Sunday, May 19, 2024
Homeសង្គម និងជីវិត យាយឈឺ អត់លុយព្យាបាល តាខំធាក់កង់ លក់ការ៉េម ខ្យល់គរស្លាប់

 យាយឈឺ អត់លុយព្យាបាល តាខំធាក់កង់ លក់ការ៉េម ខ្យល់គរស្លាប់

ខេត្តកណ្ដាល ៖ បុរសវ័យចំណាស់ម្នាក់ ខំជិះកង់ដើរលក់ការ៉េមកី ដើម្បីរកលុយផ្ញើឲ្យប្រពន្ធដែល ដេកឈឺ នៅឯស្រុក លុះធាក់កង់ហត់ពេក ងងឹតមុខ បណ្ដាលឱ្យរេចង្កូតកង់ធ្លាក់ចូលក្នុងប្រឡាយ គ្មានទឹកមួយកន្លែង ក្បែរចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ។

 សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានហេតុការណ៍មួយ បានកើតមានការភ្ញាក់ផ្អើលឡើង ដោយសារ មានបុរសចំណាស់ម្នាក់ កំពុងធាក់កង់លក់ការ៉េម សុខៗ ស្រាប់តែខ្យល់គរ ដួលទាំងកង់ ទាំងមនុស្ស ធ្លាក់ចូល ទៅក្នុងប្រឡាយគ្មានបណ្ដាលឲ្យស្លាប់ ។

 តាមប្រភពអ្នកភូមិក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញតាលក់ការ៉េម ខាងលើ ជិះកង់ បណ្តើរ បន្លឺសំឡេងកណ្តឹង ប្រកាសលក់ការ៉េម បណ្តើរ តាមផ្លូវខ្នងប្រឡាយ លុះពេលទៅដល់ត្រង់ចំណុច កើតហេតុខាងលើ សង្ស័យងងឹតមុខ ស្រាប់តែរេចង្កូតកង់ ធ្លាក់ចូលទៅក្នុងប្រឡាយ ទាំងកង់ទាំងមនុស្ស បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុភ្លាមៗ មានអ្នកប្រទះឃើញ និងស្ទុះរត់ទៅជួយជនរង គ្រោះដែរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយ ការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗតែម្តង ។

 ដោយឡែក ភ្លាមៗបុរសរងគ្រោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ប៉ុន្តែមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានី ភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យ វិច័យសព បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារខ្យល់គរ និងប្រ គល់សពជនរងគ្រោះ ឲ្យក្រុមគ្រួសារ ទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរូចហើយ អ្នកយកព័ត៌មាន យើងបានទទួលព័ត៌មានលម្អិតពីក្រុមគ្រួសារសពថា បុរសចំណាស់ដែលខ្យល់គរ ដួលស្លាប់ទៅជាមួយនឹង កង់និងធុងការ៉េម នេះ មានឈ្មោះសុខ ហេង អាយុ៦៨ឆ្នាំ រស់នៅភូមត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល មានភរិយាឈ្មោះរិទ្ធ ណុល អាយុ៦៨ឆ្នាំ ។ មានកូនចំនួន៥នាក់ ក្នុងនោះមានកូនស្រីម្នាក់ អាយុ៣៥ឆ្នាំ ពិការ (គ សតិមិនគ្រប់ និងស្វិតដៃជើងតាំងពីកំណើត) ។

  លោកហេង ស្រស់ អាយុ៣៧ឆ្នាំ ជាកម្មកររោងចក្រកាបូប នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដែលត្រូវជាកូន ប្រុសរបស់សពបុរសចំណាស់រងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ថា ឪពុករបស់លោក បានប្រកបរបរលក់ការ៉េម តាមកង់ អស់រយៈពេលជិត៤០ឆ្នាំមកហើយ គឺតាំងពីលោកនៅ អាយុប្រហែល៨ឆ្នាំ ។ កាលពីមុន ក្នុងមុខរបរលក់ការ៉េមនេះ គាត់ធាក់លក់តែនៅជុំវិញភូមិស្រុកដែលគាត់ រស់នៅប៉ុណ្ណោះ ប៉ុន្តែមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានឡើងមកលក់ភ្នំពេញ ដោយស្នាក់នៅក្នុងសិប្ប កម្មការ៉េម ហើយព្រឹកឡើង ជិះកង់ចេញលក់ រហូតដល់យប់ ទើបត្រលប់មកកន្លែងស្នាក់នៅវិញ ហើយក៏ទូទាត់ ថ្លៃដើមឲ្យម្ចាស់សិប្បកម្មការ៉េម សល់ប៉ុន្មាន ជាប្រាក់ចំណេញ គាត់យកទៅផ្ញើឲ្យម្ដាយរបស់លោក ដែលមាន ជំងឺទឹកនោមផ្អែម លើសឈាម និងចិញ្ចឹមកូនស្រីពិការ នៅឯស្រុក ។

