Sunday, May 11, 2025
Homeព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីហ្វីលីពីន បញ្ជាឲ្យដករបាំងបណ្តែត​ទឹកចិន ​​ចេញពីតំបន់ជម្លោះ

 នាយករដ្ឋមន្ត្រីហ្វីលីពីន បញ្ជាឲ្យដករបាំងបណ្តែត​ទឹកចិន ​​ចេញពីតំបន់ជម្លោះ

បន្ទាប់ពីទទួលបានបទបញ្ជាពីប្រធានាធិបតីលោក ហ្វើឌីណាន់ ម៉ាកូស ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយ​ថាខ្លួនបានដករបាំងបណ្តែតទឹកដែលចិនដាក់ពង្រាយ ដើម្បីរារាំងទូកនេសាទហ្វីលីពីនមិន​ឲ្យចូលទៅក្នុងតំបន់​ជម្លោះសមុទ្រចិនខាងត្បូង។

បទបញ្ជារបស់លោកម៉ាកូសបានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន​លោក​Eduardo Ano បានសន្យាថានឹងចាត់វិធានការសមស្របដើម្បីដក របាំងបណ្ដែតទឹកដែលត្រូវបានដំឡើង​នៅតំបន់ថ្មប៉ប្រះទឹក Scarborough ដោយឆ្មាំសមុទ្រចិននេះចេញ។

ក្រុងម៉ានីលនិយាយថា ប្រទេសចិនបានរំលោភសិទ្ធិនេសាទរបស់ខ្លួនជាមួយរបាំងប្រវែង ៣០០ ម៉ែត្រ នៅតំបន់ Scarborough Shoal។ចិនបានទាមទារជាង ៩០% នៃសមុទ្រចិនខាងត្បូង និងបានរឹបអូសយកច្រាំងសមុទ្រក្នុងឆ្នាំ ២០១២។

Scarborough Shoal គឺជាកន្លែងនេសាទដ៏សំខាន់ដែលមានចំងាយប្រហែល២០០គីឡូម៉ែត្រពីទីក្រុងម៉ានីល នៅ​ក្នុង​​តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ) និងជាទីតាំងជម្លោះជាច្រើនទសវត្សរ៍លើអធិបតេយ្យភាព។ទីក្រុងប៉េកាំងបានការពារសកម្មភាពរបស់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួនដោយនិយាយថានេះជាវិធានការចាំបាច់។ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា របាំងនេះបានបង្កគ្រោះថ្នាក់ដល់ការរុករក ដែលជាការរំលោភយ៉ាងច្បាស់លាស់នៃច្បាប់អន្តរជាតិនិងរារាំងដល់សកម្មភាពនេសាទនិងការចិញ្ចឹមជីវិតរបស់អ្នកនេសាទហ្វីលីពីនផងដែរ ៕

RELATED ARTICLES