Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ប្រពន្ធ ប្ដីវិលត្រឡប់កូរ៉េមកស្រុកខ្មែរ តាមរក

បាត់ប្រពន្ធ ប្ដីវិលត្រឡប់កូរ៉េមកស្រុកខ្មែរ តាមរក

ភ្នំពេញ ៖ បុរសម្នាក់ ជាពលករបម្រើការងារនៅប្រទេសកូរ៉េ បានទទួលដំណឹងតាមរយៈម្ដាយទូរស័ព្ទប្រាប់ថា ប្រពន្ធបានបាត់ខ្លួនពីផ្ទះ ក៏សុំច្បប់ថៅកែកូរ៉េ រួចធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ និងបានកាន់រូបថត តាមស្វែងរកប្រពន្ធ នៅរាជធានីភ្នំពេញ។

បុរសដែលបាត់ប្រពន្ធ មានឈ្មោះ ឈុត វុទ្ធី អាយុ៣៣ឆ្នាំ មានលំនៅ ភូមិត្រោកលិច ស្ថិតក្នុងឃុំស្រែថ្មី ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ស្ត្រីជាប្រពន្ធដែលបាត់ខ្លួន មានឈ្មោះ ភុន សុខឿន អាយុ៣៤ឆ្នាំ មុខរបរ ជាកម្មកា រិនី ធ្វើការនៅរោងចក្រជិតផ្ទះ។

បុរសខាងលើ បានទៅដល់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នាវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ជួយអន្តរាគមន៍ស្វែងរកប្រពន្ធរបស់គាត់។បុរសខាងលើ បានឱ្យដឹងថា គាត់និងប្រពន្ធ បានរៀបការជាមួយគ្នា ជាង១០ឆ្នាំកន្លងមកហើយ និងបង្កើត បានកូនប្រុស ចំនួន២នាក់ ដោយកូនប្រុសច្បង អាយុ១៤ឆ្នាំ និងកូនប្រុសប្អូនអាយុ ៦ឆ្នាំ ។

បុរសខាងលើ បន្តថា ដោយសារតែកត្តាជីវភាព រូបគាត់បានឃ្លាតចាកឆ្ងាយពីប្រពន្ធនិងកូន ទៅធ្វើជាពលករ នៅប្រទេសកូរ៉េ រយៈពេល៥ឆ្នាំមកហើយ និងបានផ្ញើលុយឱ្យប្រពន្ធនិងកូន ជារៀងរាល់ខែ។ រហូតមកដល់ប៉ុន្មានថ្ងៃមុននេះ ម្ដាយបានទូរស័ព្ទប្រាប់ថា ប្រពន្ធគាត់បានចាកចេញបាត់ពីផ្ទះ ជាមួយម៉ូតូ ១គ្រឿង ម៉ាក Honda ZOOMER-X ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6712 ។

បុរសដដែល បន្តទៀតថា ក្រោយពីទទួលបានដំណឹងនេះភ្លាម រូបគាត់បានសុំច្បាប់ថៅកែកូរ៉េ រួចធ្វើដំណើរ ចាកចេញពីប្រទេសកូរ៉េ ត្រឡប់មកផ្ទះ នៅប្រទេសកម្ពុជា វិញ ហើយបានស្វែងរកប្រពន្ធ នៅជិតៗផ្ទះ ប៉ុន្តែ រកពុំឃើញសោះ។ ក្រោយមក ក៏ទទួលបានដំណឹងថា ប្រពន្ធគាត់មកធ្វើការនៅភ្នំពេញ ទើបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ គាត់បានធ្វើដំណើរចេញពីផ្ទះ នៅខេត្តកំពង់ឆ្នាំង មកស្វែងរកប្រពន្ធនៅភ្នំពេញ ពេញ១ថ្ងៃ រហូតដល់យប់ នៅតែមិនឃើញ។

បុរសបាត់ប្រពន្ធ បញ្ជាក់ថា គិតមកដល់ពេលនេះ ប្រពន្ធរបស់គាត់ បានចាកចេញបាត់ពីផ្ទះ រយៈពេល ៨ថ្ងៃមកហើយ ចំណែករូបគាត់ ពេលត្រឡប់មកដល់ស្រុកខ្មែរវិញ ក៏បានព្យាយាមទូរស័ព្ទទៅប្រពន្ធដែរ តែអត់មានអ្នកទទួលសោះ។ ក្រោយមក មានគេប្រាប់ថា ប្រពន្ធគាត់ធ្វើការនៅម្ដុំចោមចៅ ទើបនៅវេលា ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ គាត់បានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីសុំអន្តរា គមន៍ពីអាជ្ញាធរ និងសមត្ថកិច្ច ជួយស្វែងរកប្រពន្ធរបស់គាត់។

បុរសដដែល បញ្ជាក់ទៀតថា រវាងគាត់និងប្រពន្ធ មិនដែលមានទំនាស់គ្នាទេ តែនាងមានទំនាស់ខ្លះៗ ជាមួយម្ដាយនិងយាយរបស់គាត់។ គាត់មិនហ៊ានចោទថា ប្រពន្ធគាត់មានអ្នកថ្មី ឬយ៉ាងណាទេ តែកន្លងមក មានគេឃើញប្រពន្ធគាត់ជិះម៉ូតូជាមួយប្រុសផ្សេង ហើយក៏ពុំដឹងថា តើប្រុសនោះត្រូវជាមិត្តភក្ដិនាង ឬជាអ្វីឡើយ? 

បុរសជាប្តី បានបន្ថែមថា ពេលនេះអ្វីដែលគាត់តាមរកនា គឺចង់ជួប សួរនាំ និងដោះស្រាយគ្នាឲ្យបានច្បាស់ លាស់ បើនាងមានប្រុសថ្មី ក៏ត្រូវដោះស្រាយគ្នាឲ្យដាច់ស្រេច មិនត្រូវចាកចោលគាត់ទាំងគ្មានហេតុផល បែបនេះឡើយ៕

RELATED ARTICLES