យោងតាមកាសែត The Telegraph ចេញផ្សាយកាលពីថ្ងៃអង្គារទី១០ ខែតុលាឆ្នាំ ២០២៣ បានឲ្យដឹងថាអតីតខ្សែប្រយុទ្ធ ក្លឹបបិសាចក្រហម Man Utd លោក Wayne Rooney កំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយក្រុម Birmingham City ដើម្បីវិលត្រឡប់ទៅកាន់បាល់ទាត់អង់គ្លេសវិញបន្ទាប់ពីក្លឹបនេះបណ្តេញលោក John Eustaceចេញពីតំណែង ។
Rooney ដែលជាអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និង Man Utd គឺជាជម្រើសទី ១ របស់ក្រុមប្រឹក្សាភិបាលរបស់ Birmingham ដើម្បីស្នងតំណែង Eustace ជាគ្រូបង្វឹកនៅក្លឹបឆេមពានស៊ីប។ កីឡាករវ័យ ៣៧ ឆ្នាំបានចាកចេញពីតួនាទីរបស់គាត់នៅក្លឹបWasington DC United របស់ MLS កាលពីចុងសប្តាហ៍ ហើយកាលពីថ្ងៃចន្ទកំពុងស្ថិតក្នុងការចរចាជាមួយម្ចាស់ក្លឹប Birminghamដោយក្លឹបសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។
កាសែតដដែលបានរាយការណ៍ថាតាមពិតទៅ Rooney ត្រូវបានក្លាយជាគ្រូបង្វឹកជំនួស Eustace តាំងពីថ្ងៃទី ៧ ខែកញ្ញាប៉ុន្តែត្រូវបានពន្យាពេលហើយគាត់អាចត្រូវបានបង្ហាញជាផ្លូវការនៅចុងសប្តាហ៍នេះ ប្រសិនបើការពិភាក្សានៅតែបន្តដំណើរការ។ លោក Rooney ត្រូវបានគេរំពឹងថានឹងនាំយកអតីតមិត្តរួមក្រុមអង់គ្លេស Ashley Cole អតីតមិត្តរួមក្រុមរបស់ United លោក John O’Shea និងអនុប្រធានដ៏គួរឱ្យទុកចិត្តគឺលោក Pete Shuttleworth ជាបុគ្គលិករបស់គាត់៕