Sunday, April 28, 2024
Homeនយោបាយសម រង្ស៊ី អំពាវនាវកម្លាំងប្រជាធិបតេយ្យ គណ បក្ស៣ រក្សាព្រលឹងតែមួយ

សម រង្ស៊ី អំពាវនាវកម្លាំងប្រជាធិបតេយ្យ គណ បក្ស៣ រក្សាព្រលឹងតែមួយ

ភ្នំពេញ ៖ ស្របពេលដែលការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ឆ្នាំ២០២៤ ខិតជិតចូលមកដល់ និងខណៈ ដែលគណបក្ស២ ដែលមានប្រភពចេញពីគណបក្សសម រង្ស៊ី គឺគណបក្សឆន្ទៈខ្មែរ (គណបក្សសម្ព័ន្ធភាព អនាគតគណបក្សភ្លើងទៀន) និងគណបក្សកម្លាំងជាតិ (គណបក្សបង្កើតថ្មី) បានដាក់បេក្ខជនឈរឈ្មោះ សមាជិកព្រឹទ្ធសភា នៅភូមិភាគដូចគ្នា ហើយកំពុងប្រទាញប្រទង់គ្នារឿងអង្គបោះឆ្នោត ដែលជាសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង២ពាន់នាក់នោះ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះ ជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) បានផ្ញើសារជូនចំពោះតំណាងកម្លាំង ប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា ជាពិសេសឲ្យគណបក្ស៣ (ភ្លើងទៀន ឆន្ទៈខ្មែរ និងកម្លាំងជាតិ) រក្សាព្រលឹងតែមួយ សហការគ្នា ចៀសវាងការប្រកួតប្រជែងគ្នានៅតាមភូមិភាគនីមួយៗ ដែលនាំឲ្យបរា ជ័យទាំងអស់គ្នា ។

  សារជូនចំពោះតំណាងកម្លាំងប្រជាធិបតេយ្យទាំងអស់ នៅប្រទេសកម្ពុជា របស់លោកសម រង្ស៊ី ធ្វើនៅទីក្រុង ប៉ារីស ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា “ខ្ញុំ សម រង្ស៊ី សូមអំពាវនាវដល់តំណាងកម្លាំងប្រជាធិប តេយ្យទាំងអស់ នៅប្រទេសកម្ពុជា ឲ្យរួបរួមគ្នា ហើយសហការគ្នា ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅស្រុកយើង។ ក្នុងន័យនេះ សូមកុំឲ្យមានការវាយប្រហារគ្នាទៅវិញទៅមក ហើយត្រូវតែចែកតួនាទីគ្នា ដើម្បីទទួលបានជ័យជម្នះរួម។ នៅពេលនេះ មានគណបក្សនយោបាយ ៣ ដែលតំណាងឲ្យកម្លាំងប្រជាធិប តេយ្យ ហើយដែលមានអ្នកគាំទ្រចេញមកពីប្រភពដើមតែមួយ គឺគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ“ ។

  សាររបស់លោកសម រង្ស៊ី បន្តថា “សូមឲ្យអ្នកគាំទ្រ និងសកម្មជនគណបក្សទាំង ៣ នេះ រក្សាភាពស្មោះ ត្រង់ចំពោះប្រទេសជាតិ និងប្រជារាស្រ្ត មានន័យថា រក្សាឧត្តមគតិដើមរបស់យើងទាំងអស់គ្នា ឈរលើ សីលធម៌ សច្ចធម៌ យុត្តិធម៌។ អ្វីដែលសំខាន់បំផុត គឺឧត្តមគតិដើមរបស់យើងនេះហើយ ដែលធ្វើឲ្យព្រលឹងខ្មែរ ព្រលឹងជាតិ រស់រវើកជានិច្ច។ ឈ្មោះគណបក្ស មិនសំខាន់ប៉ុន្មានទេ ពីព្រោះយើងអាចប្តូរឈ្មោះគណបក្ស ឬប្តូរគណបក្សតែម្តង តាមអ្វីដែលកាលៈទេសៈតម្រូវ។ អ្វីដែលសំខាន់បំផុត គឺព្រលឹងយើង ដែលនៅរស់រវើក ហើយគ្មានការប្រែប្រួលអ្វីឡើយ។ យើងអាចប្តូរគណបក្ស តាមអ្វីដែលកាលៈទេសៈតម្រូវ ដូចយើងប្តូរសម្លៀក បំពាក់អ៊ីចឹងដែរ។ គណបក្ស គ្រាន់តែជាសំបកក្រៅទេ ដែលអាចមានការប្រែប្រួល តែព្រលឹងយើងមានតែមួយ ហើយនៅដដែល“ ។

 សាររបស់លោកសម រង្ស៊ី បន្តទៀតថា “ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃ ២៥ កុម្ភៈ ២០២៤ ត្រូវតែមានការសហការគ្នា រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដោយចៀសវាង ការប្រកួតប្រជែងគ្នានៅតាមភូមិភាគនីមួយៗ។ បើគណបក្ស ២នេះ ប្រកួតប្រជែងគ្នា នៅក្នុងភូមិភាគណាមួយ គឺគណបក្សទាំងពីរ ច្បាស់ជាបរាជ័យទាំងពីរ។ ចំពោះអង្គបោះឆ្នោត ដែលជាសមាជិកគណបក្សភ្លើងទៀន ត្រូវប្រកាន់វិន័យបោះឆ្នោត ដោយសម្ងាត់ ឲ្យគណបក្សប្រជាធិបតេយ្យតែមួយ នៅក្នុងភូមិភាគនីមួយៗ ដើម្បីធានាជោគជ័យរួម នៃកម្លាំងប្រជាធិបតេយ្យ។ ការជ្រើសរើសគណបក្សណាមួយ រវាងគណបក្សកម្លាំង ជាតិ និងគណបក្សឆន្ទៈខ្មែរ នៅក្នុងភូមិភាគនីមួយៗ នឹងត្រូវសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ តាមការ ចាំបាច់។ អង្គបោះឆ្នោត មិនចាំបាច់បង្ហាញជំហររបស់ខ្លួនជាសាធារណៈក៏បានដែរ មិនចាំបាច់ឲ្យអ្នកក្រៅ ដឹងពីជំហររបស់ខ្លួនក៏បានដែរ ដើម្បីធានាសន្តិសុខ និងលំនឹងនៃការងារទៅថ្ងៃមុខ សម្រាប់អង្គបោះ ឆ្នោតម្នាក់ៗ។ អ្វីដែលសំខាន់បំផុត គឺអង្គបោះឆ្នោត ត្រូវបោះឆ្នោតដោយសម្ងាត់ តាមសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ហើយតាមវិន័យដូចបានរៀបរាប់ពីខាងលើ ហើយដែលនឹងត្រូវបញ្ជាក់ក្នុងពេលឆាប់ៗខាងមុខនេះ“ ។

 ជុំវិញសាររបស់លោកសម រង្ស៊ី ខាងលើនេះ គណបក្សភ្លើងទៀន បានឆ្លើយតប គាំទ្រការអំពាវនាវ របស់ លោកសម រង្ស៊ី ហើយបានស្នើឲ្យអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង២ពាន់នាក់ មានឆន្ទៈពិតប្រាកដ ដើម្បីឲ្យបោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពអនាគតរបស់ខ្លួន ដើម្បីឲ្យបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ ។

 លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ថា នៅក្នុងបរិបទប្រជាធិបតេយ្យ ខ្ញុំក៏មានគំនិតដូចលោកសម រង្ស៊ី ដែរ គឺថា អ្នកប្រជាធិបតេយ្យ ត្រូវតែរួបរួមគ្នា ដើម្បីជ័យជម្នះទៅអនាគត ប៉ុន្តែក៏ជាសិទ្ធិរបស់បុគ្គលដែលជាស្ថាបនិករបស់បក្សនីមួយៗដែរ ។ បានន័យថា ជាការសម្រេចចិត្តខ្លួនឯងយ៉ាងម៉េច វាជាសិទ្ធិរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ។ ចំណែកគណបក្សភ្លើងទៀន មិនមានការព្រួយបារម្ភទេ ពីព្រោះគណបក្ស បានណែនាំដល់អង្គបោះឆ្នោត ទាំង២១៩៨នាក់ សុំឲ្យបោះឆ្នោតឲ្យទៅគណបក្សឆន្ទៈខ្មែរ ។ ដូច្នេះលោកសង្ឃឹមថា ពួកគាត់នឹងមានឆន្ទៈ ពិតប្រាកដ បោះឆ្នោតឲ្យគណបក្សឆន្ទៈខ្មែរ ដើម្បីឲ្យបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ ។

     លោកទាវ វណ្ណុល បានមានប្រសាសន៍ថា “ខ្ញុំគ្រាន់តែរំលឹកថា នៅក្នុងបរិបទប្រជាធិបតេយ្យ ខ្ញុំក៏មាន គំនិតដូចគាត់ (សម រង្ស៊ី) ដែរ គឺថាអ្នកប្រជាធិបតេយ្យ ត្រូវតែរួបរួមគ្នា ដើម្បីជ័យជម្នះទៅអនាគត ប៉ុន្តែ ក៏ជាសិទ្ធិរបស់បុគ្គលដែលជាស្ថាបនិករបស់បក្សនីមួយៗដែរ ជាសិទ្ធិរបស់គាត់រៀងៗខ្លួន បើគាត់នៅតែចង់ ឈរនៅក្នុងបក្សណាមួយ ឬមួយបក្សកម្លាំងជាតិ ឬមួយគណបក្សឆន្ទៈខ្មែរ អាហ្នឹងគឺជាសិទ្ធិរបស់គាត់ យើង មិនអាចទៅហាមឃាត់ទេ ហើយខ្ញុំក៏បានឃើញការអំពាវនាវរបស់លោកសម រង្ស៊ី ដែរ គឺលោកគ្រាន់តែ ផ្ដល់ជាគំនិត គាត់មិនបានហាមឃាត់ទេ គឺបក្សនីមួយៗ ត្រូវតែសម្រេចចិត្តខ្លួនឯងយ៉ាងម៉េច អាហ្នឹងជា សិទ្ធិរបស់គណបក្សឆន្ទៈខ្មែរ ឬមួយក៏គណបក្សកម្លាំងជាតិ ។ ក្នុងន័យនេះដែរ ចំពោះអ្វីដែលលោកសម រង្ស៊ី ថាឈ្មោះគណបក្ស ឬគណបក្សអាចប្ដូរបាន តែព្រលឹងដើម មិនអាចប្រែប្រួលនោះ ខ្ញុំដូចជាមិនមានអី សង្កត់ធ្ងន់ទេ ពីព្រោះគណបក្សភ្លើងទៀន គឺជាគណបក្សមួយដែលត្រូវបាន គ.ជ.ប មិនអនុញ្ញាតឲ្យឈរ ឈ្មោះនៅក្នុងឆ្នាំ២០២៣ កន្លងផុតទៅនេះ អ៊ីចឹងហើយបានជាគណបក្សភ្លើងទៀន ត្រូវរកមធ្យោបាយដើម្បី ឲ្យសមាជិករបស់ខ្លួនមានការវិវឌ្ឍ ឈានទៅរកការបោះឆ្នោតព្រឹទ្ធសភា នៅខាងមុខ“ ។

 លោកទាវ វណ្ណុល បានមានប្រសាសន៍បន្តថា “ដូច្នេះអ្វីដែលលោកសម រង្ស៊ី បាននិយាយ គឺជាការត្រឹមត្រូវ គឺឈ្មោះគណបក្ស វាមិនសំខាន់ទេ សំខាន់នៅលើឆន្ទៈរបស់បងប្អូន តើបងប្អូនមានឆន្ទៈស្មោះត្រង់ជា មួយនឹងអ្នកប្រជាធិបតេយ្យ ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យគាត់ហ្នឹង បានប៉ុនណា? ដែលបានប្រហែលជិត ២លាននាក់ហ្នឹង តើគាត់នៅតែស្មោះត្រង់ជាមួយអង្គបោះឆ្នោត ឬមួយក៏យ៉ាងម៉េច? អាហ្នឹងគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលយើងមិនអាចវាស់បានទេ ។ យ៉ាងណា ខ្ញុំមិនមានការព្រួយបារម្ភទេ ពីព្រោះយើងដឹងហើយថា គណបក្សភ្លើងទៀន បានសម្រេចជ្រើសរើសយកគណបក្សសម្ព័ន្ធ ដែលមានឈ្មោះ គណបក្សឆន្ទៈខ្មែរ ឲ្យបេក្ខជនរបស់យើងទៅឈរឈ្មោះនៅគណបក្សឆន្ទៈខ្មែរ ។ ដូច្នេះខ្ញុំមិនមានការព្រួយបារម្ភទេ ពីព្រោះគណបក្ស បានណែនាំដល់អង្គបោះឆ្នោត ទាំង២១៩៨នាក់ សុំឲ្យគាត់ បោះឆ្នោតឲ្យទៅគណបក្សឆន្ទៈខ្មែរ ។ ដូច្នេះខ្ញុំសង្ឃឹមថា ពួកគាត់នឹងមានឆន្ទៈពិតប្រាកដ ដើម្បីឲ្យបោះឆ្នោត ឲ្យគណបក្សឆន្ទៈខ្មែរ ដើម្បីឲ្យបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ខាងមុខនេះ“ ។

  ដោយឡែក តំណាងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធភាពអនាគតជាមួយគណបក្សភ្លើងទៀន និងលោកស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលជាគណបក្សបែកចេញពីគណបក្សភ្លើងទៀន ទៅបង្កើតថ្មី មានបាវចនា ឡូហ្គោថ្មី (អំពូលភ្លើង) តែទាញរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ទៅយ៉ាងច្រើន រាប់តាំងពីលោក រ៉ុង ឈុន និងលោកជា មុនី្ន ជាដើមនោះ “នគរធំ” មិនអាចទាក់ទងសុំការមតិយោបល់ ការឆ្លើយតប ជុំវិញសារ ផ្ញើរបស់លោកសម រង្ស៊ី ខាងលើនេះបានទេ កាលពីម្សិលមិញ ។

 គួរបញ្ជាក់ដែរថា បេក្ខជនពេញសិទ្ធិរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលឈរឈ្មោះប្រកួត ប្រជែងការ បោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តាមរយៈគណបក្សឆន្ទៈខ្មែរ ជាគណបក្សសម្ព័ន្ធភាព ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថិតនៅលេខរៀងទី២ នៃសន្លឹកឆ្នោត ក្នុងចំណោមគណបក្ស ៣ទៀត គឺគណបក្សប្រជាជនកម្ពុជា (លេខរៀងទី១) គណបក្សហ៊្វុនស៊ិនប៉ិច (លេខ រៀងទី៣) និងគណបក្សកម្លាំងជាតិ (លេខរៀងទី៤) នោះ រួមមាន លោកបណ្ឌិត សុខ ហាច បេក្ខជនពេញ សិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ), លោកសុន ឆ័យ បេក្ខជន ពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង), លោកហុង សុខហួរ បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគ ទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប), លោកសេង ម៉ារឌី បេក្ខជនពេញសិទ្ធិលេខទី១ ប្រចាំមណ្ឌលភូមិ ភាគទី៤ (ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តឧត្ដរមានជ័យ), លោកគីមសួរ ភីរិទ្ធ បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ), លោកចេប គីមអ៊ាង បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី១ (រាជធានីភ្នំពេញ), លោកចាន់ ចេង បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំ មណ្ឌលភូមិភាគទី៣ (ខេត្តកណ្ដាល) និងលោកគង់ មុនីកា បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌល ភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ។ 

 ចំណែកថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ដែលឈរឈ្មោះប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា នៅក្នុងភូមិ ភាគទាំង៨ ដែរនោះ រួមមាន លោកលោកថាន សុរិទ្ធ បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ), លោកស៊ុន ចន្ធី បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៨ (ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង), លោកជិន ប៉ុណ្ណារ័ត្ន បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៥ (ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប), លោកសុខ គឹមសេង បេក្ខជនពេញសិទ្ធិលេខទី១ ប្រចាំមណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត សៀមរាប ខេត្តប៉ៃលិន និងខេត្តឧត្ដរមានជ័យ), លោកអ៊ុំ វីររដ្ឋ បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌល ភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ), លោកហ៊ុយ ធី បេក្ខជនពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី១ (រាជធានីភ្នំពេញ), លោកអៀ សំអុល បេក្ខជន ពេញសិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៣ (ខេត្តកណ្ដាល) និងលោកយឹម ឃុនឃឿន បេក្ខជនពេញ សិទ្ធិលេខរៀងទី១ ប្រចាំមណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ៕ កុលបុត្រ

RELATED ARTICLES