Thursday, January 23, 2025
Homeព័ត៌មានជាតិនយោបាយជ្រុលនិយម ហេតុអ្វីនៅបន្តជាផ្ទាំងស៊ីប របស់បក្សកាន់អំណាច?

នយោបាយជ្រុលនិយម ហេតុអ្វីនៅបន្តជាផ្ទាំងស៊ីប របស់បក្សកាន់អំណាច?

ភ្នំពេញៈ បន្ទាប់ពីថ្មីៗនេះ មេបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) សម្ដេចហ៊ុន សែន បានប្រកាសជាថ្មីម្ដងទៀតថា ប្ដេជ្ញាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយម ឱ្យចេញផុតពីកម្ពុជានោះ អ្នកនយោបាយប្រឆាំង នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងជាចម្ងល់ និងក្ដីព្រួយបារម្ភ ពីអនាគតអ្នកនយោបាយជំនាន់ថ្មីថា នយោបាយជ្រុលនិយម ហេតុអ្វីនៅបន្តជាផ្ទាំងស៊ីប របស់បក្សកាន់អំណាច?

លោកមាជ សុវណ្ណារ៉ា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ហេតុអ្វីចលនានយោបាយជ្រុលនិយម នៅបន្តជាផ្ទាំងស៊ីប របស់គណបក្សប្រជាជនកម្ពុជា (CPP) ? សូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទ មាជ សុវណ្ណារ៉ា អំពីបញ្ហានេះ និងសម្រាប់អ្វីដែលអ្នកជំនាន់ថ្មីត្រូវតែធ្វើ ដើម្បីកុំឲ្យមានចលនានយោបាយជ្រុលនិយមកើតឡើង “ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា លោកមិនកាន់ជើងនូវអ្វីដែលជាការលើ្មសច្បាប់ ការរំលោភទៅលើរដ្ឋធម្មនុញ្ញ និងការមិនគោរពនីតិរដ្ឋនៃប្រទេសកម្ពុជា នោះទេ ប៉ុន្តែលោកសំណូមពរឲ្យបក្សកាន់អំណាច ប្រើនីតិវិធី ឬប្រើច្បាប់ណាដែលមិនមែនជាច្បាប់ស្ដង់ដារពីរ ហើយមិនមែនជាការបង្កើតនូវព្រឹត្តិការណ៍នយោបាយ មិនមានតម្លាភាព សុចរិតភាព គណនេយ្យភាព មនុស្សឈឺចាប់ និងភាពអយុត្តិធម៌ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ ខ្ញុំមិនកាន់ជើងនូវអ្វីដែលជាការលើ្មសច្បាប់ ការរំលោភទៅលើរដ្ឋធម្មនុញ្ញ និងការមិនគោរពនីតិរដ្ឋនៃប្រទេសកម្ពុជា ទាក់ទងទៅនឹងអ្វីដែលរដ្ឋាភិបាលតែងតែបង្ហាញអំពីកម្លាំងបាយ ឬក៏ការបង្រ្កាបច្បាប់ណាមួយជាអំណាចនៃប្រព័ន្ធតុលាការ ឬក៏ប្រើអំណាចនៃច្បាប់ក្រសួងមហាផ្ទៃ ទាក់ទងទៅនឹងថា តើកម្លាំងមនោគមន៍វិជ្ជាជ្រុលនិយមនេះ ដែលបក្សកាន់អំណាចនៅតែបង្ហាញថា ដើម្បីសន្តិភាព គឺក្នុងតម្លៃនាទីណាក៏ដោយ គឺថាកម្ចាត់ កម្ទេចនយោបាយចាត់តាំងមនោគមន៍វិជ្ជាជ្រុលនិយម ដែលជាការប្រើនូវហិង្សា ការបង្កើតនូវអស្ថិរភាព វិទ្ធង្សនាតាមរូបភាពណា ពីក្រុមណា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមប្រឆាំងជ្រុលនិយម ជាក្រុមពួកឧទ្ទាមអី ខ្ញុំគាំទ្រទៅនឹងអ្វីដែលជាធម៌អហិង្សា ដោះស្រាយគ្នាដោយសន្តិវិធី ។ អ៊ីចឹងអ្វីដែលខ្ញុំចង់បានទៅវិញថា ការកម្ចាត់នូវចលនាមនោគមន៍វិជ្ជាជ្រុលនិយម ពីបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជា (CPP) ក្នុងអាណត្តិទី៧ ដែលដឹកនាំដោយអ្នកបន្តវេន អ្នកជំនាន់ថ្មី នៃបក្សប្រជាជនកម្ពុជានោះ គឺថា ខ្ញុំចូលរួមក្នុងការគាំទ្រដល់អ្វីដែលចង់ឲ្យមានសន្តិភាព ចង់ឲ្យកម្ពុជារស់ដោយអ្វីជាសេរីភាពនិងយុត្តិធម៌សង្គម “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “​ អ៊ីចឹងខ្ញុំអំពាវនាវ សំណូមពរឲ្យបក្សកាន់អំណាចហ្នឹង គឺប្រើនីតិវិធី ប្រើច្បាប់ណាដែលមិនមែនជាច្បាប់ស្ដង់ដារពីរ ហើយមិនមែនជាការបង្កើតនូវព្រឹត្តិការណ៍នយោបាយ ឬជាព្រឹត្តិការណ៍នៅក្នុងស្ថានភាពកាលៈទេសៈនយោបាយណាដែលមិនមានតម្លាភាព សុចរិតភាព និងគណនេយ្យភាព ចង់និយាយរួម គឺធ្វើកុំឲ្យមនុស្សឈឺចាប់ និងភាពអយុត្តិធម៌ ខ្ញុំថា ខ្ញុំចូលរួមធ្វើម៉េចដើម្បីឲ្យប្រទេសមានសន្តិភាព ប៉ុន្តែសន្តិភាពដោយមិនមានការបិទសិទ្ធិសេរីភាព សន្តិភាពដែលមិនធ្វើឲ្យមានភាពអយុត្តិធម៌សង្គម ធ្វើឲ្យភាគីម្ខាង និន្នាការបក្សម្ខាង ដែលគេធ្វើនយោបាយដោយគោរពច្បាប់ ដោយស្របច្បាប់ ហើយកុំទៅបូកដកជាមួយគំនុំបុគ្គលណាមួយនោះ “ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងគឺថា រដ្ឋាភិបាលត្រូវបង្ហាញនូវការអនុវត្តនីតិរដ្ឋ អនុវត្តច្បាប់របស់ប្រទេសកម្ពុជា ដោយស្ដង់ដារមួយ មិនមែនស្ដង់ដារពីរ មិនមែនប៉ះខាងខ្លួនឯង គឺថា នៅតែមានយុត្តិធម៌ជារៀងរហូត បើប៉ះខាងនិន្នាការបក្សផ្សេង មិនថាអង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬក៏បក្សក្រៅរដ្ឋាភិបាល ឬក៏អ្នកវិភាគ អ្នកសិក្សាស្រាវជ្រាវបែបណាមួយ ដែលមិនត្រូវចិត្តខ្លួន ក្នុងការរិះគន់ស្ថាបនា ឬការវិភាគអីហ្នឹង គឺថា បង្ហាញនូវច្បាប់ស្ដង់ដារពីរខុសគ្នា វាអយុត្តិធម៌ និងការឈឺចាប់ដែលមិនមែនជាសុចរិតភាពនយោបាយ ។ អាហ្នឹងជាការមើលឃើញ ដែលរដ្ឋាភិបាលគាត់ចង់បង្ហាញអំពីអ្វីដែលយករូបភាពនៃសន្តិភាពមកបិទបាំង ដោយខ្វះនូវតម្លាភាព ខ្វះនូវតុល្យភាព ខ្វះនូវការអនុវត្តច្បាប់ឲ្យមានស្ដង់ដារតែមួយ ខ្ញុំថា ត្រូវគិតពិចារណារឿងហ្នឹងឲ្យមែនទែន “ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់លោកមាជ សុវណ្ណារ៉ា ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា នយោបាយជ្រុលនិយម ពិតជាផ្ទាំងស៊ីបរបស់គណបក្សកាន់អំណាចមែនហើយ ព្រោះក្រុមជ្រុលនិយម ជាឧបសគ្គសម្រាប់ការរីកចម្រើនរបស់ប្រជាជន និងប្រទេសកម្ពុជា ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ វាពិតជាផ្ទាំងស៊ីបរបស់គណបក្សកាន់អំណាច ពីព្រោះគណបក្សកាន់អំណាច មិនអាចសហការ ឬមួយក៏អាចទុកវត្តមានរបស់ក្រុមជ្រុលនិយម ឲ្យនៅដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយបានទេ ពីព្រោះថា ក្រុមជ្រុលនិយមនេះ វាជាឧបសគ្គសម្រាប់ការរីកចម្រើនរបស់ប្រជាជន និងប្រទេសកម្ពុជា ដែលនាំមកគ្រោះមហន្តរាយដូចពីអតីតកាល” ។

