ភ្នំពេញ ៖ បន្ទាប់ពីកីឡាករប្រដាល់គុនខ្មែរ ល្បីឈ្មោះ ព្រំ សំណាង បានបង្ហាញពីអារម្មណ៍អាក់អន់ស្រពន់ចិត្ត រឿងការផ្តល់តម្លៃខ្លួនប្រកួតជាមួយកីឡាករស្តេចប្រដាល់ភូមា ទាបជាងគេ ថាជាការមិនឲ្យតម្លៃដល់ជាតិសាសន៍ ឯងនោះមក លោកជា វណ្ណារិទ្ធ ពិធីករល្បីឈ្មោះមួយរូបប្រចាំស្ថានីយទូរទស្សន៍បាយ័ន បាន បញ្ចេញមតិយោ បល់ថា ជូនដល់កីឡាករព្រំ សំណាង ថា គ្រប់គ្នាដឹងថាគេជាស្តេចប្រដាល់ភូមា ចំណែកលោកព្រំ សំណាង មិន ទាន់ក្លាយជាស្តេចប្រដាល់គុនខ្មែរ នៅឡើយទេ ប៉ុន្តែបើព្រំ សំណាង ប្រកួតឈ្នះស្តេចប្រដាល់ភូមា ដាវ លីឌុច គឺជាឱកាសល្អនាំមកកេរ្តិ៍ឈ្មោះដល់ខ្លួនឯង និងគុនខ្មែរ ល្បីរន្ទឺទូទាំងពិភពលោកដោយស្វ័យប្រវត្តិ។

លោកជា វណ្ណារិទ្ធ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៣ ថា “មិនមែនគេមិនឱ្យតម្លៃពូណាង និងគុនខ្មែរ ឬលើកម្កើងតែគេទេ តែគ្រប់គ្នាដឹងថា គេជាស្តេចប្រ ដាល់ភូមា ចុះពូណាង ជាស្តេចប្រដាល់គុនខ្មែរ ហើយឬនៅ? ម៉្យាងមុនទទួលការប្រកួត សុទ្ធតែមានការចរចា គ្នាជាមុន រវាងភាគី A & B បើទទួលយកមិនបាន កុំប្រកួត មិនមែនចង់ប្រកួតជាមួយគេ ហើយសុំគេ តម្លៃនេះ តម្លៃនោះ នុះទេ។ ធម្មតាតម្លៃខ្លួន ឬតម្លៃការងារម្នាក់ៗ គេរក្សាការសម្ងាត់ មិនអ៊ីចឹង? ម៉្យាងបើចង់ឱ្យគុនខ្មែរ ល្បីមែន ការប្រកួតជាមួយ Dav គឺជាឱកាសល្អ កាលណាបើឈ្នះ គុនខ្មែរល្បីរន្ទឺទូទាំងពិភពលោកដោយស្វ័យ ប្រវត្តិ តែបើចាញ់វិញ ក៏បងនៅតែមានគុណតម្លៃក្នុងនាមជាជនជាតិខ្មែរ ថែរក្សាលើកស្ទួយគុនខ្មែរ ដោយមន សិការ ហើយក៏មិនខ្វះដែរចំពោះអ្នកដែលជួយជ្រោមជ្រែង ឧបត្ថម្ភ មិនអ៊ីចឹង! តែបើនិយាយឡើងលើកតែពីបញ្ហា លុយៗៗៗ ដោយធ្វើការប្រៀបធៀបតម្លៃគេជាស្តេចប្រដាល់អ៊ីចឹង បើឈ្នះ មិនអីទេ ចុះបើចាញ់? ក្រៅពីបាន លុយ តើបានអ្វីទៀត? គ្រាន់តែជាមតិយោបល់ខ្ញុំប៉ុណ្ណោះ…”។

លោកជា វណ្ណារិទ្ធ បានសរសេរបន្ថែម នៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ថា “សំណាង ព្រំ-គុនខ្មែរ សង្ឃឹមថា ពូនឹងមិនខឹងស្អប់ចំពោះអ្វីដែលខ្ញុំបានលើកឡើងទេ ព្រោះខ្ញុំមិនចង់ឱ្យពូមានសម្ពាធ ដូចការលើកឡើងក្នុងបទ សម្ភាសន៍អ៊ីចឹង ពូថាបាក់ទឹកចិត្តណាស់ មិននឹកស្មានថាតម្លៃខ្លួនបានប៉ុណ្ណឹង បើប្រៀបធៀបនឹងគេ។ ខ្ញុំយល់ពី អារម្មណ៍ពូណាស់ ព្រោះខ្ញុំក៏ជាអតីតកីឡាករប្រយុទ្ធមួយរូបដែរ ចង់បានណាស់តម្លៃខ្លួន ឱ្យស័ក្តិសមទៅនឹង ការឈឺសាច់ តែកាលៈទេសៈខ្លះ ពិបាកណាស់ ពូខ្លួនឯងដឹងហើយ គ្មានអ្នកណាដឹងច្បាស់ជាងខ្លួនឯងទេ។ អ្វីដែលពូត្រូវសម្រេចចិត្ត គឺទទួលយកបានឬមិនបាន ប្រកួតឬមិនប្រកួតប៉ុណ្ណោះ ព្រោះការប្រកួតនេះ មើលទៅ ក៏ដូចជាការប្រកួតមិត្តភាពដែរទេ ហើយមើលទៅ Dav ក៏ស្រលាញ់ពេញចិត្តពូណាង និងធនធានកម្ពុជា មិន ធម្មតាដែរ។ សូមផ្តោតអារម្មណ៍ហ្វឹកហាត់ឱ្យបានល្អណា កាលបរិច្ឆេទប្រកួត បានកំណត់ហើយ ខ្ញុំនៅតែគាំ ទ្រពូជានិច្ច ដោយក្តីគោរពស្រលាញ់ពូណាង កីឡាករលំដាប់ប្រទេសរបស់កម្ពុជា…”។

