ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាចង់បាន Raphael Varane ដែលជាអតីតខ្សែការពាររបស់ខ្លួនពីក្លិបបិសាចក្រហម Manchester United ត្រឡប់មកក្លឹបរបស់ខ្លួនវិញ។

រម្លឹកថា Varane បានចាកចេញពី Real Madrid ទៅចូលរួមជាមួយ Manchester United កាលពីឆ្នាំ ២០២១ កន្លងទៅក្នុងតម្លៃ ៣៤ លានផោន ឬប្រមាណជា (៤៣ លានដុល្លារអាមេរិក) ខណៈនៅរដូវកាលមុន រូបគេ បានក្លាយជាកម្លាំងស្នូលដ៏សំខាន់នៅតំបន់ខាងក្រោមជាមួយ Lisandro Martinez។ ប៉ុន្តែនៅរដូវកាលនេះវិញ អ្វីៗហាក់មិនល្អប្រសើរប៉ុន្មាននោះទេសម្រាប់ខ្សែការពារជម្រើសជាតិ បារាំង វ័យ ៣០ ឆ្នាំ ដោយរូបគេតែងតែ ទទួលរងរបួសជាញឹកញាប់ និងមានការពិបាកក្នុងការប្រជែងកៅអីជម្រើស ១១នាក់ដំបូងផងដែរ ជាក់ស្តែង ១១ប្រកួតកន្លងមក រូបគេទើបតែលេងក្នុងជម្រើសដំបូងបាន ១ ប្រកួតប៉ុណ្ណោះ។

ថ្មីៗនេះ យោងតាមការចុះផ្សាយដោយកាសែត អេស្ប៉ាញ AS បានឱ្យដឹងថា Real Madrid សង្ឃឹមថានឹងអាច យកបានខ្សែការពារកណ្តាលម្នាក់ទៀត ដើម្បីមកបំពេញចន្លោះខ្វះខាតជាមួយ David Alaba និង Eder Militao ហើយជាមួយគ្នានេះ លោក Carlo Ancelotti គឺពេញចិត្តចង់ឱ្យ Varane ត្រឡប់មកកាន់ទ្រនំចាស់ខ្លួនវិញ៕