កណ្ដាល៖ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានរៀបចំសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៩ កញ្ញា ស្ដីពីការប្រកួតប្រដាល់ អន្ដរជាតិ គុនខ្មែរប៉ុស្ដិ៍លេខ៥ ប្រចាំសប្ដាហ៍ជារៀងរាល់ថ្ងៃអាទិត្យ ដែលរៀបចំនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពិស ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកហួង តារាមុនី អគ្គនាយកវិទ្យុ និងទូរទស្សន៍ ខ.ភ.ម ប៉ុស្ដិ៍លេខ៥ ,លោកApichart Duang Art នាយកចាត់ការទូទៅ ក្រុមហ៊ុនទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធី,ឯកឧត្តមម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ,លោកជំទាវរស់ ឡុងម៉ាឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,អ្នកសារព័តមានជាច្រើនស្ថាប័ន រួមទាំងអាជ្ញាកណ្ដាលនិងកីឡាករប្រដាល់ជាច្រើនរូបផងដែរ។
លោកហួង តារាមុនី អគ្គនាយកវិទ្យុ និងទូរទស្សន៍ ខ.ភ.ម ប៉ុស្ដិ៍លេខ៥ បានមានប្រសាសន៍ថាស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជានិច្ចកាលតែងតែលើកស្ទួយលើគ្រប់វិស័យ ក្នុងនោះវិស័យប្រដាល់គុនខ្មែរជាវិស័យមួយដែលរាជរដ្ឋាភិបាលបានយកយកចិត្តទុកដាក់ខ្ពស់បំផុត។កីឡាប្រដាល់គុនខ្មែរជាមរតកក្បាច់គុនរបស់ខ្មែរតាំងពីបុរាណកាលមកដែលប៉ុស្ដិ៍លេខ៥ បានរៀបចំជាលក្ខណៈអន្ដរជាតិ លក្ខណៈជាតិ ទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅស្រុក។ការប្រកួតប្រដាល់គុនខ្មែរប្រចាំសប្ដាហ៍នាពេលខាងមុខនេះជាការប្រកួតជាលក្ខណៈអន្ដរជាតិដែលមានការប្រកួតចំនួន៥គូក្នុង១សប្ដាហ៍ ក្នុងគោលបំណងផ្ដល់ឱកាសដល់កីឡាករដើម្បីរកប្រាក់ចំណូលផ្គត់ផ្គងដល់គ្រួសារ បញ្ចេញសម្ថភាព បទពិសោធន៍ដើម្បីឈានទៅរកភាពជោគជ័យ កិត្តិយស កេរ្តិ៍ឈ្មោះ ដែលការប្រកួតចាប់ពីម៉ោង៦ល្ងាចតទៅនៅរៀងរាល់ល្ងាចថ្ងៃអាទិត្យនៅស្ទូឌីយូប៉ុស្ដិ៍លេខ៥ ព្រែកកំពិស ហើយក៍មានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ,តាមApp Tv5 Cambodia Facebook និងYu Tube ផងដែរ។
ចំណែកMr .Apichart Duang Art នាយកចាត់ការទូទៅក្រុមហ៊ុនទឹកបរិសុទ្ធ លីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកអនាម័យទឹកកកPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធី បានថ្លែងថាយើងមានសេចក្ដីរីករាយក្រៃលែងដែលមានចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយកីឡាប្រដាក់គុនខ្មែររបស់យើង ដើម្បីធ្វើឲ្យកីឡារគុនខ្មែរមានសក្ដានុពល ហើយអាចទៅប្រកួតលំដាប់សាកលលោកដើម្បីនាំយកកេរ្តិ៍ឈ្មោះជូនជាតិយើង។ក្នុងនាមជាSponsor ធំលោកមានសង្ឃឹមយ៉ាងមុតមាំថាកីឡាគុនខ្មែរយើងនឹងមានកេរ្ដិ៍ឈ្មោះ ហើយកាន់តែតែរឹងមាំថែមទៀតទាំងនាពលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថាស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ចាប់ដៃជាមួយក្រុមហ៊ុនទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនអ៊ីវ៉ា ទឹកកកអនាម័យPremium ជាម្ចាស់ឧបត្ថម្ភកម្មវិធីនាពេលនេះជាការគាំទ្រកីឡាប្រដាល់គុនខ្មែរគឺមានបំណងចង់លើកកម្ពស់កិត្យានុភាពលើការផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរលើឆាកអន្ដរជាតិ ក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរទៅដល់ដល់យុវជននិងអ្នកស្នេហាវិស័យគុនខ្មែរឲ្យកាន់តែសកម្មថែមទៀត។ក្នុងនាមជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានតែរួមចំណែកក្នុងការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៍ដូចជាម្ចាស់Sponsors ខាងលើ។ជាមួយគ្នានេះដែរឯកឧត្តមក៍បានអំពាវនាំវឲ្យទស្សនិកជនអញ្ជើញមកទស្សនាដោយផ្ទាល់ ឬតាមរយៈផ្សាយផ្ទាល់លើទូរទស្សន៍ និងផេកទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ឲ្យបានច្រើនដើម្បីលើកស្ទួយក៍ដូចជាបំផុសដល់វិស័យប្រដាល់គុនខ្មែរឲ្យកាន់តែទូលំទូលាយថែមទៀត ។
សូមបញ្ជាក់ថាការប្រដាល់គុនខ្មែរ នៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ មានប្រជាប្រិយភាពខ្លាំងដែលមានអ្នកទស្សនាណែនៗស្ទូឌីយូ ហើយការវិលត្រឡប់មកតំណើរការរដូវកាលថ្មីនេះធ្វើឲ្យអ្នកស្នេហាវិស័យកីឡាគុនខ្មែរជាច្រើនរីករាយខ្លាំង។ទស្សនិកជនអាចទៅទស្សនាដោយផ្ទាល់ជារៀងរាល់ថ្ងៃអាទិត្យ នៅស្ទូឌីយោប៉ុស្ដិ៍លេខ៥ ព្រែកកំពិស ចាប់ពីម៉ោង៦ល្ងាច តទៅ ៕