ភ្នំពេញ ៖ អ្នកវិភាគនយោបាយនិងសង្គម លោកគឹម សុខ ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានចោទសួរឧកញ៉ាព្រាប សុវត្ថិ តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ថា តើបានដីបឹងតាមោក ៣ហិកតារ ដោយរបៀបណា? អ្នកវិភាគរូបនេះ បានហៅឧកញ៉ាតារាចម្រៀងល្បីរូបនេះថា “ឧកញ៉ា៣ហិកតារ” ឬ “ឧកញ៉ាតាមោក” ព្រមទាំងបានតែងចម្រៀង ១បទ ឲ្យឧកញ៉ាព្រាប សុវត្ថិ ច្រៀងទៀតផង។
លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ ថា “តើលោកព្រាប សុវត្ថិ បានដីនៅបឹងតាមោក ទំហំ ៣ហិកតារ ដោយរបៀបណា? បងប្អូនខ្មែរនៅអូស្ត្រាលី ដែលបានទិញសំបុត្រទៅទស្សនាតន្ត្រីគ្រួសារលោកព្រាប សុវត្ថិ នៅ Melbourne ថ្ងៃទី២១ ខែតុលា នេះ គួរតែនាំគ្នាឡើងឆាក សួរគាត់ផង។ ហេតុអ្វីគាត់បានងាយម្ល៉េះ ជាន់ឈ្លីលើទឹកភ្នែក រហាមរបស់ពលរដ្ឋក្រីក្រនៅតំបន់បឹងតាមោក? ព្រាប សុវត្ថិ ច្រៀងឲ្យបងប្អូនស្ដាប់ ដើម្បីប្រមូលលុយ។ បងប្អូនក៏គួរឡើងច្រៀងឲ្យគាត់ស្ដាប់វិញដែរ ដើម្បីរំឭកគាត់រឿងប្លន់ដីពីរាស្ត្រ“ ។
លោកគឹម សុខ បានសរសេរបន្តថា “ចម្រៀងបទ “ឧកញ៉ា៣ហិកតា” ឬ “ឧកញ៉ាតាមោក” លំនាំបទ “ដងស្ទឹងសង្កែ” ច្រៀងដោយលោកស៊ីន ស៊ីសាមុត ៖
I. តាមោកគោករាក់ មច្ឆាព្រួយបាត់បឹង រាស្ត្របាត់ពំនឹង យំព្រួយបាត់ដី
ឈ្មួញខ្មៅឧកញ៉ា មេទ័ពមន្ត្រី ខ្សែហ៊ុនល្បាញល្បី ទន្ទ្រានឥតខ្មាស។
II. ទោះរាស្ត្រអង្វរ លន់តួសុំសិទ្ធិ ប្រកបជីវិត នាមជាម្ចាស់ដី
អ្នកកាងអំណាច កាចឥតប្រណី វាយរាស្ត្រប្លន់ដី ចែកឲ្យបក្ខពួក។
R. ឧកញ៉ាតាមោក យក៣ហិកតា បានរបៀបណា បំភ្លឺសេចក្ដី
ឈរឈ្មោះឲ្យគេ ឬជាស្នៀតអ្វី ល្បែងល្មោភយកដី ពីរាស្ត្រក្រីក្រ?
