ភ្នំពេញ ៖ លោកសំ សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនក្មេងស្រីទំនើងម្នាក់ ដែលព្រួតវាយជាន់កទៅលើយុវតីម្នាក់ ក្នុងបន្ទប់ផ្ទះសំណាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ខណៈសមត្តកិច្ចកំពុងស្វែងរកចាប់ខ្លួនបក្ខពួក៣ទៀតដែលគេចខ្លួន។យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះគ្រុយ ស្រីលាភ អាយុ១៥ឆ្នាំ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាវាយ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ ៣៤២ ផ្លូវលេខ ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ដីកាខាងលើ បានបង្គាប់ ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការ នាំខ្លួនជនត្រូវចោទឈ្មោះគ្រុយ ស្រីលាភ យកទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្ត ឱ្យបានត្រឹមត្រូវតាមច្បាប់។

គួររំលឹកថា ករណីយុវតីជើងខ្លាំង ១ក្រុម ព្រួតវាយជាន់កក្មេងស្រីម្នាក់ ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ក្នុងខណ្ឌមានជ័យ រួចថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក នោះ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចមុខ ផ្សារព្រែកតូច ឃុំព្រែកតាគង់ ស្រុកស្អាង ខេត្តកណ្តាល ខណៈបក្ខពួក៣នាក់ កំពុងគេចខ្លួន។

យុវតីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគ្រុយ ស្រីលាភ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។ ការចាប់ខ្លួនយុវតីរូបនេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់ ៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ចំណែកយុវតីរងគ្រោះ មានឈ្មោះយ៉េន សុនីតា អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ស្លាកស្នាមរបួស ជាំភ្នែកស្តាំ ជាំត្រចៀកឆ្វេង ចុកពោះខាងឆ្វេង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតវាយ និងទាត់ធាក់លើជនរងគ្រោះ បណ្តាលឱ្យរងរបួសឈឺចុកចាប់ពេញដងខ្លួន និងក្នុងពោះ) ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់៣៤២ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បង្កឡើងដោយជនសង្ស័យ ចំនួន៤នាក់ រួមមាន ទី១-ឈ្មោះគ្រុយ ស្រីលាភ ភេទស្រី អាយុ១៧ឆ្នាំ (ឃាត់ខ្លួន)។ ទី២-ឈ្មោះស្រីលី ភេទស្រី អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន)។ ទី៣-ឈ្មោះស្រីរ៉ា ភេទស្រី អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន) និងទី៤-ឈ្មោះស្រីយូ ភេទស្រី អាយុប្រហែល១៦ឆ្នាំ (គេចខ្លួន)៕