Monday, May 6, 2024
Homeសង្គម និងជីវិតដាក់លបជាប់ពស់ថ្លាន់ ចិញ្ចឹមទុកដូចកូន

ដាក់លបជាប់ពស់ថ្លាន់ ចិញ្ចឹមទុកដូចកូន

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាកសិករម្នាក់ តែងចេញទៅដាក់លបរកត្រី ដើម្បីផ្គង់ផ្គង់ជីវភាព ស្រាប់តែថ្ងៃមួយ ទៅលើកលប បែរជាឃើញជាប់សត្វពស់ថ្លាន់ ១ក្បាល លុះមិនដឹងថាត្រូវយកទៅលែងនៅឯណា ក៏សម្រេច យកមកចិញ្ចឹមនៅផ្ទះ ដោយផ្តល់ចំណី និងចាត់ទុកដូច សមាជិកគ្រួសារអ៊ីចឹង ដែលរហូតមកដល់សព្វថ្ងៃ ស្ត្រីរូបនេះបានចិញ្ចឹមពស់ថ្លាន់ មួយក្បាលនេះ ទុកដូចជាកូន អស់រយៈពេល ៥ឆ្នាំមកហើយ ដោយសត្វពស់ ថ្លាន់ នេះ ធំធាត់ មានប្រវែងជាង២ម៉ែត្រ និងមិនដែលផ្តល់ផលរមាស់អ្វីដល់ស្ត្រីជាម្តាយចិញ្ចឹមនោះទេ។

ស្ត្រីដែលចិញ្ចឹមសត្វពស់ថ្លាន់ ទុកដូចកូននោះ មានលំនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ស្ត្រីជាម្ចាស់ពស់ថ្លាន់ បានរៀបរាប់ប្រាប់ថា កាលពី៥ឆ្នាំមុន គាត់បានទៅដាក់លប ហើយជាប់ពស់ថ្លាន់ ១ក្បាលនេះ ដោយមិនដឹងថាយកទៅណា ក៏ទុកចិញ្ចឹមមកដល់សព្វថ្ងៃតែម្តង គឺមានរយៈពេល ៥ឆ្នាំមកហើយ។

ស្ត្រីជាម្ចាស់ពស់ បានបន្តថា ពស់ថ្លាន់ មួយក្បាលនេះ មិនទៅណាឡើយ ដោយវានៅតែក្បែរៗផ្ទះ ទោះគាត់ លែងវាក៏ដោយ ក៏វានៅតែមិនទៅណាដែរ។ ក្រោយមក គាត់បានធ្វើទ្រុងឱ្យវា នៅ ហើយឱ្យតែដល់ពេលយប់ គឺវាដឹងតែចូលទ្រុងដេកហើយ។ ពស់ថ្លាន់នេះ មានសភាពស្លូត និងស៊ីកណ្តុរ ជាអាហារ មិនដែលបង្កផល រមាស់អ្វីដល់រូបគាត់ជាម្ចាស់ឡើយ។

គួរបញ្ជាក់ថា សត្វពស់ថ្លាន់ គឺជាប្រភេទពស់ម៉្យាង ដែលខ្មែរយើង តែងតែមានជំនឿថា ជាសត្វស្លូត ហើយបើ មករស់នៅជាមួយ ឬវារចូលផ្ទះណា គឺនឹងនាំលាភជ័យ ភាពត្រជាក់ត្រជំដល់ម្ចាស់ផ្ទះ។ តាមជំនឿខ្មែរមួយចំនួន តែងតែអុចធុបបន់ស្រន់សុំសេចក្តីសុខ ដោយគេពុំហ៊ានវាយឬធ្វើបាបពស់ថ្លាន់ឡើយ ហើយរាល់ពេលដែល ចាប់បានសត្វពស់ថ្លាន់ គេតែងយកវាទៅលាបប្រេងម្សៅ បាញ់ទឹកអប់ រួចយកទៅលែងតាមព្រៃ ឬវត្តអារាមនា នា ។

ទោះបីជាយ៉ាងណា មានមតិមួយចំនួនបានលើកឡើងថា ទោះបីពស់ថ្លាន់ ជាប្រភេទសត្វគ្មានពិស ប៉ុន្តែវា អាចលេបចំណីធំៗជាងខ្លួនវាបាន បើប្រហែស សូម្បីតែមនុស្ស ក៏សត្វពស់ថ្លាន់អាចលេបបានដែរ ដូច្នេះអ្នក ចិញ្ចឹមពស់ថ្លាន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

RELATED ARTICLES