III. ឧកញ៉ាចម្រៀង ច្រៀងប្រមូលលុយ ខ្ញុំច្រៀងរឿងដី លោកដណ្ដើមរាស្ត្រ
តើមានន័យទេ ចម្រៀងបទនេះ ច្រៀងពីខ្លឹមពិស ឧកញ៉ាប្លន់ដី“ ។
លោកគឹម សុខ បានសរសេរបន្ថែមថា “បទនេះ ប្រសិនបើលោកព្រាប សុវត្ថិ យកទៅច្រៀង ដាក់អារម្មណ៍ ឲ្យពេញសមត្ថភាពរបស់គាត់ ធានាថាពីរោះ។ យ៉ាងណា មិត្តភក្តិរូបណា ចេះច្រៀងដែរ ជួយច្រៀងផ្សាយផង“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ថា ឧកញ៉ាព្រាប សុវត្ថិ គួរមានសេចក្ដីថ្លៃថ្នូរ ជម្រះចម្ងល់មហាជន ឲ្យសមកិត្តិយសរបស់គាត់ មិន អាចគេចវេះបានទេ ពីព្រោះគាត់បានដីទំហំ ៣ហិកតារ ងាយៗពេក នៅតំបន់បឹងតាមោក ដែលប្រជាពលរដ្ឋក្រី ក្រកំពុងយំស្រែកពីការបាត់បង់ដីធ្លី ។
លោកគឹម សុខ បានមានប្រសាសន៍ថា “បាទ! ខ្ញុំពុំមានអ្វីបន្ថែមច្រើនទេ គឺគ្រាន់តែចង់ឃើញលោកព្រាប សុវត្ថិ ដែលមានកិត្តិយសជាអ្នកចម្រៀងល្បីម្នាក់ មានសេចក្ដីក្លាហាន បំភ្លឺមហាជន អំពីការបានដី ៣ហិកតារ នៅ តំបន់បឹងតាមោក ដូចសារព័ត៌មានចុះផ្សាយកន្លងមក។ គាត់គួរមានសេចក្ដីថ្លៃថ្នូរ ជម្រះចម្ងល់មហាជន ឲ្យសមកិត្តិយសរបស់គាត់ ។ រឿងនេះ គាត់ (ព្រាប សុវត្ថិ) មិនអាចគេចវេះបានទេ ពីព្រោះគាត់បានដីទំហំ ៣ហិកតារ ងាយៗពេក នៅតំបន់ដែលប្រជាពលរដ្ឋក្រីក្រ យំស្រែកពីការបាត់បង់ដីធ្លី ដោយសារការប្លន់ យកពីសំណាក់ពួកអ្នកមានអំណាច និងឧកញ៉ា“ ។
សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ គឹម សុខ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែល ឧកញ៉ា ព្រាប សុវត្ថិ បានចេញទៅសម្តែងនៅប្រទេសអូស្រ្តាលី ជាមួយកូនប្រុសជាទាំង ៣នាក់របស់លោក ។
សម្រាប់អ្នកគាំទ្រជាច្រើនដែលរស់នៅប្រទេសអូស្រ្តាលី គ្រាន់តែដឹងថា ឧកញ៉ាតារាចម្រៀង ព្រាប សុវត្ថិ ចេញទៅសម្តែងនៅទីនោះ ពួកគាត់បានរង់ចាំស្វាគមន៍ ។ ប៉ុន្តែទន្ទឹមនឹងនោះដែរ ពលរដ្ឋខ្មែរអូស្ត្រាលី មួយចំនួនទៀត មិនគាំទ្រការប្រគំតន្ត្រី (Concert) របស់លោក ព្រាប សុវត្ថិ នៅលើទឹកដីអូស្ត្រាលី ឡើយ ដោយពួកគាត់យល់ថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកព្រាប សុវត្ថិ មានជាប់ឈ្មោះអាស្រូវ រឿងទទួលបានដីនៅបឹងតាមោក ដែលកំពុងមានការតវ៉ាពីពលរដ្ឋរងគ្រោះ ។
ពលរដ្ឋខ្មែរអូស្រ្តាលី មកពីទីក្រុងផ្សេងៗគ្នា រួមមាន ទីក្រុងស៊ីដនី វិតតូរៀ និងមែលប៊ន ជាដើម បានលើក ឡើងថា លោកព្រាប សុវត្ថិ ក្នុងនាមជាតារាតម្រៀងតំណាងប្រទេសកម្ពុជា ត្រូវតែមានគុណធម៌ក្នុងខ្លួន ដើរលើផ្លូវកណ្តាល ដោយរក្សាភាពយុត្តិធម៌ មិនត្រូវគាំទ្រអ្នកដែលជាន់ឈ្លីសិទ្ធិមនុស្ស រំលោភដីធ្លីពលរដ្ឋ និងបំផ្លាញធនធានជាតិ ដែលជាសម្បត្តិរួមនោះទេ ។ ពលរដ្ឋទាំងនោះថា ឧកញ៉ាព្រាប សុវត្ថិ មិនមែន