ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម និងអាហារឈានមុខគេ បានរៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ (CP Marketing Summit 2023) ក្នុងគោលបំណងដើម្បីអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី ២៦ តុលា ២០២៣ ចាប់ពីម៉ោង ៨.០០ នាទីព្រឹក ដល់ ១៦.៣០ នាទីរសៀល។ សម្រាប់ការចែករំលែកចំណេះដឹងពីអាជីវកម្ម គឺមានប្រធានបទចំនួន១០ និងវាគ្មិនចំនួន១០ រូប បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ លើប្រធានបទមួយចំនួនដូចជា អាជីវកម្មចំណីសត្វ អាជីវកម្មចិញ្ចឹមសត្វ អាជីវកម្មចំណីអាហារ និងទីផ្សារជាដើម។

លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារ
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាសន៍ថា ៖«សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៣ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងប្រមូលផ្ដុំព័ត៌មានទីផ្សារ និងចែករំលែកចំណេះដឹងក្នុងការអនុវត្តល្អបំផុតដល់បុគ្គលិកសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅកម្ពុជា»។ លោកវេជ្ជបណ្ឌិត Poohrich ថ្លែងថា ៖«គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន និងធនធានមនុស្ស។

ពីឆ្វេងទៅស្តាំ ៖ ឯកអគ្គរាជទូតថៃ ឯកឧត្តម Cherdkiat Atthakor, លោក ស៊ាង សុខលីម, ឯកឧត្តម វ៉ា រុតសាន និងលោក Wittaya Kreangkriwit
អាជីវកម្មដែលទទួលបានព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ លើសពីនេះ បុគ្គលិក (ធនធានមនុស្ស) ដែលអាចបំប្លែងព័ត៌មានទៅជាចំណេះដឹងនិងចេញជាសកម្មភាព គឺជាអ្នកជោគជ័យដ៏ពិតប្រាកដ»។ នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានមានប្រសាសន៍ថា ៖«ការធ្វើទីផ្សារគឺដើម្បីស្វែងរកតម្រូវការរបស់អតិថិជន និងដោះស្រាយបញ្ហាសម្រាប់ពួកគាត់។ អ្នកដែលអាចបំពេញតម្រូវការអតិថិជនបានច្រើនជាងគេ អ្នកនោះគឺជាអ្នកជោគជ័យ»។

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងវាគ្មិនកិត្តិយសពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ
លោក Wittaya បន្ថែមថា ៖«កសិករ និងអតិថិជននៅក្នុងប្រទេសកម្ពុជាបានផ្លាស់ប្តូរ។ វាចាំបាច់ណាស់ក្នុងការយល់ដឹងពីគោលបំណង ឬបញ្ហារបស់ពួកគេ បន្ទាប់មកប្រើបច្ចេកវិទ្យា និងចំណេះដឹង ដើម្បីជួយអាជីវកម្មពួកគេឱ្យរីកចម្រើន»។ សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម និងស្ថានទូតថៃ ធ្វើជាវាគ្មិនកិត្តិយស ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ វគ្គសិក្ខសាលានេះមានគោលបំណងស្វែងរកឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤។
ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Cherdkiat Atthakor ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមមានប្រសាសន៍ថា ៖«កសិកម្ម និងចំណីអាហារដើរតួនាទីសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមទាំងសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។ ឯកឧត្តម Cherdkiat ថ្លែងថា ៖« ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានមោទនភាពក្នុងនាមជាក្រុមហ៊ុនថៃដំបូងគេដែលបានគាំទ្រ និងផ្តល់ចំណេះដឹងដល់កសិករកម្ពុជា ផ្តល់ការងារដែលមានស្ថេរភាព និងប្រាក់ចំណូលសមរម្យ។ លើសពីនេះ ស៊ី.ភី. ក៏បានផលិតនូវផលិតផលចំណីអាហារដែលមានអនាម័យជាមួយនឹងសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងនៅកម្ពុជា»។

វាគ្មិនទាំង ១០ មកពី ផ្នែកអាវជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ នៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា
លោក ស៊ាង សុខលីមប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើបទបង្ហាញថា៖« យុទ្ធសាស្ត្រក្នុងការអនុវត្តគោលនយោបាយគាំទ្រក្នុងអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា ឆ្លុះបញ្ចាំងពីចំណុចសំខាន់ៗចំនួន ៤គឺ៖(១) តួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម (GDAHP), (២) គោលនយោបាយគាំទ្រសម្រាប់ការអភិវឌ្ឍអនុវិស័យ ស.ផ.ស, (៣) សមិទ្ធផលអនុវិស័យ ស.ផ.ស ក្នុងរយៈពេល ៥ឆ្នាំ (២០១៨-២០២២), និង (៤) បញ្ហាប្រឈម និងកាលានុវត្តភាពក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យផលិតកម្ម និងសុខភាពសត្វ»។
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ៖« ច្បាប់វិនិយោគរបស់កម្ពុជាផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ ទាក់ទងទៅនឹងសេដ្ឋកិច្ចបើកចំហ ការលើកទឹកចិត្តវិនិយោគ និងការលើកទឹកចិត្តពិសេស។ កត្តាទាំងនេះ ដែលមានភាពទាក់ទាញ និងគួរឱ្យទុកចិត្តសម្រាប់ការវិនិយោគទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានធានាដោយស្មើភាពគ្នា មិនថាវិនិយោគិនបរទេស ឬក្នុងស្រុក។
លោក Nirawat Rangseekanjanaអគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅក្រុងភ្នំពេញ បានធ្វើការចង្អុលបង្ហាញថា៖«កង្វល់សំខាន់ៗចំនួន៣ ដែលជាបទប្បញ្ញត្តិថ្មីបំផុតសម្រាប់ការធ្វើអាជីវកម្មក្នុងឆ្នាំ២០២៤ នៅកម្ពុជាគឺ (១) ច្បាប់ពន្ធដារ (២) ច្បាប់ប្រកួតប្រជែង និងច្បាប់ការពារអ្នកប្រើប្រាស់ និង (៣) ច្បាប់កម្មសិទ្ធិបញ្ញា។ នៅចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលានោះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី. បានផ្តល់វិញ្ញាបនបត្រ និង វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន និងបានជូនពរអ្នកចូលរួមទាំងអស់ឱ្យអភិវឌ្ឍអាជីវកម្មកសិឧស្សាហកម្ម និងចំណីអាហាររបស់ពួកគេនៅកម្ពុជាទទួលបានជោគជ័យ៕

QR Code Facebook CP Cambodia

QR Code Website CP Cambodia

QR Code Youtube CP Cambodia