ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកគឹម សុខ អ្នកវិភាគនយោបាយ-សង្គម និងជាប្រធានវេទិកាពលរដ្ឋ ដែលបានចេញសេចក្ដីថ្លែងការណ៍ បំផុសចលនាប្រឆាំងនាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា ហ៊ុន ម៉ាណែត មិនឲ្យឡើងដឹកនាំប្រទេស បន្តវេនពីសម្ដេចហ៊ុន សែន ជាឪពុក ដោយលើកហេតុផលដូចពួកប្រឆាំងនៅក្រៅប្រទេស (ក្រុមលោកសម រង្ស៊ី) ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មិនត្រឹមត្រូវ មិនសេរីយុត្តិធម៌ ដោយសារគ្មានបក្សប្រឆាំងចូលរួម ។
លោកបណ្ឌិត ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ថា អ្នកវិភាគរត់ចោលស្រុក ដែលតាំងខ្លួនជាប្រធានវេទិកាពលរដ្ឋ (គឹម សុខ) និងពួកប្រឆាំងនៅក្រៅប្រទេស (ក្រុមលោកសម រង្ស៊ី) មានគំនិតប្រឆាំងតែមួយដូចគ្នា គឺមិនចង់ឃើញការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នេះទេ ។ ដូច្នេះលោកស្នើឲ្យមជ្ឈដ្ឋានមហាជន តាមដានមើលទាំងអស់គ្នាទៅ ថាតើការបំផុសចលនាប្រឆាំងនាយករដ្ឋមន្ត្រីថ្មីនេះ មានប្រសិទ្ធភាពឬអត់?
លោកបណ្ឌិត ឈឹម ផលវរុណ បានមានប្រសាសន៍ថា “ដូចដែលខ្ញុំនិយាយអ៊ីចឹង និន្នាការទាំងអស់ហ្នឹង គឺគាត់បញ្ចេញមតិតាមវិធីអីក៏បញ្ចេញទៅ យើងគ្មានអ្វីទៅរវល់តបតទេ ។ ជារួម ពួកមាននិន្នាការទាំងអស់នោះ គ្មានអ្វីសំខាន់សម្រាប់ឲ្យយើងចង់តបទេ ពោលគឺមកពីអត់សំខាន់ហ្នឹងហើយ ទើបយើងអត់តបតហ្នឹង“ ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកគឹម សុខ ប្រធានវេទិកាពលរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍ មិនទទួលស្គាល់លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាត់ទុកលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីខុសច្បាប់ និងថាមិនតំណាងផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ ។
សេចក្ដីថ្លែងការណ៍របស់លោកគឹម សុខ ប្រធានវេទិកាពលរដ្ឋ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា «វេទិកាពលរដ្ឋ ប្រឆាំងដាច់ខាតនូវការតែងតាំងលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះវាជាដំណើរការដែលកើតពីការបោះឆ្នោតខុសច្បាប់ ជាពិសេសផ្ទុយពីខ្លឹមសាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសជាតិ។ លទ្ធផលនៃការបោះឆ្នោតខុសច្បាប់ កាលពីថ្ងៃទី២៣ កក្កដា ២០២៣ បង្កើតបានត្រឹមតែរដ្ឋសភាដែលខុសច្បាប់ ហើយរដ្ឋសភាខុសច្បាប់ បង្កើតបានតែរដ្ឋាភិបាលខុសច្បាប់ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីខុសច្បាប់។ ជាក់ស្ដែងណាស់ លោកហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីខុសច្បាប់ នៃរដ្ឋាភិបាលខុសច្បាប់ នៅប្រទេសកម្ពុជា »។
សេចក្ដីថ្លែងការណ៍ដដែល បានបន្តថា «ការបោះឆ្នោតកាលពីថ្ងៃទី២៣ កក្កដា ២០២៣ មិនអាចចាត់ទុកថាជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបង្កើតរដ្ឋសភា របស់ប្រទេសជាតិឡើយ ពីព្រោះគ្មានភាពសេរី មិនត្រឹមត្រូវ អត់យុត្តិធម៌ ពុំមានភាពស្មើភាព និងគំរាមកំហែងភាពសម្ងាត់ នៅពេលក្រុមអ្នកនយោបាយ និងគណបក្សនយោបាយគូប្រជែង ដែលមានសក្ដានុពលនានា ត្រូវបានរុញចេញពីសង្វៀនទាំងអស់ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតវិញ នៅក្រោមឥទ្ធិពលផ្តាច់មុខរបស់លោកហ៊ុន សែន។ គឺផ្ទុយស្រឡះពីខ្លឹមសារស្នូល នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា២ និងមាត្រា៥ និងជាពិសេសស្មារតីរដ្ឋធម្មនុញ្ញ មាត្រា៧៦ថ្មី» ។