បុរសជាកូន បានរៀបរាប់បន្តថា ក្នុងរបរប្រចាំថ្ងៃរបស់ឪពុកលោក ជាអ្នកលក់ការ៉េមតាមកង់នេះ មិនបានចំ ណូលច្រើនទេ គឺថ្ងៃខ្លះបានជាង ១ម៉ឺនរៀល និងថ្លៃខ្លះទៀត បានតែ ១ម៉ឺនរៀលប៉ុណ្ណោះ ហើយគាត់មិន ហ៊ានចាយផ្ដេសផ្ដាសទេ គឺគាត់សន្សំយកទៅឲ្យម្ដាយរបស់លោក សម្រាប់ព្យាបាលជំងឺ និងមិនអាចធ្វើការ ងារអ្វីកើត ដោយ ២ថ្ងៃម្ដង គាត់តែងតែទៅលេងផ្ទះមិនដែលខាន ហើយក្នុងការទៅលេងស្រុកនេះ គាត់ច្រើន តែជិះកង់ទៅ ដោយក្នុង ១ថ្ងៃៗ គាត់អាចធាក់កង់បានរាប់គីឡូម៉ែត្រ ។ ជាពិសេសដោយសារតែការធាក់កង់នេះ បានធ្វើឲ្យជើងគាត់មានសាច់ដើមណែន ហើយកន្លងមក គាត់មិនដែលសូវចេះឈឺទេ គឺគាត់មានសុខភាពល្អ អាចប្រកបរបរធាក់កង់លក់ការ៉េមនេះបាន ។ ប៉ុន្តែមិនគួរឲ្យជឿ នៅថ្ងៃកើតហេតុនោះ រូបលោកនិងកូនៗដទៃ ទៀត បែរជាទទួលដំណឹងសែនរន្ធត់ថា ឪពុករបស់លោក បានខ្យល់គរស្លាប់ ។

 លោកហេង ស្រស់ បានរៀបរាប់បន្តទៀតថា មកដល់ពេលនេះ សពឪពុកលោក បានធ្វើបុណ្យឈាបនកិច្ច (បូជា) រួចរាល់អស់ហើយ នៅរង់ចាំតែថ្ងៃបុណ្យទក្ខិណានុប្បទាន (បុណ្យវេរ៧ថ្ងៃ ) ដែលនឹងមកដល់នៅ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។

  យ៉ាងណា បុរសជាកូន បានឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់ឪពុកខ្លួនឲ្យបានទៅ យោនយកកំ ណើតក្នុងសុគតិភាពភព និងកើតជាតិក្រោយ សូមឲ្យមានវាសនាល្អ កុំឲ្យវេទនាលំបាកក្រីក្របែបនេះទៀត ។

 ដោយឡែក លោក ផន ផល្លា ប្រធានអង្គការមែកឈើ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ថា លោកពិតជាមានក្ដីដល់លោកតាធាក់កង់ការ៉េម ខាងលើនេះណាស់ ។ ជាមួយនឹងក្ដីអាណិតអាសូរនេះ លោកបាននាំបច្ច័យផ្ទាល់ខ្លួន ទៅចូលបុណ្យសព ដល់លំនៅឋានរបស់សព នូវទឹកប្រាក់ ៥០ម៉ឺនរៀល អង្ករ ២០០គីឡូក្រាម គ្រឿងឧបភោគមួយចំនួន ។ ជាមួយនេះ លោកក៏ប្រមូលថវិកា សប្បុរសជន បានជាង ១០០០ដុល្លារ ទុកប្រគល់ឲ្យក្រុមគ្រួសារគាត់ នៅថ្ងៃបុណ្យ៧ថ្ងៃ ខាងមុខនេះផងដែរ។

 លោក ផន ផល្លា បានមានប្រសាសន៍ថា “ការពិត ខ្ញុំបានដឹងនៃប្រវត្តិលោកតាខ្លះៗដែរ ក្រោយពីសាកសួរទៅ ឃើញថា គាត់ប្រកបមុខរបរលក់ការវ៉េមនេះ វាអត់ក្រោម ២០ឆ្នាំទេ ហើយដោយសារតែគាត់មានកម្រិត ជីវភាព មួយ យើងអាចនិយាយបានថា លំបាកក្រីក្រ ហើយជាមុខរបរតែមួយគត់ដែលគាត់អាចធ្វើបាន ។ អ៊ីចឹងហើយគាត់ពឹងផ្អែកទៅលើការលើការ៉េមនេះ ដើម្បីចិញ្ចឹមលោកយាយដែលត្រូវជាប្រពន្ធហ្នឹង គាត់មានជំងឺ ទឹកនោមផ្អែម ហើយឧស្សាហ៍ខ្សោយ ដួល ហើយមានកូនដែលពិការភាពម្នាក់ទៀត ដែលគាត់ត្រូវរ៉ាប់រង ហើយ អ្វីដែលខ្ញុំស្រណោះ នៅពេលដែលគាត់ទៅលេងកូនប្រពន្ធគាត់នៅស្រុកខ្សាច់ ដែលចេញពីព្រែកតាមាក់ ប្រហែ លជាដប់គីឡូម៉ែត្រទៀត ទើបទៅដល់ គាត់ធាក់កង់ ពីកន្លែងស្នាក់នៅលក់ការ៉េម ទៅទេ ហើយពេលត្រលប់ មកវិញ គាត់ធាក់កង់មកវិញមក ។ អ៊ីចឹងជីវិតគាត់ មានន័យថា ពឹងផ្អែកទៅលើកង់ ហើយនិងធុងការ៉េមរបស់ គាត់នេះឯង ដើម្បីរស់ ។ អ៊ីចឹងហើយទោះបីជាលោកតាស្លាប់បាត់មែន ខ្ញុំនឹងបន្តការយកចិត្តទុកដាក់ទៅលើ លោកយាយ ហើយនិងកូនរបស់គាត់ដែលពិការ ពីព្រោះទិសដៅនៃការជួយរបស់ខ្ញុំ ភាគច្រើននៅពេលខ្ញុំជូប ករណីណាមួយហើយ ខ្ញុំមិនជួយតែម្ដងទេ ខ្ញុំនឹងជួយជាប្រចាំតែម្ដង ព្រោះការធ្វើបែបនេះ ទើបអាចជួយទៅដល់ គាត់ដែលត្រូវការជួយហ្នឹងបានជាប់លាប់ ហើយនិងអាចមានដង្ហើមដក“ ៕ កុលបុត្រ

RELATED ARTICLES