មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យមន្ត្រីរបសលោកបោះជំហានបន្ថែមទៀត ដើម្បីអភិ វឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ កាលពីពេលថ្មីៗ ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងព្រមានថា កិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីលើបញ្ហាអាវុធគឺ គ្រោះថ្នាក់និងនាំមកនូវផលវិបាក។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលត្រូវបាន សារព័ត៌ មាន AP ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

សារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA បានរាយការណ៍ថា ក្នុងអំឡុងពេលកិច្ចប្រជុំការិយាល័យនយោបាយកាល ពីថ្ងៃពុធ ទី ២០ខែកញ្ញា លោកគីម ជុងអ៊ុន បានរៀបចំ ការងារដែលត្រូវធ្វើដើម្បីអភិវឌ្ឍបន្ថែមទៀតនៃ ទំនាក់ ទំនងទ្វេភាគីនៅកម្រិតខ្ពស់ថ្មីមួយនៅដំណាក់កាលជាក់ស្តែង ដើម្បីពង្រឹងជោគជ័យនៃដំណើរ ទស្សនកិច្ចរបស់ គាត់ ។
KCNA បានបន្ថែមថា លោក គីម បានគូសបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគីលើ គ្រប់វិស័យ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ពេលកំពុងធ្វើដំណើរនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី លោក គីម បានជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ហើយ បានទៅទស្សនាទីតាំងយោធានិងបច្ចេកវិទ្យាសំខាន់ៗរបស់រុស្ស៊ី។ អ្នកទាំងពីរបានស្នើថា ពួកគេនឹងសហការលើ បញ្ហាការពារជាតិ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់ណាមួយ ដែលធ្វើឲ្យកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តរួមទាំង សហរដ្ឋអាមេរិក មានការមិនសប្បាយចិត្ត។
អ្នកជំនាញបានប៉ាន់ស្មានថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីទំនងជាបានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងផ្ទេរអា វុធដែលត្រូវបានហាមឃាត់និងវិធានការសហប្រតិបត្តិការផ្សេងទៀតក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃរបស់មេដឹកនាំកូរ៉េខាងជើងកាលពីសប្តាហ៍មុន។ ពួកគេនិយាយថា ប្រទេសទាំងពីរយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការបង្កើនទំនាក់ទំនងរបស់ពួកគេខណៈពេលដែលពួកគេកំពុង ប្រឈមមុខដាក់គ្នាដាច់ដោយ ឡែកជាមួយលោកខាងលិច។
ក្រុមអ្នកសង្កេតការណ៍និយាយថា លោក គីម អាចដឹកជញ្ជូនគ្រាប់រំសេវដើម្បីបំពេញឃ្លាំងអាវុធដែលជិតអស របស់លោក ពូទីន ដើម្បីគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់លោកក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការទទួល បានបច្ចេកវិជ្ជាអាវុធទំនើប និងជំនួយសេដ្ឋកិច្ច។
អ្នកជំនាញជាច្រើនបាននិយាយដូចៗគ្នាថា កូរ៉េខាងជើងនឹងស្វែងរកជំនួយពីរុស្ស៊ី ដើម្បីបញ្ចប់ការអភិវឌ្ឍន៍ ប្រព័ន្ធអាវុធបច្ចេកវិទ្យាខ្ពស់ ដូចជាផ្កាយរណបចារកម្ម នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងមីស៊ីល រយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពល។ ពួកគេនិយាយថា លោក គីម ចង់ធ្វើទំនើបកម្មឃ្លាំងអាវុធរបស់គាត់ ដើម្បី ដណ្តើមយកសម្បទានកាន់តែច្រើនពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងដៃគូសម្ព័ន្ធ របស់ពួកគេបានព្រមានថា រុស្ស៊ី និងកូរ៉េខាងជើងនឹងបង់ថ្លៃ ប្រសិនបើពួកគេបន្តកិច្ចព្រមព្រៀងបែបនេះ ដោយបំពានលើសេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គ ការសហប្រជាជាតិដែលហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង។ រុស្ស៊ីដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច របស់អង្គការ សហប្រជាជាតិទាំងនោះ។

ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សុកយុល បាននិយាយថាសកម្មភាពណាមួយរបស់សមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បី គេចចេញពីបទដ្ឋានអន្តរជាតិនឹងមានគ្រោះថ្នាក់ និងផ្ទុយស្រឡះ។ លោកបន្តថា កូរ៉េខាងត្បូង រួមជាមួយនឹង សម្ព័ន្ធមិត្តរបស់ខ្លួន នឹងមិនអង្គុយនៅស្ងៀមជុំវិញកិច្ចព្រមព្រៀងអាវុធ ក្រុងព្យុងយ៉ាង-ម៉ូស្គូដែលលោកបាននិ យាយថានឹងបង្កការគំរាមកំហែងដល់មិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងកូរ៉េខាងត្បូងផងដែរ៕