Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្រមុំ៣នាក់ មកពីមើលខនសឺត ឡានបុករបួសធ្ងន់

 ក្រមុំ៣នាក់ មកពីមើលខនសឺត ឡានបុករបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ យុវតី ៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាត្រឡប់មកពីមើលការប្រគំតន្ត្រីវិញ ដល់ចំណុចផ្លូវ បំបែក ត្រូវរថយន្ត ១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ក្នុងនោះមានម្នាក់ រងរបួសធ្ងន់ជាងគេ (បាក់ក)។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោកទំលាប់ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។យុវតីរងគ្រោះទាំង៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា យុវតីដែលរងរបួសធ្ងន់ជាង គេ មានលំនៅក្នុងភូមិជើងគោក ឃុំសំបួរ ស្រុកមង្គលបុរី ។ ចំណែក២នាក់ទៀត មានលំនៅក្នុងភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបុរី។ រីឯអ្នកបើកបររថយន្ត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ មានយុវតី៣នាក់ អាយុប្រមាណជិត២០ឆ្នាំ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ត្រឡប់មកពីមើលការប្រគំតន្ត្រី (ខនសឺត) ដោយបើកក្នុងទិសដៅពីជើង ទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជា៤ បានបត់ឆ្វេង ត្រូវបានរថយន្ត ម៉ាក់វីហ្គោ ពាក់ស្លាកលេខ ភ្នំពេញ 2U-6588 ដែលបើកបរស្របទិសគ្នា បុកពេញទំហឹង បណ្តាលឱ្យម៉ូតូ ជាប់ខាងមុខរថយន្ត អូសជិត៥០ម៉ែត្រ។ ចំណែកយុវតីទាំង៣នាក់ ប៉ើងខ្ទាត រងរបួសយ៉ាងធ្ងន់ទាំង៣នាក់ ក្នុងនោះ មានម្នាក់រងរបួសធ្ងន់ជាងគេ ដោយបាក់ក និងត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យនិងសម្រួលចរាចរណ៍ហើយធ្វើការវាស់វែង  រួចអូសយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរី ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕

RELATED ARTICLES