ភ្នំពេញ ៖ នារីរូបស្រស់២នាក់ បានទាក់ទងស្គាល់យុវជនម្នាក់ តាមហ្វេសប៊ុក ដោយឆាតឆ្លើយឆ្លងគ្នាទើប នឹងបាន៣ថ្ងៃ ត្រូវបានខាងសុំធ្វើសង្សារ ឯខាងស្រីក៏យល់ព្រម លុះប្រុសណាត់ជួបមុខ និងនាំគ្នាទៅញ៉ាំអីរួច បបួលទៅលេងនៅផ្ទះមិត្តភក្តិ ស្រាប់តែដល់កន្លែងស្ងាត់ លេចមុខបក្ខពួក ២នាក់ទៀត មកព្រួតវាយនារីទាំង ២នាក់ ប្លន់យកទូរស័ព្ទ និងលុយ ចំនួន៤០០ដុល្លារ រួចនាំគ្នារត់គេចអស់។

ករណីសង្សារ៣ថ្ងៃ ស៊ីដាច់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យវាយប្លន់ស្រី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឈ្មោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក Nha Jlém។ ចំណែកបក្ខពួក ២នាក់ទៀត ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ក្រោយវាយប្លន់បាន សម្រេចបាននាំគ្នារត់គេចខ្លួនអស់។ រីឯនារីរងគ្រោះ ទាំង២នាក់ មិនបង្ហាញអត្តសញ្ញាណនោះទេ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចេញឈ្មោះថា ដំបូងឡើយ នាងបានស្គាល់ គ្នាជាមួយ ជនសង្ស័យខាងលើ តាមបណ្តាញសង្គម ហ្វេសប៊ុក ទើបនឹងបានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ដោយមិនដឹងថា ជនសង្ស័យមានឈ្មោះអី និងមានផ្ទះនៅឯណាឱ្យពិតប្រាកដទេ គ្រាន់តែដឹងថា មានឈ្មោះក្នុងគណនីហ្វេសប៊ុក Nha Jlém។ បន្ទាប់ពីស្គាល់គ្នាបាន៣ថ្ងៃ ពួកនាងក៏បានទទួលយកគ្នាជាសង្សារ ហើយខាងប្រុស ក៏បានណាត់ ជួបមុខនាង និងបបួលចេញទៅហូបអីជុំគ្នា។

នារីរងគ្រោះ បន្តថា បន្ទាប់មក នាងនិងមិត្តភក្តិ បានយល់ព្រមទៅជួបមុខ និងចេញទៅហូបអីជាមួយជនសង្ស័យ ។ លុះពេលញ៉ាំអីរួច ខាងប្រុស បានបបួលពួកនាងទៅលេងផ្ទះរបស់មិត្តភក្តិ នៅម្តុំកន្លែងកើតហេតុ ស្រាប់តែ ពេលធ្វើដំណើរទៅដល់ចំណុចផ្លូវស្ងាត់ លេចមុខជនសង្ស័យ២នាក់ទៀត ចេញមកព្រួតវាយពួកនាង និងបានប្លន់ យកទូរស័ព្ទដៃ របស់នាង ១គ្រឿង ម៉ាក iPhone11 និងលុយ ចំនួន៤០០ដុល្លារ ដែលដាក់ក្នុងស្រោមទូរស័ព្ទ រួចនាំ គ្នាឡើងជិះម៉ូតូជាមួយសង្សាររបស់នាង រត់គេចខ្លួនបាត់អស់តែម្តង ទើបពួកនាងភ្ញាក់ខ្លួនថា តាមពិតសង្សារ ៣ថ្ងៃនោះ នាំពួកនាងមកធ្វើស៊ី (វាយប្លន់) សោះ។

ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំនារីទាំង២នាក់ ខាងលើ ទៅកាន់មូលដ្ឋាន កងរាជអាវុធខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកំណត់មុខសញ្ញា ដើម្បីតាមចាប់ ខ្លួនក្រុមជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕




