ប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនស៊ុក យុល កាលពីថ្ងៃអង្គារទី ២៦កញ្ញាបានព្រមានថា របបកូរ៉េខាងជើង នឹងត្រូវបានបញ្ចប់ប្រសិនបើហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
ថ្លែងសុន្ទរកថានៅឯមូលដ្ឋានទ័ពអាកាសសេអ៊ូល ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី៧៥លោកយុន បាននិយាយថាកូរ៉េខាងជើងគួរតែដឹងថាអាវុធនុយក្លេអ៊ែររបស់ខ្លួននឹងមិនអាចធានាសន្តិសុខរបស់ខ្លួនបានទ។សារព័ត៌មានយុនហាប់ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានដកស្រង់សម្តីប្រធានាធិបតីថាប្រសិនបើប្រទេសកូរ៉េខាងជើងប្រើប្រាស់អាវុធនុយក្លេអ៊ែរ របបរបស់ខ្លួននឹងត្រូវបញ្ចប់ដោយការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក ។

លោកប្រធានាធិបតីបាននិយាយថា ទីក្រុងព្យុងយ៉ាងកំពុងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួនបើទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិក៏ដោយ។
លោកបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
កូរ៉េខាងត្បូង បង្ហាញមីស៊ីលថ្ងៃខួបកងកម្លាំងប្រដាប់អាវុធ

នៅក្នុងឱកាសប្រារព្ធខួបលើកទី៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃអង្គារទី២៦ កញ្ញា ឆ្នាំ ២០២៣ យោធាកូរ៉េខាងត្បូងបានបង្ហាញ
មីស៊ីលដែលមានថាមពលខ្ពស់និងប្រព័ន្ធអាវុធសំខាន់ៗផ្សេង ដើម្បីព្រមានជាក់ស្តែងប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងយោធារបស់កូរ៉េខាងជើង។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់កាលពីថ្ងៃអង្គារ។
រថយន្ត៩ គ្រឿងដឹកមីស៊ីលនៅលើផ្ទៃរាបស្មើប្រភេទ Hyunmoo បានដង្ហែតាមផ្លូវរត់ភ្លើងនៅឯមូលដ្ឋានទ័ពអាកាស Seoul ក្នុងទីក្រុង Seongnam នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏សំខាន់មួយខណៈដែលទីក្រុងសេអ៊ូលស្វែងរកការពង្រឹងសមត្ថភាពឆ្លើយតបរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងអភិវឌ្ឍរបស់ទីក្រុងព្យុងយ៉ាង។
កូរ៉េខាងត្បូងបានបង្កើតមីស៊ីល Hyunmoo ជាបន្តបន្ទាប់ រួមទាំងប្រភេទមីស៊ីលបាញ់ផ្លោងឆ្លងទ្វីបបាលិស្ទិក និងប្រភេទបាញ់ចេញពីនាវាផងដែរ។
យោធាមិនបានបង្ហាញលម្អិតរបស់មីស៊ីល Hyunmoo ព្រោះវាជាកិច្ចការសម្ងាត់របស់យោធាដោយគ្រាន់តែដឹងថា មីស៊ីលHyunmoo ថ្មីបំផុត ដែលមានឈ្មោះថា Hyunmoo-5 ត្រូវបានគេដឹងថា អាចផ្ទុកក្បាលគ្រាប់ទម្ងន់ ៨-៩តោន និងអាចបំផ្លាញលេណដ្ឋានក្រោមដី។

នៅក្នុងពិធីនេះក៏បានបង្ហាញពីប្រព័ន្ធសព្វាវុធផ្សេងទៀត រួមទាំងប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីដីទៅអាកាស Surface-to-Air Missile (L-SAM) ដែលកំពុងត្រូវបានអភិវឌ្ឍ និងដាក់បង្ហាញជាសាធារណៈលើកដំបូង។
L-SAM ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោងចូលមកក្នុងរយៈកម្ពស់ពី៥០-៦០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថាជាធាតុសំខាន់នៃកម្មវិធី KAMD ៕