ក្លឹបស្តេច សបានប្រកាសកាលពីថ្ងៃអង្គារទី ៣១ ខែតុលាថា ខ្សែបម្រើស្លាបប្រេស៊ីល Vinicius Jr បានយល់ព្រម បន្តចុះកិច្ចសន្យា ជ្រកក្រោមដំបូលក្លឹប Real Madrid រហូតដល់ឆ្នាំ ២០២៧ ។
Real Madrid បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លឹបនិង Vini Jr បានឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចសន្យារបស់កីឡាករដោយភ្ជាប់គាត់ទៅក្លឹបរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៧ ។
កីឡាករវ័យ ២៣ ឆ្នាំបានចូលរួមជាមួយ Real ពី Flamengo តាំងពីឆ្នាំ ២០១៨ក្នុងតម្លៃផ្ទេរ ៤៨,៧៦លានដុល្លារ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួន ២៣៥ប្រកួតស៊ុតបញ្ចូលទីបាន ៦២គ្រាប់។
Vinicius Jr បាននិយាយនៅក្នុងឃ្លីបវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Real ថា ជំរាបសួរអ្នកគាំទ្រ Madrid ខ្ញុំរីករាយណាស់ក្នុងការបន្តកិច្ចសន្យារបស់ខ្ញុំ។ វាគឺជាសុបិនសម្រាប់ខ្ញុំ។ខ្ញុំសង្ឃឹមថាខ្ញុំអាចបន្តនៅទីនេះបានច្រើនឆ្នាំ ដោយស៊ុតបញ្ចូលទីបានច្រើនគ្រាប់ និងឈ្នះពានជាច្រើន។ អរគុណច្រើនសម្រាប់ការស្រលាញ់។
Vinicius Jr ដែលបានឈ្នះពានរង្វាន់ Socrates ក្នុងពិធី Ballon d’Or កាលពីថ្ងៃចន្ទសម្រាប់ការងារមនុស្ស ធម៌របស់គាត់បានឈ្នះពានរង្វាន់ចំនួន ៩នៅជាមួយ Real រួមទាំងពានរង្វាន់លីកចំនួន ២រួមជាមួយពានរង្វាន់ ឆេមពានលីកក្នុងឆ្នាំ ២០២២ និងពានរង្វាន់ FIFA Club World Cup ចំនួនពីរ៕