លោកគឹម សុខ បានបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះថា «កាលណាការបោះឆ្នោតខុសច្បាប់ ដែលបង្កើតបានរដ្ឋសភា និងរដ្ឋាភិបាលខុសច្បាប់ គឺមិនមែនជាស្ថាប័នជាតិតំណាងផលប្រយោជន៍ប្រជាពលរដ្ឋ នោះប្រជាពលរដ្ឋមិនអាចប្រើអំណាចរបស់ពួកគាត់ជាម្ចាស់ប្រទេស តាមរយៈរដ្ឋសភា និងរដ្ឋាភិបាល ដូចមានចែងក្នុងមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ត្រង់ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទេ។ ប្រជាពលរដ្ឋបាត់បង់ប្រយោជន៍ទាំងស្រុង ព្រោះតែរដ្ឋសភា និងរដ្ឋាភិបាលខុសច្បាប់ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីខុសច្បាប់។ វេទិកាពលរដ្ឋ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទី ទូទាំងពិភពលោក ស្រុះគ្នាក្រោកឡើងធ្វើសកម្មភាពតវ៉ាប្រឆាំងនឹងនាយករដ្ខមន្ត្រីខុសច្បាប់ ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលខុសច្បាប់របស់គាត់។ គឺយើងធ្វើប្រតិកម្មខ្លាំងៗ តវ៉ារហូតមានការផ្លាស់ប្ដូរជាវិជ្ជមាននៅប្រទេសកម្ពុជា ឬយ៉ាងហោចណាស់ក៏មានសញ្ញានៃការស្ដារប្រជាធិបតេយ្យកម្ពុជា ឡើងវិញដែរ» ។
គួរបញ្ជាក់ដែរថា ស្របពេលដែលលោកគឹម សុខ ប្រធានវេទិកាពលរដ្ឋ ចេញសេចក្ដីថ្លែងការណ៍បំផុសចលនាប្រឆាំងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះដែរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដែលជាថ្ងៃនាយករដ្ឋមន្រ្តីបន្តវេន របស់គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ហ៊ុន ម៉ាណែត ចូលកាន់តំណែងនោះ សកម្មជនអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលភាគច្រើនជាក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង នៅក្រៅប្រទេស រួមមាន សហរដ្ឋអាមេរិក កាណាដា ប្រទេសបារាំង ជប៉ុន កូរ៉េខាងត្បូង ជាដើម បាននាំគ្នាធ្វើបាតុកម្ម មិនទទួលស្គាល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី របស់កម្ពុជា ដោយលើកហេតុផលថា ការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ជាការបោះឆ្នោតក្លែងក្លាយ និងមិនមានប្រជាធិបតេយ្យ ព្រោះគ្មានគណបក្សប្រឆាំងពិតប្រាកដ ចូលរួមប្រកួត ។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ឆ្លើយតបទៅពួកប្រឆាំង នៅពេលនោះថា ការធ្វើបាតុកម្មនោះ ជារឿងឥតបានការ ព្រោះរាជរដ្ឋាភិបាលថ្មី កំពុងដំណើរការទៅមុខហើយ អង្ករក្លាយជាបាយហើយ ទោះខំស្រែកយ៉ាងណា ក៏បានតែស្រែក ហើយការស្រែកនេះ វាគ្រាន់តែជាការលម្អដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តែប៉ុណ្ណោះ ខណៈដែលសហគមន៍អន្តរជាតិ ប្រទេសមួយចំនួន ក៏បានទទួលរាជរដ្ឋាភិបាលថ្មីកម្ពុជា ដែលកើតចេញពីការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះដែរ ៕ កុលបុត្រ