គួរបញ្ជាក់ថា ការផ្តល់មតិយោបល់ របបស់ពិធិករ ជា វណ្ណារិទ្ធ ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកីឡាករប្រ ដាល់គុនខ្មែរ ដែលកំពុងល្បីឈ្មោះជួរមុខនាបច្ចុប្បន្ន លោកព្រំ សំណាង បាននិយាយកាលពីពេលថ្មីៗនេះ ប្រាប់អ្នកសារព័ត៌មានថា លោកមានការអន់ចិត្ត មិននឹកស្មានថា ខ្មែរយើងឱ្យតម្លៃតែជាតិសាសន៍គេ ហើយ អត់ឱ្យតម្លៃជាតិសាសន៍ខ្លួនឯង មើលងាយជាតិសាសន៍ខ្លួនឯង វ៉ៃជាមួយស្តេចប្រដាល់គេទាំងមូល ម៉េចក៏ មិនឱ្យតម្លៃដូចគេផង ទោះបីមិនបានពាក់កណ្តាលគេ ក៏ក្រោមគេល្មមទទួលយកបានផង ឧទាហរណ៍គេបាន ៥ម៉ឺនដុល្លារ ឯខ្មែរសាសន៍ឯង បែរជាបានតែ១ម៉ឺនដុល្លារ។

កីឡាករ ព្រំ សំណាង បាននិយាយនៅពេលនោះថា “ក្តីរំពឹងពុកម៉ែបងប្អូនដែលសង្ឃឹមលើខ្ញុំ ហើយខ្ញុំធ្វើអត់ បានល្អ បើសិនខ្ញុំចាញ់ គឺខ្ញុំមានវិប្បដិសារ:ខ្លួនឯងតែម្តង ខ្ញុំគិតថាអ៊ីចឹង ពិបាកចិត្ត ខ្ញុំជឿថា ពុកម៉ែ បងប្អូន ខូចចិត្តអារឿងហ្នឹង ប៉ះពាល់ខ្លាំងមែនទែន គឺខ្ញុំគិតថា បើខ្ញុំចាញ់គេ ដោយសារតែពាក្យហ្នឹង ពាក្យបងប្អូនស្តី បន្ទោសខ្ញុំ។ ខ្ញុំគ្រាន់តែចង់ឱ្យពុកម៉ែ បងប្អូន ជួយកាត់សេចក្តីឱ្យសមរម្យ បើសិនជាខ្ញុំវ៉ៃជាមួយដាវ លីឌុច ឧទា ហរណ៍ថា គេបាន ៤-៥ម៉ឺនអ៊ីចឹងទៅ ហើយខ្ញុំនេះ វាអត់បាន ១ម៉ឺន ខ្ញុំអន់ចិត្ត ហើយខ្ញុំមិននឹកស្មានថា យើងឱ្យ តម្លៃតែជាតិសាសន៍គេ ហើយខ្លួនឯងអត់ឱ្យតម្លៃជាតិសាសន៍ខ្លួនឯង មានពីណាគេបង្អាប់ជាតិសាសន៍យើងទេ មានតែយើងទេ បើយើងឱ្យគេច្រើន តែយើងតិច ត្រង់ហ្នឹងហើយដែលមើលងាយជាតិសាសន៍ខ្លួនឯង។ វ៉ៃជាមួយស្តេចប្រដាល់ទាំងមូល ហើយបើសិនជាឱ្យតម្លៃខ្លួនគេខ្ពស់ លើកតម្កើងតែគេ អ៊ីចឹងខ្ញុំជាកីឡាករខ្មែរ ជនជាតិខ្មែរ ម៉េចក៏មិនឱ្យតម្លៃដូចគេផង ទោះបីមិនបានពាក់កណ្តាលគេ ក៏ក្រោមគេល្មមទទួលយកបានផង។ ខ្ញុំគ្រាន់តែចង់និយាយប៉ុណ្ណឹង បើពុកម៉ែ បងប្អូន ចង់ស្តីថាបន្ទោសខ្ញុំ សូមពុកម៉ែបងប្អូនគិតខ្លួនឯងខ្ញុំស្រលាញ់ ជាតិសាសន៍ខ្លួនឯង…”។

សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ព្រំ សំណាង ត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយកីឡាករស្តេចប្រដាល់ភូមា (មីយ៉ាន់ ម៉ា) លោកដាវ លីឌុច នៅប្រទេសកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ ៕ ដារិទ្ធ