បេះដូងតារាឯកស្រីសិចស៊ី ម៉ុត ណៈប៉ៈផាត់ កំពុងតែរីកស្រស់បំព្រង ខណៈ ដែលនាងលាតត្រដាងថា ពេលនេះនាង កំពុងទាក់ទងមើលចិត្តថ្លើមគ្នាជាមួយម្ចាស់ ក្លឹបប្រដាល់ដ៏ល្បីល្បាញប្រចាំក្រុង ផាថាយ៉ា គឺលោក ពេជ្រ អាសិវៈ ក្រោយពីអ្នក ទាំងពីរ សម្ងំបណ្តុះលំពង់ស្នេហ៍មួយរយៈមក។ ប៉ុន្តែ មជ្ឈដ្ឋានមួយចំនួន បារម្ភជំនួសនាង ថា ដោយកត្តាចម្ងាយផ្លូវឃ្លាតពីគ្នា អាចជាមូលហេតុធ្វើឱ្យស្នេហ៍ថ្មីនេះ រង្គោះរង្គើ។
ម៉ុត មានចម្លើយសម្រាប់រឿងនេះថា “ការពិត យើងមិនមែនបើកចំហស្នេហ៍ថ្មីអីទេ តែក៏មាន សារព័ត៌មាន សរសេរចំអន់លេងតាំងពីមុននេះម៉្លេះ។ ឯគាត់ (សង្សារ) ក៏ធ្វើហីៗ។ ដំបូង យើងតាំងចិត្តថា នឹងទាក់ទងគ្នាស្ងាត់ៗ។ យើងស្គាល់គ្នាមួយរយៈហើយ មានតែមនុស្សជុំវិញខ្លួនដែលជិតស្និទ្ធប៉ុណ្ណោះទើបដឹងថា គាត់ បានចូលមកក្នុងជីវិតខ្ញុំ។ ស្នេហាពេលនេះក៏ល្អធម្មតា។ ពេជ្រ គាត់មើលថែទាំខ្ញុំយ៉ាងល្អ។ គាត់មានលក្ខណៈចាស់ទុំ។ តែគាត់អាចឆ្លងភ្លើងសញ្ញាបៃតងឬអត់ ត្រូវរង់ចាំសួរអ្នកម៉ែសិន។ ដោយផ្ទាល់ខ្លួន ពួកគាត់ស្គាល់គ្នាជួបគ្នាពេលទៅមើលប្រដាល់នៅផាតាយ៉ា ញឹកញាប់ ព្រោះខ្ញុំទៅណាអ្នក ម៉ែក៏ទៅជាមួយជានិច្ច។ គាត់ធ្វើការនៅ ផាតាយ៉ា។ ដូច្នេះ យើងបានជួបគ្នាតិចតួចណាស់ ព្រោះកាលវិភាគការងាររបស់គាត់មមាញឹកណាស់។ យើងក៏ប្រើ Facebook ជួបគ្នា។ ថ្ងៃណាគាត់មកបាងកក ទើប យើងបានជួបគ្នា ឬបើយើងបានទៅ ផាតាយ៉ា ក៏ឆៀងចូលទៅរកគាត់។ ចម្ងាយផ្លូវពុំមែនជា ឧបសគ្គអ្វីឡើយ។ យើងទាក់ទងគ្នាឈរលើមូលដ្ឋាននៃការយល់ចិត្ត និងជឿចិត្តគ្នា ប្រមើល មើលហេតុផលក្នុងលក្ខណៈមនុស្សធំ។ យើងសម្របសម្រួលចូលគ្នាបន្តិចម្តងៗ។ ខ្ញុំយល់ថា ជារឿងធម្មតា ដែលមនុស្សពីរនាក់សម្រេចចិត្តចាប់ផ្តើមសម្ព័ន្ធភាព ដោយចងក្រង ចំណងមេត្រីសន្សឹមៗ មិនតក់ក្រហល់។ សូមកុំអាលសរុបថា ម្នាក់នេះជាសង្សារអី គឺមនុស្សដែលយើងនឹងផ្ញើជីវិតលើគេ និងមានសេចក្តីសុខក្នុងការស្វែងយល់ ពីគ្នាសន្សឹមៗ”។
ម៉ុត ស្ថិតក្នុងចំណោមតារាស្រីដែលប្រើសង្សារចុះបន្តិច ព្រោះនាងបានលាត ត្រដាងស្នេហាច្រើនដងមកហើយ និងបញ្ចប់ទៅវិញដោយការលាតត្រដាងស្នេហា ថ្មីមួយទៀតជាដរាប៕
