ខេត្តកំពត ៖ ទារកទើបកើតម្នាក់ ត្រូវបានម្តាយច្រកក្នុងថង់ខ្មៅមួយ យកមកបោះចោលក្នុងព្រៃ ត្រូវស្ត្រីម្នាក់ ដើររើសនិងទិញអេតចាយ ប្រទះឃើញ ក៏បានរើសយកមកចិញ្ចឹម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ស្ត្រីដែលរើសទារក យកមកចិញ្ចឹមនោះ មានឈ្មោះ ញឿន ស្រីពៅ អាយុជាង៣០ឆ្នាំ មុខរបរដើរទិញអេដចាយ មានស្វាមីឈ្មោះ ឌិន ចាន់ថុន រស់នៅស្រុកឈូក ខេត្តកំពត។

តាមប្រភពស្រ្តីឈ្មោះញឿន ស្រីពៅ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ គាត់បានដើរ ទិញ អេតចាយតាមទម្លាប់ លុះមកដល់ចំណុចព្រៃមួយកន្លែង ស្រាប់តែឮសំឡេងកូនង៉ាយំ ដំបូងគាត់រាងភ័យដែរ ខ្លាចខ្មោចលង លុះសម្ងំស្តាប់ ឮសំឡេងយំកាន់តែខ្លាំង ក៏សម្រេចចិត្តដើររកមើល ក៏ប្រទះឃើញថង់ខ្មៅមួយ និងឃើញមានអ្វីកម្រើកនៅក្នុងនោះ ព្រមទាំងឮសំឡេងកូនង៉ាយំផង ទើបដឹងថា ជាទារក ក៏ប្រញាប់ស្រាយមាត់ ថង់មើល ឃើញទារកម្នាក់ ទើបកើត ភេទប្រុស សម្បុរសស្អាត គួរឲ្យអាណិតស្រឡាញ់ ទើបគាត់បានយកទៅផ្ទះ ចិញ្ចឹមទុកដូចកូនបង្កើត។

ស្ត្រីខាងលើ បន្តថា សព្វថ្ងៃ គាត់មានកូនប្រុសៗ ចំនួន ៣នាក់ហើយ ដូច្នេះបន្ថែមទារកប្រុសម្នាក់ទៀត គឺមានកូន ចំនួន ៤នាក់ហើយ សុទ្ធតែតូចៗ ។ ចំណែកមុខរបររបស់គាត់សព្វថ្ងៃ គឺ រកស៊ីដើរទិញអេដចាយ មានការខ្វះខាត ដែរ តែយ៉ាងណា នៅពេលឃើញទារកត្រូវគេយកមកបោះចោលបែបនេះ គាត់អាណិតណាស់ ហើយនឹងខំ ចិញ្ចឹមទុកដូចកូនបង្កើតដូច្នោះដែរ។


ជុំវិញករណីខាងលើនេះ មហាជនបានសមម្តែងនូវក្តីអាណិតអាសូរចំពោះទារកអភ័ព្វ ដែលមិនគួរណាម្តាយ ចិត្តអប្រិយ បង្កើតគ្នាមកហើយ យកមកបោះចោលក្នុងព្រៃបែបនេះ នេះសំណាងហើយដែលស្ត្រីខាងលើ ប្រទះ ឃើញ ជួយសង្គ្រោះជីវិតបានទាន់ពេល បើទុកចោលយូរបន្តិច នឹងថប់ដង្ហើមស្លាប់មិនខាន។

បន្ទាប់ពីបានឃើញទារកត្រូវម្តាយយកមកបោះចោល ហើយត្រូវបានស្ត្រីខាងលើរើសយកមកចិញ្ចឹមនេះ លោក ផែង វណ្ណៈ អ្នកសារព័ត៌មានចិត្តធម៌ បានជួយឧបត្ថម្ភថវិកា ចំនួន ២លានរៀល សម្រាបទិញទឹកដោះគោ សម្លៀក បំពាក់ និងរបស់ប្រើសប្រាស់ ហើយត្រូវបានលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ជួយសម្រួលឲ្យលោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ចាត់លោកវរសេនីយ៍ត្រី ប៉ាក សម្បត្តិ អធិការរង យកទៅប្រគល់ដល់គ្រួសារដែលរើសទារកនោះមកចិញ្ចឹមនោះ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។ ជាមួយនេះ លោកវរសេនីយ៍ឯក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក ក៏បានចូលរួមឧបត្ថម្ភ ៥០ម៉ឺនរៀល បន្ថែមទៀតផងដែរ ៕ ខៀវទុំ

