Wednesday, July 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់ខ្លួនអ្នកលេងដាវសាមូរ៉ៃ ៧នាក់ ដេញកាប់ ចាក់គ្នា

 ចាប់ខ្លួនអ្នកលេងដាវសាមូរ៉ៃ ៧នាក់ ដេញកាប់ ចាក់គ្នា

 ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៧នាក់ ជាអ្នកលេងដាវសាមូរ៉ៃ បានដេញកាប់ចាក់គ្នា និងកាប់បំផ្លាញម៉ូតូ គូជម្លោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចសួនមានជ័យ ក្រុងសិរីសោភ័ណ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៣។

 សមត្ថកិច្ចឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្ត កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង សិរីសោភ័ណ បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហិង្សាដោយចេតនា ដេញកាប់ចាក់គ្នា នៅចំណុចសួនមានជ័យ(វេទិកា) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២៣:៣០នាទី មានក្មេងទំនើង ២ក្រុម បានឈ្លោះគ្នា និងបានយកដាវសាមូរ៉ៃ ដេញកាប់ ចាក់គ្នាយ៉ាងអនាធិបតេយ្យ ផ្អើលសួនមានជ័យ (វេទិកា) ក្រុងសិរីសោភ័ណ លុះក្រុមម្ខាងរត់គេចបាត់ ក៏កាប់ បំផ្លាញម៉ូតូ ឲ្យខូចខាត ២គ្រឿង ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលក្រុងសិរីសោភ័ណ និង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវមុខសញ្ញា និងឈានដល់ការ ឃាត់ខ្លួនក្រុមជន សង្ស័យ បានចំនួន៧នាក់ រួមមាន ៖ ១-ឈ្មោះសួន  អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះគូ យ៉ា អាយុ ១៤ឆ្នាំ, ៣-ឈ្មោះអុល សំណាង អាយុ១៤ ៤-ឈ្មោះជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះតឹក ជាហេង អាយុ១៦ឆ្នាំ ៦-ឈ្មោះមិល សំណាង អាយុ១៦ឆ្នាំ និង ៧-ឈ្មោះផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូតបានវត្ថុតាង ដាវសាមូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើឲ្យខូចខាត។

ជនសង្ស័យទាំង៧នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES