សិករូបនេះ។
ចំណែកឯក្លឹបInter បានសង្ឃឹមថា Lukaku ដែលមិនមែនជាផ្នែកមួយនៃផែនការរបស់លោក Mauricio Pochettino នៅក្លឹប Chelsea នឹងត្រលប់ទៅក្លឹបដែលគាត់បានចំណាយកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនសប្បាយចិត្តដែលគ្រូបង្វឹកក្លឹបInter លោកSimone Inzaghi មិនបានដាក់គាត់ចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ។
ជាមួយគ្នានេះដែរក្លឹបJuventus ក៏មានបំណងចង់ចុះហត្ថលេខាលើ Lukaku ដែរប៉ុន្តែមិនអាចធ្វើការផ្លាស់ប្តូរបានដែលទាមទារសម្រាប់ក្រុមរបស់ពួកគេបានទេ ៕