ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វារ ចូលទៅក្នុងសាលារៀន ១កន្លែង លួចកាច់កម៉ូតូ ១គ្រឿង បានសម្រេច លុះ៣ថ្ងៃក្រោយ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅ ចំណុចសាលារៀន ហ្គោលឌិនហ្គេត ផ្ទះលេខ៦៥ ផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ០៧ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចបេនឡានសូរិយា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៀង វីស៊ុយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះប៊យ ដុក ភេទប្រុស អាយុ២៤ឆ្នាំ បុគ្គ លិកសាលាហ្គោលឌិនហ្គេត ស្នាក់នៅក្នុងសាលា ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវលេខ៣១៣ ក្រុម៣០ ភូមិ០៧ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក។ រីឯម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JZ-7216។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការបញ្ជាដឹកនាំដោយលោកប៊ុន សត្យា ស្នង ការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង វីស៊ុយ នៅចំ ណុចបេនឡានសូរិយា សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ ដោយយកទួរណឺវីស គាស់ផ្តាច់ត្រចៀកទ្វាររបងសាលា ចូលទៅខាងក្នុង រួចធ្វើសកម្មភាព យកជើងធាក់បំបាក់សោកម៉ូតូ លួចយកម៉ូតូ ១គ្រឿង ទៅបាត់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះសៀង វីស៊ុយ សមត្ថកិច្ចបានដកហូតម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូយគី ឡេត ពណ៌ស ស៊េរីឆ្នាំ២០១៥ លេខតួ 404098 និងលេខម៉ាស៊ីន 404195 ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-3762 ចំនួន១គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