ដោយឡែក លោកម៉ែន ណាតប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអនុប្រធានវេទិកាពលរដ្ឋ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា គណបក្សកាន់អំណាចចោទប្រកាន់ថា ពួកអ្នកប្រឆាំងជ្រុលនិយម ប៉ុន្តែពួកបក្សកាន់អំណាចត្រូវមើលខ្លួនឯងដែរថា តើការចោទប្រកាន់របស់គេហ្នឹងត្រឹមត្រូវឬទេ? ព្រោះបើទោះបីមានអ្នកខ្លះជ្រុលនិយម និយាយតាមអារម្មណ៍ ធ្វើតាមអារម្មណ៍ អត់គិតអំពីផលប៉ះពាល់ដល់សីលធម៌សង្គម និងអត់គិតពីផលប៉ះពាល់ទៅដល់គុណធម៌អីមែន ក៏ប៉ុន្តែអ្នកឯទៀតមិនធ្វើអ៊ីចឹងទេ គឺគេទិតៀនទៅតាមយន្តការ ទៅតាមអ្វីដែលអាចទិតៀនបាន ស្របតាមច្បាប់ ស្របរដ្ឋធម្មនុញ្ញ ដែលនេះមិនអាចហៅថា ជ្រុលនិយមបានទេ ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “ ពាក្យថាជ្រុលនិយមហ្នឹង គឺសំដៅទៅលើការធ្វើនយោបាយទាំងឡាយណាប្រព្រឹត្តទៅវាហួសបែបផែន ហួសដែនកំណត់ ហួសកម្រិតដែលអាចទទួលយកបាន ដូចថា ស្អប់ៗពេក ស្រលាញ់ៗពេកអ៊ីចឹងទៅ អត់មានគិតដឹងខុសដឹងត្រូវទេ ហើយក្នុងន័យធម្មតា វាអ៊ីចឹង ប៉ុន្តែនៅក្នុងន័យនយោបាយ វាភ្ជាប់ជាមួយនឹងមនោគមន៍វិជ្ជានយោបាយ ហើយនៅកម្ពុជា វាមានយន្តការពីរ យន្តការរដ្ឋធម្មនុញ្ញ យន្តការកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង គឺដាក់ឲ្យយើងអនុវត្តនូវកម្មវិធីនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ។ ចំណែកគណបក្សកាន់អំណាចសព្វថ្ងៃ យករដ្ឋធម្មនុញ្ញមកប្រើដែរ ប៉ុន្តែដើម្បីការពារតែផលប្រយោជន៍អំណាចបុគ្គល ក្រុមគ្រួសារនិយម ហើយព្យាយាមបង្រ្កាបអ្នកប្រឆាំង បង្កការបែកបាក់ជាតិ បង្កការលំបាកដល់ប្រជាពលរដ្ឋ ។ ពាក្យថាជ្រុលនិយមនេះ យើងអាចថាចោទប្រកាន់ក៏បានដែរ ឬក៏យើងអាចថាជាផ្ទាំងស៊ីបរបស់បក្សកាន់អំណាចក៏បានដែរ ហើយថាជាផ្ទាំងស៊ីបហ្នឹង ដោយសារអី? ខ្ញុំយល់ថា ពួកគណបក្សកាន់អំណាចចោទប្រកាន់ថា ពួកអ្នកប្រឆាំងហ្នឹងជ្រុលនិយម ប៉ុន្តែពួកបក្សកាន់អំណាចត្រូវមើលខ្លួនឯងដែរថា តើការចោទប្រកាន់របស់គេហ្នឹងត្រឹមត្រូវឬទេ? វាមានចំណុចខ្លះវាលើសហួសហេតុមែន ប៉ុន្តែមានចំណុចខ្លះក៏វាត្រឹមត្រូវដែរ ។ ចំណុចដែលត្រឹមត្រូវ យើងអាចបញ្ជាក់បានថា តើការអនុវត្តនយោបាយរបស់គណបក្សកាន់អំណាចហ្នឹងវាស្របរដ្ឋធម្មនុញ្ញបានប៉ុន្មានភាគរយ? ស្របតាមកិច្ចព្រមព្រៀងក្រុងប៉ារីសដែរឬទេ? តើការរំលាយគណបក្សប្រឆាំងនិងការបង្រ្កាបពួកអ្នកប្រឆាំងហ្នឹង វាស្របច្បាប់ដែរឬទេ? ច្បាប់ហ្នឹង ខ្ញុំចង់និយាយពីច្បាប់វិជ្ជមាន មិនមែនជាច្បាប់គេកែប្រែហើយ គេអនុវត្តតែទៅគោលបំណងអំណាចទេ អាហ្នឹងវាមិនមែនបញ្ជាក់ពីការឯកភាពជាតិទេ ។ ម៉្លោះហើយការដែលចោទប្រកាន់ហ្នឹង ហើយវ៉ៃបកមកវិញបែបជ្រុលនិយមហ្នឹង វាគួរតែធ្វើការពិចារណាទាំងអស់គ្នាដែរ “ ។

លោកម៉ែន ណាត បន្តថា “ អ៊ីចឹងហើយខ្ញុំហើយខ្ញុំយល់ថា កន្លែងខ្លះវាជ្រុលនិយម ដូចពួកសកម្មជនប្រឆាំងមួយចំនួន គាត់អាចជ្រុលនិយមបានដែរ គាត់បើកហ្វេសប៊ុកជេរម្រាយ គាត់កាត់រូបភាពអាក្រក់ៗអីតាមសម្អប់ តាមការខឹងសម្បារបស់គាត់ ទិតៀនដល់រដ្ឋាភិបាល ឬក៏ទិតៀនដល់អ្នកណាដែលគាត់ចង់ទិតៀន បង្កើតរូបភាពអាក្រក់ៗហ្នឹង យើងទទួលស្គាល់ថា អាហ្នឹងវាជ្រុលនិយមហើយ គឺថានិយាយតាមអារម្មណ៍ ធ្វើតាមអារម្មណ៍ អត់គិតអំពីផលប៉ះពាល់ដល់សីលធម៌សង្គមទេ អត់គិតពីផលប៉ះពាល់ទៅដល់គុណធម៌អីទេ ក៏ប៉ុន្តែក្នុងចំណែកណានោះ អ្នកឯទៀតគេមិនធ្វើអ៊ីចឹងទេ ទិតៀនទៅតាមយន្តការ ទិតៀនទៅតាមអ្វីដែលអាចទិតៀនបាន ស្របច្បាប់ ស្របរដ្ឋធម្មនុញ្ញ អាហ្នឹងមិនអាចហៅថា ជ្រុលនិយមបានទេ ។ ជាពិសេសដូចរឿងបញ្ហាព្រំដែន រឿងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់អីនេះ មិនអាចហៅថាជ្រុលនិយមបានទេ ពីព្រោះឯកសារហ្នឹងយើងមាន ហើយអ្នកដែលចុះហត្ថលេខាហ្នឹង គឺអតីតនាយករដ្ឋមន្រ្តីខ្មែរបច្ចុប្បន្ន ហើយបើថា ធ្វើការទៅលើផ្លូវច្បាប់ គឺប្រកែកអត់បានទេ ហើយបើរដ្ឋាភិបាលហ្នឹងមិនសប្បាយចិត្ត យើងអាចតតាំងគ្នាតាមផ្លូវច្បាប់បាន និយាយគ្នាទៅ ព្រោះខ្មែរដូចគ្នាទេ មិនពិបាកនិយាយគ្នាទេ ប៉ុន្តែកុំប្រើនយោបាយទុច្ចរិត ហៅគេទៅតតាំង ហៅគេទៅនិយាយគ្នា ទៅដល់វ៉ៃខ្នោះគេ អាហ្នឹងវាមិនសមហេតុសមផលទេ ដូចករណីពួកអ្នកកាន់អំណាចវ៉ៃខ្នោះពួកសកម្មជនព្រំដែន គ្រាន់តែចុះទៅមើលព្រំដែន និយាយរឿងព្រំដែនអី វ៉ៃខ្នោះ អាហ្នឹងវាមិនសមហេតុសមផលទេ ហើយកុំចោទថាគេជ្រុលនិយម ពីព្រោះគេបារម្ភពីហានិភ័យរបស់ស្រុកគេដែរ កម្ពុជា ជាស្រុករបស់គេដែរ ជាស្រុករបស់យើងទាំងអស់គ្នា ។ អ៊ីចឹងគេភ័យបារម្ភហើយ អនាគតវែងឆ្ងាយនោះ ហើយកាលណាមេដឹកនាំធ្វើវាមិនត្រឹមត្រូវ វាមិនបម្រើផលប្រយោជន៍របស់ជាតិ របស់ប្រជាពលរដ្ឋមែនទែន អាហ្នឹងគេចេះភ័យបារម្ភហើយ ។ បើយើងមានការភ្ញាក់រលឹក យើងឆាប់កែសម្រួលឲ្យវាល្អទៅ អាហ្នឹងគេឈប់ដេញដោលហើយ ហើយធ្វើល្អទៅ គ្មានទស្សនៈជ្រុលនិយមណាច្រើនទៀតទេ “ ។

គួររំលឹកថា នៅក្នុងសុន្ទរកថា ក្នុងពិធីមីទ្ទីញរំព្ញកខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា  កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេចហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា រយៈពេល ៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជា នៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ ។ ក្នុងន័យនេះ សម្រាប់ឆ្នាំ២០២៤នេះ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗចំនួន៨ចំណុច ។ ក្នុងនោះ ការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងរួមគ្នាកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអំពីកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយ ដែលគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាជាមួយគណបក្សចំនួន ២៧ ផ្សេងទៀត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក៏ដូចជាការជំរុញអនុវត្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ប្រកបដោយប្រសិទ្ធភាព ។

លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលជាគណបក្សមួយ ក្នុងចំណោមគណបក្ស២៧ នៃសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច បានគាំទ្រចំពោះការលើកឡើងរបស់សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច ក្នុងការកម្ចាត់ចោលនូវកម្លាំងជ្រុលនិយម ឲ្យចេញពីប្រទេសកម្ពុជា ដើម្បីរក្សាសន្តិភាព និងឲ្យយុវជនជំនាន់ក្រោយ បានស្គាល់ពីតម្លៃពិត នៃសន្តិភាពនៅក្នុងប្រទេសកម្ពុជា ។

លោកគុជ លី បានមានប្រសាសន៍ថា “ បាទ! ខ្ញុំបញ្ជាក់បន្ថែម ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករាឆ្នាំ១៩៧៩ ហើយនិង០៧មករា២០២៤ ដែលសម្ដេចតេជោហ៊ុន សែន នៅក្នុងខ្លឹមសារនៃការធ្វើពិធីនេះ គឺថា យើងរួមគ្នាដើម្បីទប់ស្កាត់នូវកម្លាំងចលនាជ្រុលនិយម ជាពិសេសគឺកម្លាំងខ្មែរក្រហម វាអាចកើតមានឡើងតាមរយៈលទ្ធិប្រជាធិបតេយ្យ ក្រោមស្លាកគណបក្សនេះតែម្ដង ដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាល ។ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំដឹងគុណ៧មករា ក៏ប៉ុន្តែការដែលកងទ័ពវៀតណាមមករស់នៅកម្ពុជា រយៈពេល១០ឆ្នាំ គឺយើងមិនត្រូវជំពាក់គុណទេ គឺនេះជារឿងនយោបាយសុទ្ធសាធ ដែលធ្វើឲ្យកម្ពុជាយើងច្របូកច្របល់ ។ សម្រាប់ថ្ងៃអនាគត ៧មករា គឺជាថ្ងៃរំលឹកឲ្យប្រជាជនខ្មែរ ដែលមានអាយុ៤៥ឆ្នាំ បានដឹងពិតប្រាកដនៅក្នុងប្រទេសកម្ពុជា នរណាជាមិត្ត នរណាជាសត្រូវ ដើម្បីក្លាយទៅជាប្រវត្តិសាស្រ្តមួយ សម្រាប់យុវជនជំនាន់ក្រោយ អ្នកនយោបាយបន្តវេន ធ្វើម៉េចកុំឲ្យជាន់ដានតទៅទៀត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ។ យើងត្រូវតែអនុវត្តនូវផែនការសម្ដេចតេជោ ហ៊ុន សែន កម្ចាត់ចោលនូវកម្លាំងជ្រុលនិយម ឲ្យចេញពីប្រទេសកម្ពុជា រក្សាសន្តិភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយ ជាពិសេសគឺប្រជាពលរដ្ឋខ្មែរ ឲ្យបានស្គាល់ពីតម្លៃពិតនៃសន្តិភាពនៅក្នុងប្រទេសកម្ពុជា…” ៕

RELATED ARTICLES