ជប៉ុន៖ស្ថាប័នសារព័ត៌មានជប៉ុនដ៍ធំឈ្មោះ NIKKEI បានផ្សាយលើកសរសើរពីស្ត្រីខ្មែរម្នាក់ តស៊ូរហូតដល់ អាចបើកក្រុមហ៊ុន ផ្ទាល់ខ្លួនបាននៅក្នុងទឹកដីជប៉ុន ដែលជារឿងដ៏លំបាកមួយ តែនាងធ្វើចេញជារូបរាងបាន។ស្រី្ដខ្មែរដែលមានការតាំងចិត្តនិងឆន្ទៈខ្ពស់នោះមានឈ្មោះថា សែម ណាវី (FB៖Sem Na Vy)មានវ័យ ៣៩ឆ្នាំ បច្ចុប្បន្ន គឺជា CEO ក្រុមហ៊ុន Sisyphus.inc មានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ជាក្រុមហ៊ុនចែកចាយ វត្ថុធាតុ ដើមសម្រាប់ប្រើប្រាស់ក្នុងការផលិតផលិតផលថែរក្សាសម្ផស្ស ។ NIKKEI ក៏បានលើកសរសើរអំពីក្រុមហ៊ុន របស់ណាវី ថាជាក្រុមហ៊ុនចែកចាយផលិតផលមានគុណភាព បង្កើតដោយកូនខ្មែរ ហើយនាំមកឲ្យប្រជាពល រដ្ឋបានប្រើវិញ។



តាមប្រវត្តិណាវី គឺជាកូនទី៣ ក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន ៦នាក់ ប្រុស១ស្រី៥។ នាងមិនបានសិក្សា បានចប់ចុងចប់ដើមឡើយ ព្រោះលទ្ធផលផ្គត់ផ្គង់របស់គ្រួសារមិនអាចទៅរួច ដោយសារតែជីវភាពលំបាក។ ណាវី បានបោះចោលការសិក្សាកណ្ដាលទីត្រឹមកម្រិតអនុវិទ្យាល័យប៉ុណ្ណោះ។បន្ទាប់ពីបោះបង់ការសិក្សា នាងបានចូលធ្វើការរោងចក្រមួយនៅសំណង់១២ ក្នុងពេលនាងទើបមានវ័យត្រឹម ១៦ឆ្នាំ។ ទោះវាជាការងារដំបូងដែលអាចឲ្យនាងរកប្រាក់ជួយគ្រួសារ ប៉ុន្តែណារី មិនបានបញ្ឈប់ខ្លួនឯងនោះទេ ពោលគឺ នៅតែចង់សម្រេចគោលដៅជីវិតតាមក្ដីសុបិនរបស់ខ្លួននាថ្ងៃណាមួយ។

សែម ណាវី ថាពេលនាងធ្វើការនៅរោចក្រ នាងបានចូលទៅវាយកាតក្នុងអូហ្វីសគេ នាងឃើញគេធ្វើការមុខ កុំព្យូទ័រ នាងចង់ធ្វើការអីចឹងដែរ គឺក្ដីស្រមៃរបស់នាងចង់ធ្វើការក្នុងអូហ្វីដូចគេ…។

ណារី ថាចាប់ពីពេលនោះមកនាងបាន ដាក់ផែនការថា ត្រូវតែធ្វើការផងឆ្លៀតទៅរៀនផង។ នាងបានដាក់ គោលដៅថា នាងនឹងសុំថ្នាក់លើរបស់នាងចេញពីធ្វើការនៅម៉ោង ៤រៀងរាល់ថ្ងៃ ដើម្បីទៅរៀនភាសាអង់ គ្លេសនាពេលល្ងាច។
ណាវី ប្រាប់ថា សំណើរនោះមេកើយនាងក៍យល់ព្រម តែនាងត្រូវតែធ្វើកិច្ចការទទួលខុសត្រូវរបស់ខ្លួនជា អ្នកដេរហោប៉ៅខោ១-២ពាន់ក្នុង១ថ្ងៃទៅ ៥ពាន់ហោប៉ៅខោខូវប៊យក្នុង១ថ្ងៃ ទើបអាចចេញបាន។ ត្បិតថា កិច្ចការកើតគុណនឹង ៣ តែ ណាវី មុតមាំណាស់ ត្រូវតែធ្វើឲ្យបាន។
ណាវី ប្រាប់ថា ដើម្បីបានចេញម៉ោង៤រៀងរាល់ថ្ងៃ ខ្ញុំប្រឹងដេរណាស់ អត់ហ៊ានឈប់ អត់ហ៊ានសម្រាក បន្ដិចទេ…ហើយអំឡុងខ្ញុំកំពុងធ្វើការ ល្បីដល់ប្រធានផ្នែកផ្សេងៗនាំក្រុមការងារចុះមកមើល ថាហេតុអី ខ្ញុំពូកែដេរ មានតិចនិកអ្វីទើបដេរបានច្រើនដល់ម្លឹង?
ណាវី ក្លាយជាកម្មការិនីម្នាក់ដែលប្រឹងប្រែងធ្វើការងារបំផុត ហើយក៏ជាសិស្សភាសាអង់គ្លេសដ៏ឆ្នើមមួយរូបផង ព្រោះនាងរៀនបានលេខ១រាល់ខែ។ នាងបានធ្វើជាកម្មការិនីរោងចក្រប្រមាណជាជិត ១០ឆ្នាំ មុនអ្វីៗត្រូវបាន ផ្លាស់ប្ដូរទាំងស្រុងដូចពេលនេះ។

ដោយសារតែមានគោលដៅជីវិតច្បាស់លាស់ឬអាចថាវាសនាចារមកផង គ្រួសារណាវីមានដីធំទូលាយ ដែលក្រោយមកសាលាមួយរបស់ជប៉ុនបានមកសុំជួល។ ម្ដាយណាវី យកតែថ្លៃទឹក ថ្លៃភ្លើងប៉ុណ្ណោះ តែមិនយកថ្លៃជួលដីឡើយពីសាលាជប៉ុននេះ ដោយយល់ថា វត្តមានរបស់សាលា បានជួយឲ្យប្អូនៗនាង និងកូនៗអ្នកភូមិផ្សេងទៀតដែលមានជីវភាពលំបាកដូចគ្នា បានរៀនសូត្រដែរ មានចំណេះដឹងនឹងគេ។
ណាវី បានចូលធ្វើជាគ្រូបង្រៀនភាសាស្ម័គ្រចិត្តក្នុងសាលានេះទៀត ជួយបង្រៀនក្មេងៗក្នុងភូមិ។ តាមរយៈ សាលាអង្គការជប៉ុននេះ ណាវី បានជួបជាមួយស្វាមីនាងសព្វថ្ងៃជាជនជាតិជប៉ុន។
ណាវី បានរៀបការនៅឆ្នាំ ២០០៩ ហើយក្រោយមកបានចេញមករស់នៅក្នុងប្រទេស ជប៉ុនជាមួយស្វាមីដល់ សព្វថ្ងៃ។ រស់នៅក្នុងប្រទេសជប៉ុនដំបូង ណាវី ប្រាប់ថា នាងមិនមានការងារអ្វីធ្វើទេ គឺនៅងតែផ្ទះមើលកូន។
ដោយសារមើលឃើញពីការប្រើប្រាស់ផលិតផលសម្ផស្សរបស់អ្នកម្ដាយ ពូមីង អ៊ុំសម័យមុនមានការ ប្រឈម ច្រើន។ នាងក៏កើតគំនិតចង់ធ្វើផលិតផលដែលមានគុណភាពល្អមិនប៉ះពាល់សុខភាព នាំមកលក់ឲ្យបងប្អូន ពូមីង ជាជនរួមជាតិ។

ណារី បានរត់ការបើកក្រុមហ៊ុននេះដោយខ្លួនឯង ដែលបច្ចុប្បន្នមានឈ្មោះថា Sisyphus.inc មានចែកចាយ វត្ថុធាតុដើមច្នៃពីធម្មជាតិសម្រាប់ផលិតផលិតផលថែរក្សាសម្ផស្ស និងចែកចាយផលិតផលសម្រេច ដែលមាន គុណភាពខ្ពស់ផងដែរ។
ស្រ្ដីខ្មែរមានស្វាមីជាជនជាតិជប៉ុនរូបនេះឆ្លងកាត់បទពិសោធន៍ខ្លួនឯងផ្ទាល់ សែម ណាវី លើកទឹកចិត្តយុវជន ដែលមិនមានលទ្ធភាពរៀនសូត្របានវែងឆ្ងាយ កុំតូចចិត្ត កុំអស់សង្ឃឹម តែត្រូវតាំងចិត្ត រកឲ្យឃើញក្ដីសុបិន របស់ខ្លួនឯង ហើយប្រឹងដើរទៅរកវា។ ស្ត្រីអ្នកភ្នំពេញរូបនេះលើកឡើងទៀតថា “សញ្ញាប័ត្រពីការសិក្សា ចំណេះទូទៅសំខាន់ តែការរៀនជំនាញខ្លីអ្វីមួយក៏រឹតតែសំខាន់និងចាំបាច់ថែមទៀត”។

នាងថាដូច្នេះ បើលទ្ធភាពមិនអាចរៀនវែងឆ្ងាយបាន គួរងាកមករកជំនាញអ្វីមួយពិតប្រាកដ ចុងក្រោយក៏អាច រកឃើញអនាគតល្អមួយដូចគ្នា។
សព្វថ្ងៃក្រុមហ៊ុនរបស់ ណាវី បានប្រតិបត្តិការនៅប្រទេសមួយចំនួនក្រៅពីជប៉ុនមាន ថៃ ម៉ាឡេស៊ី ចិន និង កម្ពុជា ជាដើម។ តាមផែនការ ក្រៅពីនាំផលិតផលដែលមានគុណភាពមកលក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នាងក៏កំពុងចរចានាំយកផលិតផលខ្មែរមួយចំនួនទៅលក់ជូនប្រជាជនជប៉ុនវិញដែរ៕





