Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រង្វាន់៤លានរៀល ប្រាប់ពីអ្នកវ៉ៃសម្លាប់ឈ្លូស

 រង្វាន់៤លានរៀល ប្រាប់ពីអ្នកវ៉ៃសម្លាប់ឈ្លូស

ខេត្តកោះកុង ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ចំនួន ៤លានរៀល ដល់អ្នកដែលសហការផ្តល់ព័ត៌មានអត្តសញ្ញាណជនដែលបានវាយសម្លាប់សត្វឈ្លូស នៅ ឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក ស្រី នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ថា «សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាប ថា : ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះសីលធម៌ អគតិ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម គួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុង វាសំពងក្បាលកូនឈ្លូស ដែលកំពុងហែលទឹកទៅរកដីគោក បណ្តាល ឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកា ចំនួន ៤ ០០០ ០០០រៀល (បួនលានរៀល) ដល់អ្នកដែល បានផ្តល់ព័ត៌មានអត្តសញ្ញាណរបស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគ រូបរាង ដូចដែលមាន នៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជា មួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មាន ការលើកលែងឡើយ»។

សូមបញ្ជាក់ថា ការពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មានការទម្លាយវីដេអូមួយ តាមបណ្តាញសង្គម បង្ហាញពី បុរសម្នាក់ បានយកដំបងឈើជ្រុង វាយសម្លាប់សត្វឈ្លូស ១ក្បាល ដែលកំពុងហែលទឹក ទៅរកដីគោក ដោយជនដ៏ឃោរឃៅនោះបានវាយជាច្រើនដំបង បណ្តាលឲ្យសត្វឈ្លូសអភ័ព្វ ងាប់នៅនឹងកន្លែងភ្លាមៗ ។ បន្ទាប់មក មានបក្ខពួក២នាក់ បានមកសែងសពឈ្លូស យកទៅបាត់។

ករណីនេះ បានធ្វើឲ្យមហាជនមានការសោកស្តាយ និងរិះគន់ទៅលើជនអគតិ ជាឃាតករសម្លាប់សត្វឈ្លូស នោះ ថាជាមនុស្សឃោរឃៅ គ្មានសីលធម៌ មិនស្គាល់បាបបុណ្យ ឃើញសត្វកំពុងធ្លាក់ទឹក បែរជាយកដំបង សំពងថែម រហូតក្ស័យជីវិត ដែលនេះគឺជាបទល្មើសជាក់ស្តែង ពាក់ព័ន្ធការសម្លាប់សត្វព្រៃ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវរកជនល្មើស ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមច្បាប់។ ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត បានប្រកាសផ្តល់រង្វាន់ ៤លានរៀល ដល់អ្នកទាំងឡាយណាដែលសហការ ផ្តល់ព័ត៌ មានអំពីអត្តសញ្ញាណជនល្មើស ដើម្បីឈានទៅចាប់ខ្លួនយកមកចាត់ការតាមច្បាប់ផងដែរ៕ ខៀវទុំ

RELATED ARTICLES