Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុណ្យសព៧ថ្ងៃ ហូបនំបញ្ចុក ពុល៩នាក់

បុណ្យសព៧ថ្ងៃ ហូបនំបញ្ចុក ពុល៩នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមអ្នកភូមិក្មេងចាស់ប្រុសស្រី ជាច្រើននាក់ បានចូលរួមពិធីបុណ្យ៧ថ្ងៃសពអ្នកភូមិម្នាក់ ដោយម្ចាស់ដើមបុណ្យ បានរៀបចំនំបញ្ចុកទទួលភ្ញៀវ លុះក្រោយពីទទួលទានរួច ស្រាប់តែមានអ្នកភូមិ ចំនួន៩នាក់ បានកើតមានអាការចុកពោះ ក្អួតចង្អោរ ជាបន្តបន្ទាប់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ ដោយសង្ស័យពុលនំបញ្ចុក។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ចំណុចភូមិតាំធ្នឹម ឃុំពេជ្រចង្វា ស្រុកបរិបូណ៌។

លោកចេង ចាន់ដូណាល់ អភិបាលស្រុកបរិបូណ៌ បានបញ្ជាក់ប្រាប់ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ថា អ្នកភូមិ បានកើតមានអាការពុល ក្អួតចង្អោរ និងចុកពោះ ជាបន្តបន្ទាប់ ក្រោយពីចូលរួមពិធីបុណ្យ៧ថ្ងៃ សពអ្នក ភូមិ និងទទួលទាននំបញ្ចុករួច។

លោកអភិបាលស្រុកបរិបូណ៌ បានឱ្យដឹងទៀតថា ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បាន ដឹកតាមរថយន្តរបស់មន្ទីរពេទ្យ នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុកបរិបូណ៌ ខណៈពេល ពួកគាត់មានអាការតិចតួចនៅឡើយ។

លោកអភិបាលស្រុក បានបញ្ជាក់ថា មកដល់ម៉ោងនេះ បងប្អូនដែលរងការពុលនំបញ្ចុកនោះ កំពុងស្ថិតក្នុងការ ព្យាបាលរបស់ក្រុមគ្រូពេទ្យស្រុក ហើយមិនមានបងប្អូនប្រជាពលរដ្ឋណា មានគ្រោះថ្នាក់នោះឡើយ។ ហើយករណីនេះ ត្រូវបានដាក់ការសង្ស័យជាជំហានដំបូងថា  បណ្តាលមកពីនំបញ្ចុក និងបន្លែ ទើបធ្វើឱ្យមាន ការពុលបែបនេះ។

ជាមួយនេះ លោកអភិបាលស្រុកបរិបូណ៌ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុង ប្រយ័ត្នលើម្ហូបអាហារ ឱ្យបានខ្ពស់ ដើម្បីចៀសវាងរងការប៉ះពាល់ដូចករណីនេះ៕

RELATED ARTICLES