Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាញ់១០គ្រាប់ ស្លាប់១ ធ្លាយគូទ១ ជាប់ខ្នោះ១

បាញ់១០គ្រាប់ ស្លាប់១ ធ្លាយគូទ១ ជាប់ខ្នោះ១

ខេត្តបាត់ដំបង ៖ ជនសង្ស័យជាខ្មាន់កាំភ្លើង ១ក្រុម ដែលបើកការបាញ់ប្រហារអស់ប្រមាណជាង១០គ្រាប់ទៅ លើបុរស៣នាក់ ដែលកំពុងអង្គុយលេងនៅលើបង់សួនច្បារ កណ្តាលក្រុងបាត់ដំបង ទល់មុខធនាគារ FTB បណ្តាលឱ្យស្លាប់ម្នាក់ ធ្លាយគូទម្នាក់ និងម្នាក់ទៀតរងរបួសស្រាល កាលពីវេលាទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉េង ចិត្រា ហៅធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិន​ពិតប្រាកដ មានលំនៅ ភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់២គ្រាប់ បណ្តាលឱ្យស្លាប់ មានឈ្មោះរឿន សំរ៉ង ភេទប្រុស អាយុ​៣២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិកន្តួល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង (រងរបួសក្រលៀនខាង​ឆ្វេង ១គ្រាប់ និងកណ្តៀតក្អមខាងស្តាំ ១គ្រាប់)។ ចំណែកជនរងគ្រោះ២នាក់ទៀត ដែលរងរបួសធ្ងន់ស្រាល ទី១-ឈ្មោះស ដារ៉ូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅ ក្រុមទី១២ ភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ (រងរបួសត្រង់កំប៉េះគូទស្តាំ) និងទី២-ឈ្មោះតឹប បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មាន លំនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (រងរបួសបន្តិចបន្តួច)។

តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តបាត់ដំបង បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា​របស់លោកឧត្តម​សេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងដោយបានការសម្រប​សម្រួលលើនីតិវិធីពី​លោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងលោកកើត វណ្ណារ៉េត ព្រះ​រាជ​អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដែលមានលោក​ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានកិច្ចសហការជាមួយសមត្ថកិច្ចនគរបាល​ខេត្ត​បន្ទាយមានជ័យ ដែលមានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ និងលោកឧត្តម សេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង​ប៉ោយ​ប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ឈ្មោះវ៉េង ចិត្រា ហៅធី នៅចំណុចភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ប្រភពដដែលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧៧៤ ត.ព្រ របស់លោកគា សីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទឃាតកម្មគិតទុកជាមុន ប្រ​ព្រឹត្តនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បណ្តាលឱ្យជនរងគ្រោះឈ្មោះរឿន សំរ៉ង (ស្លាប់) និងរងរបួសធ្ងន់-ស្រាល ២នាក់ផ្សេងទៀត។ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ប្រគល់ឱ្យសមត្ថកិច្ចជំនាញ​ខេត្ត​បាត់ដំបង ដើម្បីនាំខ្លួនមកធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានហេតុការណ៍បាញ់ប្រហារមួយ បានកើតឡើងនៅត្រង់ចំណុចសួនច្បារ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ FTB សាខាខេត្តបាត់ដំបង ស្ថិតក្នុង​ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបុរស៣នាក់ កំពុងអង្គុយលេងនៅលើបង់សួនច្បារ កណ្តាលក្រុងបាត់ដំបង ក៏ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នា៤នាក់ ជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា Hybrid ពណ៌ទឹកសមុទ្រស្រាល (គ្មានស្លាកលេខ)  មកដល់ រករឿងឈ្លោះ បន្ទាប់មកភាគីរថយន្តបានដក​កាំភ្លើងខ្លី ១ដើម បាញ់រះលើបុរសទាំង៣នាក់ ប្រមាណជាង១០គ្រាប់ បណ្តាលឱ្យបុរសម្នាក់ រងរបួស២គ្រាប់ ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកមិត្តភក្តិម្នាក់ រងរបួស ១គ្រាប់ ចំគូទខាងស្តាំ រីឯម្នាក់ទៀត​រងរបួសស្រាល ។ បន្ទាប់មក ក្រុមខ្មាន់កាំភ្លើងបាននាំគ្នាឡើងជិះរថយន្តគេចបាត់ស្រមោលភ្លាមៗ៕

RELATED ARTICLES