មើលមិនឃើញនូវអ្វីដែលកំពុងកើតឡើងក្នុងប្រទេសជាតិរបស់ខ្លួននោះទេ តែលោកបិទភ្នែក ធ្វើជាមិនឃើញ ដោយសារតែលាភសក្ការៈ ដែលបានផ្តល់ដោយគណបក្សកាន់អំណាច ។ ជាពិសេសពលរដ្ឋទាំងនោះថា តាមការតាមដានកន្លងមក មិនដែលឃើញតារាចម្រៀងរូបនេះ បានធ្វើកិច្ចការសង្គមអ្វីទាល់តែសោះ ក្នុងគ្រាប្រទេសជាតិកំពុងលិចលង់ ពោរពេញដោយអំពើពុករលួយ ធនធានធម្មជាតិកាន់តែបាត់បង់ ដោយសារអ្នកកាន់អំណាច នាំគ្នាច្បាមយកជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយពលរដ្ឋរាប់លាននាក់ កាន់តែរងទុក្ខ លំបាក។ ដូច្នេះពលរដ្ឋទាំងនោះថា ឧកញ៉ាព្រាប សុវត្ថិ គួរតែដកខ្លួននៅឲ្យឆ្ងាយពីនយោបាយ បើមិនចង់ បាត់បង់អ្នកគាំទ្រ បើដរាបណាលោកព្រាប សុវត្ថិ មិនដកខ្លួននៅឲ្យឆ្ងាយពីនយោបាយ ពួកគេនឹងប្រឆាំងវត្តមានរបស់លោក នៅក្នុងប្រទេសអូស្ត្រាលី លើកក្រោយៗទៀត ។
គួររំលឹកថា លោកព្រាប សុវត្ថិ ទទួលបានគោរមងារជាឧកញ៉ា កាលពីចុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពី លោកជោគជ័យក្នុងអាជីពចម្រៀង អស់រយៈពេលជាង២៥ឆ្នាំ (១៩៩៧-២០២២) ហើយកាលពីខែកញ្ញា ឆ្នាំ២០២០ កំពូលតារាចម្រៀងរូបនេះ ត្រូវបានមនុស្សជំនិតរបស់លោក ទម្លាយប្រាប់អ្នកសារព័តមានថា លោកសល់ទ្រព្យ ប្រមាណ ៣០លានដុល្លារ។ គេកត់សម្គាល់ថា ចាប់តាំងពីព្រាប សុវត្ថិ ឡើងឧកញ៉ា ជាង២ឆ្នាំមកនេះ លោកបាន រយាលៗពីការងារសិល្បៈ ហើយស្ទើរតែបាត់មុខពីឆាកតន្រ្ដីទាំងស្រុង។ អតីតតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស រូបនេះ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ពុះដីឡូត៍លក់ នៅជាយក្រុង ខណៈដែលមុនឡើងឧកញ៉ា លោកបានបើកមុខរបរក្រៅពីសិល្បៈ មានដូចជា ភោជនីយដ្ឋាន ហាងកាត់សក់ និងកំពុងសាងសង់ Resort នៅខេត្តមណ្ឌលគិរី ។ ជាពិសេសលោកត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ កាត់ដីបឹងតាមោក នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ៣ហិកតារ ស្មើនឹង៣ឡូត៍ ដែលឡូត៍នីមួយៗ មានទំហំ ២,៧ហិកតារ ០,២ហិកតារ និង ០,១ហិកតារ ឲ្យធ្វើជាកម្មសិទ្ធិទៀតផង ។ ភ្លាមៗក្រោយការទទួលបានដីបឹងតាមោក ៣ហិកតារនោះ ពលរដ្ឋកម្ពុជា បានរិះគន់ថា លោកព្រាប សុវត្ថិ ដែលធ្លាប់តែមានអ្នកគាំទ្រច្រើន និងជាបុគ្គលស្អាតស្អំ មិនគួរចង់បានដីបឹងធម្មជាតិនេះទេ ។
ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងរបស់អ្នកវិភាគ គឹម សុខ និងការរិះគន់របស់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធការទទួលបានដីបឹងតាមោក ៣ហិកតារ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបក ស្រាយបំភ្លឺពីឧកញ៉ាព្រាប សុវត្ថិ បានទេ កាលពីម្សិលមិញ៕ កុលបុត្រ