Saturday, November 23, 2024
Homeនយោបាយមេបក្សកាន់អំណាច ចំអកអេង ឆៃអ៊ាង ប្រាប់គេ ឲ្យក្លាហាន ខ្លួនឯងរត់ចោលស្រុក

មេបក្សកាន់អំណាច ចំអកអេង ឆៃអ៊ាង ប្រាប់គេ ឲ្យក្លាហាន ខ្លួនឯងរត់ចោលស្រុក

ភ្នំពេញ ៖ មេបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានថ្លែងចំអកឲ្យលោកអេង ឆៃអ៊ាង អតីតអនុ ប្រធាននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលប្រាប់បក្សប្រឆាំងក្នុងស្រុក ឲ្យក្លាហាន កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែខ្លួនឯង អត់មានរឿងអីត្រូវជាប់ខ្នោះសោះ បែរជារត់ចោលស្រុក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករាឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មាន ព្រមាន គណបក្សនយោបាយមួយចំនួន ជាពិសេសគណបក្ស៣ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ឱ្យបញ្ឈប់ ជាបន្ទាន់ រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ជាពិសេសពាក់ព័ន្ធនឹងទណ្ឌិតសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សម រង្ស៉ី)។

បន្ទាប់ពីមានការព្រមានពីក្រសួងមហាផ្ទៃ ខាងលើនេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញ សេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បដិសេធថា ពួកខ្លួនមិនពាក់ព័ន្ធជាមួយបុគ្គល ទាំងឡាយ ណាដែលជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋឬមជ្ឈិមឡើយ  ដោយបញ្ជាក់ថា គណបក្សទាំងនោះ បានដំណើរ ការការងារនិងធ្វើសេចក្ដីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬ គណបក្សនយោបាយណាមួយឡើយ ។

ក្រោយពេលឃើញការបញ្ជាក់របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ខាងលើនេះ លោកអេង ឆៃអ៊ាង អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលជាសហការីជំនិតរបស់លោកសម រង្ស៉ី បានជូនយោបល់ដល់មេ ដឹកនាំនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជាថា បើភ័យខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពី នយោបាយបក្សប្រឆាំង ព្រោះប្រជាពលរដ្ឋ នឹងមិនបោះឆ្នោតឲ្យគណបក្សដែលមានមេដឹក នាំភ័យខ្លាចនោះ ទេ។

លោកអេង ឆៃអ៊ាង បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ ថា «សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា ប្រសិនបើភ័យខ្លាច ការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយបក្សប្រឆាំង ព្រោះប្រជាពលរដ្ឋ នឹងមិនបោះឆ្នោតឲ្យ គណបក្សដែលមានមេដឹកនាំភ័យខ្លាចនោះទេ» ។

ក្រោយឃើញសំណេររបស់លោកអេង ឆៃអ៊ាង ខាងលើនេះ សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំអកឲ្យលោកអេង ឆៃអ៊ាង ថាប្រាប់គេឲ្យក្លាហាន តែខ្លួនឯងរត់ចោលស្រុក។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ថា “តបលេងបន្តិចចុះ ដើម្បីកុំឱ្យមនុស្សភ្លេចខ្លួន និងជាន់កែងខ្លួនឯង។ ម្នាក់នេះខំស្រែកពីអាមេរិក ប្រាប់បក្ស ប្រឆាំងក្នុងស្រុកថា កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹង ម៉េចរត់ចោលស្រុក កាល ពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ? ខំរត់រកងាប់អី កាលពេលនោះ និងមកក្លាហាន អីនៅពេលនេះ?“ ។

ទោះបីជាយ៉ាងណា ឆ្លើយតបទៅសម្តេចហ៊ុន សែន វិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា «ជនក្លាហាន នៅក្នុងអំណាច បញ្ជាឲ្យបង្កើតច្បាប់ ហើយបញ្ជាតុលាការ ដូចចុចតេឡេ ឲ្យចោទ ចាប់ កាត់ទោសអ្នក នយោបាយជំទាស់ តាមទំនើងចិត្ត តែគ្មានសេចក្តីក្លាហានពិត បើកច្រកឲ្យក្រុមអ្នកនយោបាយដែលខ្លួន ចោទថាក្បត់ជាតិ ចូលក្នុងប្រទេស» ៕ ខៀវទុំ

RELATED ARTICLES