Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុកគ្នា របួសធ្ងន់៣ ស្លាប់អធិការរង និងនាយរងប៉ុស្តិ៍

បើកឡានបុកគ្នា របួសធ្ងន់៣ ស្លាប់អធិការរង និងនាយរងប៉ុស្តិ៍

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្ត១គ្រឿង ដឹកប្រពន្ធ ស្រាប់តែត្រូវរថយន្តស៊េរីទំនើប ១គ្រឿងទៀត ពាក់ស្លាក លេខ នគរបាល មានអ្នករួមដំណើរប្រុសស្រី សរុប៥នាក់ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅផ្ទុយគ្នាបានរេ ចង្កូតចូលមកគន្លងផ្លូវម្ខាងទៀត ជ្រុលបុកយ៉ាងពេញ ទំហឹង បណ្តាលឱ្យភាគីរថយន្តពាក់ស្លាកលេខនគរបាល បាត់បង់ជីវិត ចំនួន២នាក់ ក្នុងនោះ ម្នាក់ជាអធិការរងស្រុកកៀនស្វាយ និងម្នាក់ទៀតជានាយរងប៉ុស្តិ៍ដីឥដ្ឋ។ ចំណែកមនុស្សប្រុសស្រី ៣នាក់ទៀត ដែលរួមដំណើរជាមួយគ្នា រងរបួសធ្ងន់។ រីឯភាគីប្តីប្រពន្ធ ២នាក់ សំណាង ល្អគ្រាន់តែរងរបួសស្រាល។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចទល់មុខវត្តចំប៉ា តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ  ទី-ឈ្មោះហេង ស៊ីថារ៉ូ ភេទប្រុស អាយុជាង៣០ឆ្នាំ ជាមន្ត្រីនគរបាលជាតិ មានតួនាទីជាអធិការរងស្រុកកៀនស្វាយ និងទី២-ឈ្មោះម៉ាន រ៉ាវី ភេទប្រុស អាយុជាង២០ឆ្នាំ ជាមន្ត្រីនគរបាលជាតិ មានតួនាទីជានាយរងប៉ុស្តិ៍ដីឥដ្ឋ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កាមរី ហាយប៊្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បើកបរដោយប្តីប្រពន្ធ២នាក់ ធ្វើដំណើរតាមបណ្តោ យផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើត មកលិច ក្នុងល្បឿន យ៉ាងលឿន លុះមកដល់ចំណុចកើត ហេតុខាងលើ (ត្រង់ចំណុចទល់មុខវត្តចំប៉ា) ស្រាប់តែមានរថយន្ត ១គ្រឿងទៀត ម៉ាក Lexus RX-350 ពណ៌ស ពាក់ស្លាក លេខ នគរបាល 2- 0393 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី ចំនួន៤នាក់ទៀត ក្នុងនោះ មានមន្ត្រីនគរបាល ២រូបខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ច្រាសគ្នា ពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿនដូចគ្នា ស្រាប់តែពេលបើកមកដល់ចំណុចកើតហេតុ បានរេចង្កូតឆ្លង ចូលគន្លងផ្លូវម្ខាងទៀត រួចជ្រុលទៅបុករថយន្តកាមរីហាយប៊្រីដ ចំពីមុខពេញទំហឹង បណ្តាលឱ្យ ផ្លោងខ្ទាត ទៅបោកផ្ទប់នឹងរបង បណ្តាលឱ្យមន្ត្រីនគរបាល ២រូប បានស្លាប់ ដោយម្នាក់ជានាយរងប៉ុស្តិ៍ដីឥដ្ឋ និងម្នាក់ ទៀតជាអធិការរងស្រុកកៀនស្វាយ។ ចំណែកបុរសម្នាក់ និងស្ត្រី២នាក់ទៀតដែលរួមដំណើរជាមួយគ្នា ក្នុង រថយន្ត Lexus RX-350 បានរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ដោយឡែកភាគីប្តីប្រពន្ធ ២នាក់ ខាងរថយន្តកាមរី ហាយប៊្រីដ រងរបួសស្រាល និងត្រូវបានសមត្ថកិច្ចឃាត់ យកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះពិនិត្យទី តាំងកើតហេតុ រួចទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍រាជធានីភ្នំពេញ ឱ្យមកធ្វើការវាស់វែង និងអូសយក រថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនីតិវិធី។

ដោយឡែកសពជនរងគ្រោះ ជាមន្ត្រីនគរបាលទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រ គល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES