Saturday, March 15, 2025
Homeសន្ដិសុខសង្គមអ្នកដឹកជញ្ជូនខូចចិត្ត លោតទឹកស្ពានជ្រោយចង្វា

អ្នកដឹកជញ្ជូនខូចចិត្ត លោតទឹកស្ពានជ្រោយចង្វា

ភ្នំពេញ ៖ យុវជនជាអ្នកដឹកជញ្ផូនម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ គិតខ្លី ជិះម៉ូតូឡើងស្ពានជ្រោយចង្វា រួចស្ទុះលោតចូលទៅក្នុងទឹកទន្លេ លិចបាត់ខ្លួនឈឹង ដោយបន្សល់ទុកស្បែកជើង ១គូ ម៉ូតូ ១គ្រឿង និងលិខិតបណ្តាំ ១ច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា បើតាមកាតដែលសមត្ថកិច្ចរកឃើញ មានឈ្មោះសុខ វិសាល ភេទប្រុស ជាបុគ្គលិកដឹកជញ្ជូន។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ គ្មាននរណាម្នាក់បានដឹងថា យុវជនរូបនេះមានរឿងអ្វីនោះទេ ស្រាប់តែនៅសុខៗយុវជនខាងលើ បានជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប៊ិកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1987 ដោយមានធុងដឹកអាហារ ជាប់នៅលើម៉ូតូផង បានជិះសំដៅឡើងស្ពានជ្រោយចង្វា មកដល់ត្រង់ចំណុចកើតហេតុ បានឈប់ម៉ូតូ រួចដោះស្បែកជើងទុកចោល ហើយស្ទុះលោតទម្លាក់ខ្លួនចូលទៅក្នុងទឹក ទាំងកំរោលតែម្តង សូម្បីតែអ្នកប្រទះឃើញ ចង់ស្ទុះទៅឃាត់ ក៏មិនទាន់ផង។

នៅពេលដែលយុវជនខាងលើលោតចូលដល់ក្នុងទឹកទន្លេ គេឃើញយុវជនរូបនេះ បានផុសឡើង ២ដងដែរ រួចក៏លិចបាត់ឈឹងតែម្តង ទោះជួយក៏ជួយមិនទាន់ បន្សល់ទុកតែម៉ូតូ ទូរស័ព្ទអិចចុចពិល មួយគ្រឿង ស្បែកជើង មួយគូ និងលិខិតបណ្តាំ ១។

យោងតាមលិខិតបណ្តាំដែលយុវជនខាងលើបន្សល់ទុក បានសរសេររៀបរាប់ថា “ខ្ញុំសុំទោសអ្នកទាំងអស់គ្នា B Nita, B Vin, B Nath អហោសិកម្មឱ្យខ្ញុំផង ម៉ាក់ យាយ ពូ ឱ្យខ្ញុំសុំទោសដែលមិនបាននៅជួយគ្រួសារ ជាតិក្រោយខ្ញុំនឹងធ្វើឱ្យបានល្អ…”។

ក្រោយកើតហេតុ គេបានឃើញសាច់ញាតិរបស់យុវជនខាងលើ បានមកដល់ទីតាំងកើតហេតុ និងបានទិញចេក និងធូបទៀន មកអុជ បន់ស្រន់ សុំឱ្យរកឃើញ​សពជនរងគ្រោះឆាប់ៗ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES