Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកថតព្រានដកកាំភ្លើងបាញ់សត្វ ឆ្លើយតបការ ព្រមានប្តឹង

អ្នកថតព្រានដកកាំភ្លើងបាញ់សត្វ ឆ្លើយតបការ ព្រមានប្តឹង

ខេត្តមណ្ឌលគិរី ៖ រូបភាពជាច្រើនសន្លឹក បង្ហាញពីរថយន្តកាមរីឆ្លាម ១គ្រឿង ដែលបានទម្លាក់កញ្ចក់ចុះ រួចបញ្ចេញវត្ថុម៉្យាងពណ៌ខ្មៅ តាមបង្អួច ដែលគេសង្ស័យជាកាណុងកាំភ្លើង (ហាក់តម្រង់បាញ់អ្វីមួយ) ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកយ៉ាងព្រោងព្រាត និងរិះគន់ថា ជាសកម្ម ភាពលបបាញ់សត្វព្រៃខុសច្បាប់។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Miller Snap ដែលគេស្គាល់ថា ជាអ្នកជំនាញថតរូបបានបង្ហោះនូវរូបភាព ចំនួន៦សន្លឹក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ បង្ហាញពីរថយន្ត ១គ្រឿង ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ កណ្តាល 2A-5724 បានទម្លាក់កញ្ចក់ខាងឆ្វេង (កៅអីតៃកុង) បញ្ចេញវត្ថុអ្វីម៉្យាង ពណ៌ខ្មៅ សង្ស័យជាកាណុង កាំភ្លើងវែង ដោយមិនដឹងថា តើតម្រង់បាញ់អ្វីនោះឡើយ។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានភ្ជាប់ជាមួយសំណេរថា “បងប្អូនជួយពិនិត្យមើលតាមមាត់ ទ្វារឡាននេះ តើជាអ្វី? យើងខ្ញុំចុះមកស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដើម្បីថតស្វាកន្ទុយស ហើយក៏ប្រទះភ្នែក ឃើញអ្វីទេ តម្រង់ស្វាកន្ទុយស ពីក្នុងឡាន ជួយមើលទាំងអស់គ្នា តើជាអ្វី? សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ ចាត់ការ និងបកស្រាយជូនពួកយើងខ្ញុំដឹងថា តើនេះជាអ្វី? បើសិនជាបទល្មើសបាញ់ស្វាកន្ទុយសមែន ខ្ញុំពិតជាសោក ស្តាយណាស់ ដែលសម័យនេះហើយ នៅមានជនបែបនេះទៀត។ ស្វាកន្ទុយស គឺជាប្រភេទសត្វស្វាស្អាតនិង ជិតផុតពូជបំផុត…”។

ឆ្លើយតបទៅនឹងការរិះគន់ និងយល់ឃើញរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ខាងលើ មានគណនីហ្វេស ប៊ុកមួយ ឈ្មោះសុវណ្ណារិទ្ធ គង់  បានសរសេរសារមួយថា “កុំចង់ល្បីខុសរឿងពេក ប្រយ័ត្នមានបញ្ហាផ្លូវច្បាប់ ឡានប្អូនខ្ញុំគាត់អែបថតរូបទេ ម៉េចបានលោកសេវរូបស្វាកន្ទុយស មកផ្ទឹម រួចសរសេរសំណេរឱ្យគេ យល់ ច្រឡំប្អូនខ្ញុំ ទុកពេលឱ្យប្អូន ១២ម៉ោង សុំទោស បើមិនដូច្នេះទេ ត្រៀមជួបគ្នានឹងផ្លូវច្បាប់ (ដងកាមេរ៉ាទេមិន មែនកាំភ្លើងទេ)…”។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើ លោកទុំប៉ែន វីរៈវិទូ ដែលជាប្រធាន ក្រុមការងារដឹកនាំការចុះថតរូបភាពសត្វស្វាកន្ទុយស បានបញ្ជាក់ឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា “ខ្ញុំបាទប្រធានក្រុមការងារ ស្នើសុំសមត្ថកិច្ចជំនាញ វែកមុខព្រានដ៏មាន ឥទ្ធិពលអប្រិយម្នាក់នេះ បានកំពុងបំផ្លាញមុខមាត់ថ្នាក់ដឹកប្រទេសកម្ពុជា។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធ នឹងមានវិធានការចំពោះមុខច្បាប់ និងឆ្លើយតបប្រកបដោយវិជ្ជាជីវៈ ទទួលបានលទ្ធផលល្អប្រសើរ។ សូមអរគុណលោកអៀង ពិសី អ្នកស្រាវជ្រាវនិពន្ធ នៃក្រុមការងារ បានចុះផ្ទាល់ក្នុងបេសកម្ម មួយនេះប្រកប ដោយមោទនភាព។

“ស្វាកន្ទុយស” ជាប្រភេទសត្វដែលជិតផុតពូជបំផុតនៅលើពិភពលោក សូមមេត្តាអានអត្ថបទនេះឱ្យចប់ កំណត់ហេតុស្តីពីការចុះផលិតឯកសារស្វាកន្ទុយស និងទោចថ្ពាល់លឿង ដែនជម្រកសត្វព្រៃ កែវសីម៉ា…”។លោកទុំប៉ែន វីរៈវិទូ បានបន្តថា “នៅថ្ងៃទី៦-៨ ខែមករា ឆ្នាំ២០២៤ ខ្ញុំនិងក្រុមការងារ បានចុះផលិតឯកសារស្តី ពីស្វាកន្ទុយស និងទោចថ្ពាល់លឿង នៅដែនជម្រកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី។ ខ្ញុំពិតជាកោតសរសើរចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវ ពីមន្ទីរ បរិស្ថាន និងអង្គភាពក្រោម ឱវាទ ដែលបានសម្របសម្រួលសហការយ៉ាងយកចិត្តទុកដាក់ នាំឱ្យសម្រេចកិច្ចការនេះបានដោយរលូន។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាច ស្របពេលដែលខ្ញុំបានបញ្ចប់ការថត និងរៀបវិលត្រលប់ មកសម្រាកវិញ ក៏បានជួបជាមួយនឹងក្រុមបរបាញ់សត្វស្វាកន្ទុយស និងសត្វឯទៀតៗ ដែលចេញមករក អាហារនៅតាមចិញ្ចើមផ្លូវជាតិលេខ៧៦ ចម្ងាយប្រមាណ២-៣ គីឡូម៉ែត្រ ពីស្នាក់បរិស្ថាន អូរប៉ាម។ គ្រាប់កាំភ្លើងខ្យល់ ១គ្រាប់ បានបន្លឺឡើងកាត់ព្រៃស្ងាត់លាន់សូរផាំង… ស្វាកន្ទុយស មួយក្រុម ដែលកំពុងរកស៊ី ដោយបេះត្រួយឈើខ្ចីៗ ចំនួន៥ក្បាល បានលោតជម្លៀសខ្លួនប្រញាយ គេចចេញពីការបាញ់សម្លាប់។ បុរសអង្គុយខាងក្រោយរថយន្ត ពាក់មួយបារ៉េ បានតម្រង់កាណុងកាំភ្លើង ដោយការយកចិត្តទុកដាក់ តែដកចេញចូល ២ដង មុននឹងបាញ់ប្រហារទៅលើក្រុមស្វាអភ័ព្វទាំងនោះ។ ខ្ញុំដើរតម្រង់រថយន្តនោះ ក្នុងគោលបំណងនឹងឃាត់រថយន្ត រួមទាំងអ្នកបើកបរ តែក្នុងដៃមានតែកាមេរ៉ា។ ក្រុមការងារស្រែកហៅឱ្យត្រលប់មកវិញ ហើយពួកយើងក៏ចាប់ផ្តើមថតសកម្មភាព ទាំងស្លាកលេខរថយន្ត និងចុងកាណុងកាំភ្លើង។ ភ្លាមៗនោះ ខ្ញុំបានទាក់ទងមកស្នាក់ការបរិស្ថាន អូរប៉ាម និង រាយការណ៍ភ្លាម ៗមកស្នាក់ការកណ្តាល នៅស្រុកកែវសីម៉ា។ ពិតជាសោកស្តាយ ប្រហែលចំថ្ងៃ៧មករា ហើយ ទើបការ ស្ទាក់ចាប់រថយន្តព្រានដ៏មានសំណាង មិនត្រូវបានធ្វើឡើងភ្លាមៗទេ…”។

លោកទុំប៉ែន វីរៈវិទូ បានបញ្ជាក់បន្តថា “គ្មានជម្រើស ពួកយើងបានបង្ហោះសារអមដោយរូប ថតរថយន្ត ព្រានប្រមាញ់ដ៏មានសំណាង ចំនួន ៥សន្លឹក ដើម្បីប្រាប់មហាជន។ នៅពេលព័ត៌មានចាប់ផ្តើមទទួលការចាប់អារម្មណ៍ ព្រានដ៏មានសំណាង និងអាចជាព្រានដ៏មានឥទ្ធិពល ក៏បានចេញមុខមកគំរាមក្រុមការងារ ជាបន្តបន្ទាប់។ កុំភ័យពេក ពួកយើងមិនបានខ្លាចលោកព្រានទេ ស្វាគមន៍ជានិច្ច បើលោកប្តឹងទៅតុលាការ។ ការបកស្រាយលោកព្រានដ៏មានឥទ្ធិពល ១-ឡានប្អូនជិះដើរ បាញ់សត្វស្លាប ២-ជាកាំភ្លើងជ័រ ៣-ជាជើងកាមេរ៉ា… (តើនៅមានអ្វីទៀត) ខ្ញុំមិនដែលស្គាល់លោក ហើយ ក៏គ្មានហេតុផលអ្វីដែលត្រូវចោទប្រកាន់លោកដែរ។ ជើងកាម៉េរ៉ា?… ខ្ញុំផលិតឯកសារសត្វ ជាង១០ឆ្នាំហើយ ជើងកាមេរ៉ា ថ្លៃឬថោក សុទ្ធតែខ្ញុំប្រើអស់ជាច្រើនដើមដែរ។ អរគុណមហាជនដែលបានចែករំលែកបន្តបន្ទាប់ ព្រមទាំងការបញ្ចេញទស្សនៈថ្កោលទោសអំពើថោកទាបនេះ។ ព្រានដ៏មានឥទ្ធិពល មិនត្រូវបានអាជ្ញាធរកោះ ហៅមកសាកសួរឡើយ។ ខ្ញុំបង្ហោះសារអមដោយរូបថតដែលត្រូវបានថតដោយដៃខ្ញុំផ្ទាល់ នៅពេលនេះ គឺជាអត្ថបទកំណត់ហេតុចុងក្រោយលើបណ្តាញសង្គម ហើយខ្ញុំនឹងលែងបង្ហោះប៉ះពាល់ អារម្មណ៍លោក ព្រានទៀតហើយ តែរាល់កំណត់ហេតុនេះ នឹងសរសេរចូលក្នុងសៀវភៅ “រស់សែនខ្លាច”។ “ខ្ញុំរស់ដោយ សន្តិភាព តែសត្វព្រៃស្រុកខ្ញុំ រស់ដោយភាពភ័យខ្លាច”…៕

RELATED ARTICLES